Thursday, August 10, 2017

មន្ត្រីជំនាញនិងភ្នាក់ងារទេសចរនៃអាជ្ញាធរជាតិអប្សរាបានបញ្ចប់វគ្គសិក្សាស្តីពីការគ្រប់គ្រងទេសចរណ៍នៅតំបន់បេតិកភណ្ឌពិភពលោក

មន្ត្រីជំនាញ រួមទាំងប្រធាននិងអនុប្រធានភ្នាក់ងារទេសចរប្រចាំនៅតាមប្រាសាទសរុបចំនួន៦៥រូប បានបញ្ចប់វគ្គសិក្សាស្តីពីការគ្រប់គ្រងទេសចរណ៍នៅតំបន់បេតិកភណ្ឌពិភពលោកដោយជោគជ័យ នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ ក្រោមវត្តមានលោក សុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា ទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរជាប្រធានបិទកម្មវិធី។
កម្មវិធីនេះរៀបចំឡើងដោយអាជ្ញាធរជាតិអប្សរា ក្រោមជំនួយឧបត្ថម្ភរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា ក្នុងក្របខណ្ឌ Fulbright Specialist Program ចាប់ផ្តើមកាលពីថ្ងៃទី១៧ កក្កដា ដល់ថ្ងៃទី៩ សីហា ឆ្នាំ២០១៧។ កម្មវិធីសិក្សានេះបង្រៀនជាភាសាអង់គ្លេស ដោយលោកស្រី Claudia G.Green ជនជាតិអាមេរិកកាំង មានជំនាញនិងបទពិសោធន៍បង្រៀនច្រើនប្រទេស ច្រើនឆ្នាំ ស្តីពីការគ្រប់គ្រងទេសចរណ៍នៅក្នុងតំបន់បេតិកភណ្ឌពិភពលោក។
ថ្លែងក្នុងពិធីបិទវគ្គ លោក សុខ សង្វារ ក៏បានថ្លែងអំណរគុណចំពោះលោកស្រី Claudia G.Green ដែលបានបំពេញបេសកម្មបង្រៀនដ៏ល្អដល់សិក្ខាកាមទាំងអស់។ លោកបញ្ជាក់ទៀតថា នេះជាលើកទី២ហើយនៃវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងទេសចរណ៍នៅក្នុងតំបន់បេតិកភណ្ឌពិភពលោកដល់មន្តី្រនៅការិយាល័យ រួមទាំងប្រធានក្រុមនិងអនុប្រធានប្រចាំតាមប្រាសាទនីមួយៗ។ វគ្គសិក្សាបែងចែកជាពីរក្រុម គឺមន្ត្រីជំនាញនឹងសិក្សាអំពីការងារគ្រប់គ្រងទេសចរណ៍ និតិវិធីរៀបចំគម្រោង ស្ថិតិនិងវិធីសាស្ត្រវិភាគទិន្នន័យ និងសិក្សាអំពីបទពិសោធន៍នៃការគ្រប់គ្រងទេសចរណ៍ពិភពលោក ដោយប្រៀបជាមួយនឹងការគ្រប់គ្រងទេសចរណ៍ក្នុងតំបន់អង្គរ។ ចំណែកភ្នាក់ងារទេសចរនឹងសិក្សាបង្កើនចំណេះដឹងផ្នែកភាសាអង់គ្លេស សិក្សាអំពីសេវាកម្ម ភូមិសាស្ត្រ និងការងារគ្រប់គ្រងលំហូរភ្ញៀវទេសចរ។ ចំពោះមធ្យោបាយបង្រៀន លោកស្រី Claudia G.Green មានច្រើនមធ្យោបាយ ដូចជាឱ្យអានអត្ថបទ ពិភាក្សាក្នុងថ្នាក់ កិច្ចការផ្ទះ និងមានវីដេអូបង្ហាញផងដែរ។
លោកក៏បានអំពាវនាវដល់សិក្ខាកាមទាំងអស់ សូមយកចំណេះដឹងដែលទទួលបានពីវគ្គសិក្សានេះទៅផ្សព្វផ្សាយបន្ត និងអនុវត្តឱ្យបានប្រសើរនៅក្នុងកិច្ចការប្រចាំថ្ងៃរបស់ខ្លួន ពិសេសខិតខំរកចំណុចល្អក្នុងន័យធ្វើយ៉ាងណាឱ្យភ្ញៀវទេសចរដែលមកទស្សនាអង្គរ ទទួលបានបទពិសោធន៍ដ៏ល្អបំផុត តែផ្តល់ផលប៉ះពាល់ដ៏តិចបំផុតដល់តំបន់រមណីយដ្ឋានអង្គរ។
លោក ភឿន សុភាន់ ប្រធានគ្រប់គ្រងភ្នាក់ងារទេសចរប្រចាំប្រាសាទភ្នំបាខែង បានសម្តែងនូវការចាប់អារម្មណ៍ថា វគ្គសិក្សានេះធ្វើឱ្យលោកដឹងពីសារៈសំខាន់នៃការធ្វើបដិសណ្ឋារកិច្ច ស្គាល់ពីអាកប្បកិរិយារបស់ភ្ញៀវមួយចំនួនដូចជាភ្ញៀវចិន… ដឹងការផ្តល់សេវាកម្មល្អដល់ភ្ញៀវ ថាត្រូវធ្វើបែបណាខ្លះ ពិសេសយល់ដឹងបន្ថែមផ្នែកភាសារអង់គ្លេស ស្គាល់ភូមិសាស្រ្ត (ប្រទេសដែលភ្ញៀវមក) និងវិធីសាស្ត្រដោះស្រាយបញ្ហាមួយចំនួនដើម្បីធ្វើឱ្យការបំពេញការងារប្រចាំថ្ងៃកាន់តែល្អ។

បន្ថែមពីនោះលោក ឡេង តុលា ប្រធានភ្នាក់ងារប្រចាំប្រាសាទអង្គរវត្តក៏បានលើកឡើងពីឱកាសដ៏ល្អដែលបាន សិក្សាជាមួយសាស្ត្រាចារ្យលំដាប់ពិភពលោកដែលមានចំណេះដឹងទូលំទូលាយពាក់ព័ន្ធនឹងវិស័យទេសចរណ៍ យល់ពីស្ថានភាពទេសចរណ៍ ពិភពលោក និងឥរិយាបទរបស់ភ្ញៀវ។ តាមការបង្រៀនរបស់គាត់ គឺបានផ្តល់ វិធីសា្រស្តល្អ ៗជាច្រើនក្នុង ការអភិវឌ្ឍការងារប្រចាំថ្ងៃ និងជួយបង្កើតប្រសិទ្ធិភាពក្នុងការចែក រំលែកចំណេះ ដឹងបន្តពីភ្នាក់ងារទៅភ្នាក់ងារ និងពីភ្នាក់ងារទៅភ្ញៀវទេសចរផងដែរ ៕








No comments:

Post a Comment