Thursday, August 10, 2017

លោក ហ៊ុយ វណ្ណៈ៖ អគារអចិន្រ្តៃយ៍សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាជាក្តីសង្ឃឹមនៃអ្នកសារព័ត៌មាន

(ភ្នំពេញ)៖ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) លោក ហ៊ុយ វណ្ណៈ បានប្តេជ្ញាចិត្តថា នឹងខិតខំប្រឹងប្រែងស្ថាបនាអគារធំមួយដើម្បីធ្វើជាការិយាល័យអចិន្ត្រៃយ៍សម្រាប់អ្នកសារព័ត៌មានឱ្យលេចចេញជារូបរាងក្នុងពេលឆាប់ៗខាងមុខនេះ។ លោក បានថ្លែងដូចនេះ ក្នុងពិធីខួបគម្រប់មួយឆ្នាំនៃសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា និងលោក ក៏បានថ្លែងអំណរគុណដល់អ្នកសារព័ត៌មានទាំងអស់ដែលបានចូលរួមគាំទ្រដល់សកម្មភាពនា​នារបស់សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជារយៈពេលមួយឆ្នាំនេះ។

លោក ហ៊ុយ វណ្ណៈ បានបញ្ជាក់ថា បើគ្មានអគារអចិន្ត្រៃយ៍របស់សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាទេ នោះក៏ពុំគប្បីនិយាយពីនិរន្តរភាពហើយស្ថិតក្នុងកាលៈទេសៈណាក៏ដោយ លោកនឹងព្យាយាមឱ្យអគារដែលមានកំពូលបីដូចប្រាសាទអង្គរវត្តនេះ លេចចេញជារូបរាងឡើងក្នុងពេលឆាប់ៗខាងមុខនេះ។ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជានឹងដើរតួនាទីស្នូលក្នុងការសម្របសម្រួល និងប្រមែប្រមូលមតិយោបល់ពីអ្នកសារព័ត៌មានកម្ពុជា ដើម្បីស្នើសុំទៅក្រសួងព័ត៌មាន ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជាឱ្យស្វែងរកលទ្ធភាពធ្វើ វិសោធនកម្មច្បាប់ស្តីពីរបបសារព័ត៌​មានដែលត្រូវបានរដ្ឋសភាបង្កើតតាំងពីឆ្នាំ១៩៩៥ ដោយធ្វើយ៉ាងណាឱ្យស្របទៅតាមសភាពការណ៍ជាក់ស្តែងរបស់កម្ពុជានាពេលបច្ចុប្បន្ន។

លោក ហ៊ុយ វណ្ណៈ ក៏បានបញ្ជាក់ថា ការស្នើឱ្យមានវិសោធនកម្មច្បាប់ស្តីពីរបបសារព័ត៌មាននេះ ដោយហេតុថាច្បាប់នេះ នាពេលកន្លងមកបានត្រឹមតែសម្របសម្រួលប៉ុណ្ណោះ ហើយមិនអាចជួយតម្រង់ទិស ការពារ និងលើកតម្កើងកិត្យានុភាពជាតិ និងតួនាទីអ្នកសារព័ត៌មានឱ្យបានគ្រប់គ្រាន់នៅឡើយទេ៕

(ប្រភព៖ Swift News)




No comments:

Post a Comment