Thursday, August 10, 2017

អភិបាលខេត្តកំពង់ឆ្នាំង ជំរុញមន្ត្រីពាក់ព័ន្ធ ពង្រឹងយន្តការប្រយុទ្ធប្រឆាំងគ្រឿងញៀនអោយបានម៉ឺងម៉ាត់

កំពង់ឆ្នាំង៖ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ និងលើកទិសដៅសំរាប់យុទ្ធនាការលើកទី២ ឆ្នាំ២០១៧ នៅក្នុងសាលាខេត្តកំពង់ឆ្នាំងថា ត្រូវពង្រឹងយន្តការប្រយុទ្ធប្រឆាំងគ្រឿងញៀនអោយបានម៉ឺងម៉ាត់។ លោកបន្តថា អាជ្ញាធរក្រុង ស្រុក ឃុំសង្កាត់ និងភូមិ ត្រូវមានការទទួលខុសត្រូវទាំងអស់គ្នា ចំណែកមន្ទីរអង្គភាព សាលារៀន វត្តអារាម គឺប្រធានអង្គភាព នាយកសាលា ចៅអធិការវត្ត និងកន្លែងប្រកបអាជីវកម្មផ្សេងៗ ជាអ្នកទទួលខុសត្រូវ បើមានគ្រឿងញៀនកើតឡើងច្រើន មិនសហការបង្ក្រាប នោះប្រធានអង្គភាពត្រូវប្រឈមនឹងការដកចេញពីមុខតំណែង។

លោក ឈួរ ចន័្ទឌឿន បានមានប្រសាសន៍បន្តទៀតថា ក្រោយពីអាជ្ញាធរ និងសមត្ថកិច្ចយើង ខិតខំពង្រឹងកិច្ចការ ប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន គឺយើងពិនិត្យឃើញថា បទល្មើសមួយចំនួនបានថយចុះគួរអោយកត់សំគាល់ ក្នុងនោះរួមមានបទល្មើសព្រហ្មទណ្ឌ អំពើហិង្សាក្នុងគ្រួសារ ចោរកម្មលួចឆក់ ក្មេងទំនើង និងគ្រោះថ្នាក់ចរាចរណ៍ បានថយចុះជាបន្តបន្ទាប់ ទាំងនេះបញ្ជាក់ថា បទល្មើសភាគច្រើន កើតចេញមកពីគ្រឿងញៀន។

លោកអភិបាលបន្តថា ដោយឡែកទិសដៅសំរាប់យុទ្ធនាការលើកទី២ ឆ្នាំ២០១៧ ដែលបានដាក់ចេញនៅក្នុងផែនការ អាជ្ញាធរ សមត្ថកិច្ច និងស្ថាប័នពាក់ពន្ធ័គ្រប់ជាន់ថ្នាក់ ត្រូវតែអនុវត្តន៍អោយបានល្អ និងមានប្រសិទ្ធភាព។ ចំពោះវិធានការណ៍អប់រំ ត្រូវលើកយកខ្លឹមសារអប់រំ អោយបានស៊ីជម្រៅងាយយល់ងាយស្តាប់ មិនត្រូវប្រើពេលវេលាយូរ ត្រូវផ្សព្វផ្សាយឱ្យ ដឹងពីទោសទណ្ឌនៃបទល្មើសគ្រឿងញៀន ថាត្រូវជាប់ពន្ធនាគារប៉ុន្មានឆ្នាំ ត្រូវប៉ះពាល់ដល់អនាគតយ៉ាងដូម្តេចខ្លះ?

លោកបានរំលឹកឱ្យដឹងថា នៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី១រយៈពេល៦ខែនេះ ក្រុមការងារថ្នាក់ជាតិ បានធ្វើការប្រកាសលើកទឹកចិត្ត ដល់អ្នកបង្ក្រាបបទល្មើសគ្រឿងញៀនមានស្នាដៃល្អ និងទទួលបានរង្វាន់ ក្នុងនោះអ្នកចាប់គ្រឿងញៀនបាន១គីឡូក្រាម និងទទួលបានរង្វាន់មួយម៉ឺនដុល្លារ។

លោក ជុន ថារិទ្ធ ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង និងជាអនុប្រធានលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្ត បានបញ្ជាក់ពីលទ្ធផលយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ ឆមាសទី១ ឆ្នាំ២០១៧ថា ក្នុងឆមាសទី១នេះ លទ្ធផលបង្ក្រាបគ្រឿងញៀនបាន៧៤ករណី ឃាត់ខ្លួន២០១នាក់ ស្រី២១នាក់ ចាប់យកគ្រឿងញៀនបានទម្ងន់ ៨៤,៦១ក្រាម និងរឹបអូសមធ្យោបាយ និងសំភារៈមួយចំនួនទៀត៕





No comments:

Post a Comment