Thursday, August 10, 2017

កម្ពុជា​ នឹងជ្រើសរើស​ពលការិនី ​យ៉ាងតិច​១ពាន់នាក់​ ដើម្បី​ទៅបម្រើការងារ​នៅហុងកុង​

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧នេះ បានធ្វើសន្និសីទសារព័ត៌មានពាក់ព័ន្ធនឹងការជ្រើសរើសបណ្ដុះបណ្ដាល និងបញ្ជូនពលករទៅធ្វើការនៅហុងកុង។

រដ្ឋមន្រ្តីក្រសួងការងារ បានថ្លែងថា កម្ពុជានឹងជ្រើសរើសពលការិនី ឲ្យបានយ៉ាងតិច ១,០០០នាក់ ដើម្បីបញ្ជូនទៅបម្រើការជាជំនួយការមេផ្ទះនៅហុងកុងលើកដំបូងនៅចុងឆ្នាំ២០១៧។

ក្នុងសន្និសីទសារព័ត៌មានជាមួយរដ្ឋលេខាធិការនៃការិយាល័យទទួលបន្ទុកវិស័យការងារ និងសុខុមាលភាពហុងកុងនោះ លោករដ្ឋមន្រ្តីថ្លែងយ៉ាងដូច្នេះថា យើងគ្រោងថានឹងជ្រើសរើសឲ្យបាន១ពាន់នាក់ នៅក្នុងគម្រោងសាកល្បងដំបូង ដោយសារនៅហុងកុងប្រាក់ឈ្នួលអប្បបរមាល្អបង្គួរចាប់ពី៥៥០ដុល្លារឡើងទៅ ហើយលក្ខខណ្ឌការងារ និងការធានារ៉ាប់រងផ្សេងៗ ទាំងផ្នែកសុខភាព ការឈប់សម្រាក និងការការពារសិទ្ធិប្រយោជន៍ផ្សេងៗរបស់ពលករ នៅហុងកុងគឺល្អ។

រដ្ឋមន្រ្តីក្រសួងការងារ បន្តថា រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់អាជ្ញាប័ណ្ណឲ្យក្រុមហ៊ុនចំនួន៦ ប្រតិបត្តិការជ្រើសរើស បណ្ដុះបណ្ដាល បញ្ជូន និងគ្រប់គ្រងពលការិនីខ្មែរ ទៅបម្រើការងារជំនួយការមេផ្ទះនៅហុងកុង ក្នុងនោះរួមមាន៖ ក្រុមហ៊ុន ថប មេនផៅវ័រ, ក្រុមហ៊ុន អានីរីតា បេសមេនផៅវ័រ, ក្រុមហ៊ុន សុខលាភ មេត្រី, ក្រុមហ៊ុន អ៊ឹង វិទ្ធីគ្រុប, ក្រុមហ៊ុន អេលីត មេនផៅវ័រ អេនជេនស៊ី និងក្រុមហ៊ុន វីនវីន មេនផៅវ័រ។

លោកបានបន្តទៀតថា ដំណាក់កាលដំបូង ក្រុមហ៊ុនចាប់ផ្ដើមប្រកាសជ្រើសរើសពលការិនី ជ្រើសរើសបានហើយ មានការបណ្ដុះបណ្ដាល ចំណែកការបញ្ជូននោះ គឺនឹងបញ្ជូននៅចុងឆ្នាំ២០១៧ ខាងមុខ។ អាណត្តិការងារជំនួយការមេផ្ទះនៅហុងកុងនេះ មានរយៈពេល២ឆ្នាំ លុះដល់ពេលបញ្ចប់អាណត្តិ និងមានការព្រមព្រៀងពីនិយោជកផងនោះ ពលការិនីអាចបន្តអាណត្តិការងារទៀតបាន។

ពលការិនីកម្ពុជានឹងទទួលបានការណែនាំពាក់ព័ន្ធនឹងការរស់នៅ និងការពន្យល់ពីសិទ្ធិ និងកាតព្វកិច្ចរបស់ពលករនៅហុងកុង និងការគាំពារជាច្រើនផ្សេងទៀត ពីអគ្គកុងស៊ុលកម្ពុជាប្រចាំនៅហុងកុង និងការទំនុកបម្រុងគាំពារដល់ពួកគេផងដែរ ក្នុងពេលដែលធ្វើការនៅទីនោះ។

លោក Law Chi Kwong រដ្ឋលេខាធិការនៃការិយាល័យទទួលបន្ទុកវិស័យការងារ និងសុខុមាលភាពហុងកុង បានបញ្ជាក់ថា នៅតំបន់រដ្ឋបាលពិសេសហុងកុង ពលការិនីកម្ពុជានឹងទទួលបានសិទ្ធិ និងលក្ខខណ្ឌការងារដូចទៅនឹងពលករជនជាតិហុងកុងដែរ ដូចជា ការឈប់សម្រាកមួយថ្ងៃក្នុងមួយសប្ដាហ៍ ឈប់សម្រាកដោយទទួលបានប្រាក់ឈ្នួលចំនួន ៧ថ្ងៃទៅ១៤ថ្ងៃក្នុងមួយឆ្នាំ ការគាំពារពេលមានផ្ទៃពោះ (ការឈប់សម្រាកលំហែមាតុភាព) ចំនួន១០សប្ដាហ៍ ការធានាររ៉ាប់រងពេលមានជំងឺ និងបន្ថែមប្រាក់លើកទឹកចិត្តសម្រាប់ពលករដែលបម្រើការងារយូរឆ្នាំ៕



No comments:

Post a Comment