Thursday, August 10, 2017

លិខិតមិត្ត​អ្នក​អាន៖​ អ្នកច្បាប់បក្សប្រឆាំងកំពុងធ្វើប្រជាភិថុតិលើច្បាប់បោះឆ្នោត

កាល​ពីថ្ងៃ​ទី០៥ ខែសីហានេះ លោក សុន ឆៃ អ្នកច្បាប់ ស្ទើរៗ​របស់​បក្ស​ប្រឆាំង​បាន​ផ្តល់​បទ​សម្ភាសន៍​មួយ​ជាមួយនឹងវិទ្យុបារាំងអន្តរជាតិ​ថា លោកនឹងស្នើសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពី​ការ​បោះ​ឆ្នោត​ជ្រើស​រើស​​តំណាងរាស្ត្រ ដើម្បីបើកផ្លូវឱ្យពលករចំណាកស្រុកនៅក្រៅប្រទេស អាចចុះឈ្មោះបោះឆ្នោត និង​បោះ​ឆ្នោត​នៅ​ក្រៅប្រទេសបាន។ ការស្នើសេចក្តីស្នើវិសោធនកម្មច្បាប់ដែលធ្វើឡើងដោយ​បក្សប្រឆាំងក្នុងពេលនេះកំពុង បង្កើត​​​​ឱ្យមានការមន្ទិលសង្ស័យ និងជាឧបាយកលនយោបាយច្រើនជាង ដើម្បីផលប្រយោជន៍​ពល​រដ្ឋ​ម្ចាស់​ឆ្នោត។ សំណើនោះទៀតសោត ក៏ជាការរំលោភលើកិច្ចព្រមព្រៀងរវាងបក្សប្រជាជន និង​បក្ស​សង្គ្រោះ​ជាតិ​ខ្លួន​ឯង​យ៉ាង​ធ្ងន់ធ្ងរ កាលពីអំឡុងឆ្នាំ២០១៤ ព្រម​ទាំង​ជំនួយ​ស្មារតី​នៃ​សិក្ខា​សា​លា​រួម​គ្នា​លើ​ច្បាប់​បោះ​ឆ្នោត​ថ្មី និង​កិច្ច​ប្រជុំ​សភា​ក្នុង​ពេលនោះផងដែរ។ តើ​សេចក្តី​ស្នើ​វិសោ​ធន​កម្ម​ច្បាប់​បោះ​ឆ្នោត​របស់​បក្ស​ប្រឆាំង​ពេល​នេះ អាច​ជា​នយោ​​បាយ​ប្រជា​ភិថុតិដើម្បីផលចំណេញនយោបាយ និង​ចិញ្ជឹម​ចលនា​ពលករ​ចំណាក​ស្រុក​នៅ​ក្រៅ​ប្រទេស ដើម្បី​ប្រឆាំង​នឹងលទ្ធផលឆ្នោត២០១៨ ឬយ៉ាងណា? ហើយសំណើរបស់លោក សុន ឆៃ ស្រប​នឹង​សម​ស្របឬទេ?

វាជាការគួរឱ្យខ្មាស់អៀនណាស់ដែលទើបតែពេលនេះ លោក សុន ឆៃ ដែលកំពុងតាំងខ្លួនជាតួរឯក បាន​​ចាប់ផ្តើមលើកអំពីសិទ្ធិរបស់ពលករចំណាកស្រុក នៅក្រៅប្រទេសអាចចុះឈ្មោះបោះឆ្នោត  និង​បោះ​ឆ្នោត​នៅ​ក្រៅប្រទេសបាន ដែលជាលទ្ធភាពមួយមិនអាចធ្វើទៅបាន ហើយរំលោភលើប្រព័ន្ធបោះឆ្នោតនៅកម្ពុជា ពិសេស​​កិច្ចព្រមព្រៀងរវាងបក្សនយោបាយទាំងពីរ។ ប្រាកដណាស់ រដ្ឋធម្មនុញ្ញកម្ពុជា ឆ្នាំ១៩៩៣ បាន​ផ្តល់​យ៉ាង​​ច្បាស់​ថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិបោះឆ្នោត និងអាចឈឈ្មោះឱ្យគេបោះឆ្នោត។ ហើយ​សិទ្ធិ​ទាំង​នេះ​ត្រូវ​​បានធានា និងគោរពអនុវត្តដោយច្បាប់រដ្ឋធម្មនុញ្ញ។ សិទ្ធិនៃការបោះឆ្នោត គឺជា​ផ្នែក​មួយ​នៃ​គោល​ការណ៍​លទ្ធិ​ប្រជាធិបតេយ្យក្នុងការបោះឆ្នោតក្នុងសង្គមប្រជាធិបតេយ្យ។

លោក សុន ឆៃ ប្រហែលជាបានដឹងថា ពលរដ្ឋ​ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត​ត្រូវ​មាន​ឈ្មោះ​ចុះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​​ក្នុងការិយាល័យបោះឆ្នោតច្បាស់លាស់ត្រឹមត្រូវដោយហេតុថា ច្បាប់​បោះ​ឆ្នោត​កម្ពុជា​បាន​កំណត់​យក​ការ​បោះ​ឆ្នោតតាមប្រព័ន្ធសមាមាត្រ  ដោយយកខេត្ត រាជធានី ជាមណ្ឌលបោះឆ្នោត។

តើលោក សុន ឆៃ គិតថាវាអាចទៅរួចទេ ដើម្បីបង្កើតការិយាល័យបោះឆ្នោតនៅក្រៅ ប្រទេស​ដែល​ផ្ទុយ​ទៅ​នឹងប្រព័ន្ធបោះឆ្នោតមួយដែលត្រូវបានកំណត់ក្នុងច្បាប់បោះឆ្នោតកម្ពុជានោះ? ជាការពិតសំណើរបស់លោក សុន ឆៃ មានចេតនានយោបាយអាក្រក់ ហើយប្រកបដោយចារិក លក្ខណៈឆៅៗ មិន​បាន​គិត​ឱ្យ​បាន​ត្រឹម​ត្រូវ​គ្រប់​ជ្រុងជ្រោយដើម្បីបានជាប្រយោជន៍ដល់ប្រជាជនជាម្ចាស់ឆ្នោតសោះឡើយ។

មុនមានកិច្ចព្រមព្រៀងឆ្នាំ២០១៤ គេនៅចាំបានថា ក្រុមអ្នកច្បាប់បក្សសង្រ្គោះជាតិពេលនោះ បាន​ចរ​ចារ​យ៉ាងតក់ក្រហល់អំពីច្បាប់បោះឆ្នោត ដែល​គណ​បក្ស​ទាំង​ពីរ​សុទ្ធ​តែ​បាន​ឯក​ភាព​គ្នា​លើ​ចំណុច​នៃ​កិច្ច​ព្រម​ព្រៀង​សំខាន់ៗ ក្នុងនោះបក្សនយោបាយទាំងពីរបានផ្តោតសំខាន់លើការកែទម្រង់ការបោះឆ្នោត ការ​រៀបចំ​បញ្ជី​បោះ​ឆ្នោតជាថ្មី យន្តការបោះឆ្នោតមួយមានភាពឯករាជ្យដើម្បីធានាការបោះឆ្នោតមួយត្រឹមត្រូវ និងយុត្តិធម៌ ដែល​មានសមាសភាពចំនួន៩រូប ក្នុងនោះ៤រូប ជ្រើសរើសតាំងដោយគណបក្សប្រជាជន  និង​៤​រូប​ទៀត​ជ្រើស​តាំង​ដោយគណបក្សសង្រ្គោះជាតិខ្លួនឯង និង១រូប ត្រូវជ្រើសរើសដោយមានការព្រមព្រៀងគ្នារវាងគណបក្ស ដែល​មានអសនៈក្នុងរដ្ឋសភា គោលដៅមួយធានាថា ច្បាប់បោះឆ្នោតថ្មីនេះមានភាពច្បាស់លាស់ ក្រោយ​ពេល​ដែល​គណបក្សទាំងពីរបានឯកភាពគ្នាទាំងក្នុងពេលសិក្ខាសាលា ទាំងក្នុងពេលប្រជុំពិភាក្សានៅរដ្ឋសភា ហើយ​ត្រូវ​បានអនុម័តជាឯកច្ឆ័ន្ទដោយគណបក្សទាំងពីរនៅក្នុងសម័យប្រជុំពេញអង្គនៃរដ្ឋសភា និងនៅព្រឹទ្ធសភា ដែល​មានគណបក្ស សម រង្ស៊ីផងដែរក្នុងពេលនោះ។

ដូច្នេះក្នុងពេលនេះ លោក សុន ឆៃ ប្រហែលជាកំពុងភ្ញាក់ពីដំណេកខុសពេល ឬអាចថា កំពុង​កើត​ជំងឺ​តួរឯកដែលអ្នកច្បាប់ដទៃទៀតនៃបក្សប្រឆាំងគួរយកដៃជួយកេះឱ្យលោក សុន ឆៃ គិតឡើងវិញ ឱ្យ​បាន​ត្រឹម​ត្រូវ​ជៀស​វាងនាំឱ្យខូចការធំ ដោយក្តីអាម៉ាស់ក្នុងឋានៈ ជាអ្នកច្បាប់ចាស់ទុំ បែរ​ជា​ប្រព្រឹត្តិ​អំពើ​រំលោភ​លើ​កិច្ច​ព្រម​ព្រៀង​រវាងបក្សនយោបាយធំៗទាំងពីរក្នុងឆ្នាំ២០១៤ កន្លងមក។ ហើយ​ដែល​ទើប​ពេល​នេះ​សំណើ​ធ្វើ​វិសោធន​កម្ម​ច្បាប់បោះឆ្នោតជាថ្មីរបស់លោក សុន ឆ័យ អាចចេញបានឬទេ?

វាប្រាកដណាស់ថា នេះគ្រាន់តែជាការធ្វើប្រជាភិថុតិមួយក្នុងឧបាយកលទុច្ចរិតគ្រោងទុកជាមុន ដើម្បី​កេង​ចំណេញនយោបាយមុនការបោះឆ្នោត២០១៨ ក៏ដូច​ជា​ចេត​នា​ទុច្ចរិត​ក្នុង​ការចិញ្ចឹម​ចលនា​ប្រឆាំង​នឹង​លទ្ធ​ផល​បោះឆ្នោតឆ្នាំ២០១៨ខាងមុខជាប្រាកដ។

ប្រសិនបើ សំណើនេះត្រូវបានលោក សុន ឆៃ លើកជូនរដ្ឋសភាមែននោះ គឺ​ច្បាស់ណាស់ថា គណ​បក្ស​សង្គ្រោះជាតិ ពិតជាបង្ហាញនូវកង្វះខាតខាងការយល់ដឹងអំពីច្បាប់ ដើម្បីផ្តល់​ជំនឿ​ទុក​ចិត្ត​ដល់​ប្រជា​ជន​ជា​ម្ចាស់​ឆ្នោតជាប្រាកដ។ ហើយភាពល្ងង់ខ្លៅនេះពិតជាបានកើតឡើងម្តងហើយម្តងទៀត ដែល​បក្ស​មួយ​នេះ​មាន​កំហុស​ឆ្គង​ជា​ច្រើន​ក្នុង​ពេល​ខ្លួន​ធ្វើសមាជជ្រើសតាំងប្រធាន និង​អនុប្រធាន​បក្ស​២​រូប​ដែល​ផ្ទុយ​ទៅ​នឹង​លក្ខន្តិកៈ​បក្សរបស់ខ្លួន។

ដើម្បីផ្តល់ជំនឿទុកចិត្តឡើងវិញដល់មហាជន និងអ្នកបោះឆ្នោត ជាពិសេសពលករចំណាកស្រុក គណ​បក្សសង្គ្រោះជាតិ គួរពិនិត្យមើលទង្វើរបស់លោក សុន ឆ័យ ក្នុង​ន័យ​ស្តារ​មុខ​មាត់​របស់​បក្ស​នេះ​ឡើង​វិញ​បាន​ខ្លះនោះ​៕

ដោយ ឡុង សុគុណ

No comments:

Post a Comment