Thursday, August 10, 2017

សិស្សជាប់និទ្ទេស A នៅខេត្តកែប នឹងទទួលបានម៉ូតូ១គ្រឿង រួមទាំងថវិកា៥០០ដុល្លារ

នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧ លោក កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប អមដំណើរដោយអភិបាលរងខេត្តកែប អភិបាលស្រុកដំណាក់ចង្អើរ ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្តកែប និងកងកម្លាំងប្រដាប់អាវុធ បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្ស ដែលត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិចំនួន១៥០នាក់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ខាងមុខនេះ ។

នាឱកាសនោះដែរ អភិបាលខេត្ត បានពាំនាំប្រសាសន៍របស់លោក ចម ប្រសិទ្ធិ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដោយលោកបានសន្យាថា នឹងឧបត្ថម្ភម៉ូតូ០១គ្រឿង និងថវិកា៥០០ដុល្លារ សម្រាប់សិស្សដែលប្រឡងបាក់ឌុបជាប់ទទួលបាននិទ្ទេស A លើសពីនេះទៀត អភិបាលខេត្តក៏បានសន្យាជួយឧបត្ថម្ភថវិកាពីលើនេះចំនួន៤លានថែមទៀត ។

ថ្លែងក្នុងឱកាសនេះដែរ លោកអភិបាលខេត្ត ក៏បានជំរុញក្រើនរំលឹកដល់ក្មួយៗសិស្សានុសិស្ស ត្រូវយកចិត្តទុកដាក់សិក្សារៀនសូត្រ បំប៉នបន្ថែម យកចំណេះដឹង ព្រោះការប្រឡងមធ្យមសិក្សាទុតិយភូមិ ឈានជិតចូលមកដល់នាពេលខាងមុខនេះហើយ។ លោកបាន ផ្ដែផ្ដាំដល់ក្មួយៗ សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងត្រូវឆ្លើយថាទេ ចំពោះគ្រឿងញៀន ជាពិសេសត្រូវធ្វើជាសិស្សល្អ កូនល្អរបស់ឪពុកម្ដាយ។ ជាចុងក្រោយ អភិបាលខេត្ត ក៏បានផ្ដល់ថវិកាសម្រាប់ក្មួយៗសិស្សានុសិស្សចំនួន១៥០នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា ២០,០០០រៀល និងលោកគ្រូ អ្នកគ្រូចំនួន១៩នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ៣០,០០០រៀល និងលោកគ្រូអ្នកគ្រូ ដែលបង្រៀនបំប៉នទទួលបានថវិកា ១៥០ដុល្លាផងដែរ ៕







No comments:

Post a Comment