Monday, April 10, 2017

គណៈប្រតិភូអាជ្ញាធរជាតិអប្សរាចូលជួបសម្តែងការគួរសមថ្នាក់ដឹកនាំ KOICA និងទស្សនកិច្ចនៅតាមវិទ្យាស្ថានស្រាវជ្រាវជាតិកូរ៉េមួយចំនួនទាក់ទងនឹងការអភិរក្សជួសជុលមរតកវប្បធម៌មនុស្សជាតិ

ក្នុងដំណើរចូលរួមកិច្ចប្រជុំនិងទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ ចាប់ពីទី១ដល់១៥ ខែមេសា ឆ្នាំ២០១៧ គណៈប្រតិភូនៃអាជ្ញាធរជាតិអប្សរាចំនួន១៤នាក់ ដឹកនាំដោយលោកបណ្ឌិត លី វណ្ណា បានចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំនៃអង្គការ KOICA នៅអាគារស្នាក់ការធំរបស់អង្គការផ្ទាល់ ព្រមទាំងទៅទស្សនកិច្ចនៅតាមបណ្តាវិទ្យាស្ថានស្រាវជ្រាវជាតិកូរ៉េមួយចំនួនដែលទាក់ទងនឹងការអភិរក្សជួសជុលមរតកវប្បធម៌មនុស្សជាតិ។
ក្នុងពិធីជំនួបសម្តែងការគួរសមនេះ លោកស្រី Kang Youn Hwa អគ្គនាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់ KOICA បានបង្ហាញអំពីការងារសំខាន់ៗរបស់ខ្លួននិងទិសដៅទៅអនាគតនៃកិច្ចសហប្រតិបត្តិការ និងជំនួយក្នុងវិស័យសុខាភិបាល អប់រំ ការអភិវឌ្ឍសង្គម ព្រមទាំងកិច្ចការអភិរក្សជួសជុលមរតកវប្បធម៌មនុស្សជាតិផងដែរ។ ប្រទេសកម្ពុជាក៏ជាប្រទេសគោលដៅមួយដែលអង្គការ KOICA បានគិតគូរដល់ការអភិរក្សប្រាសាទបុរាណនៅក្នុងតំបន់អង្គរដែរ តាមរយៈមូលនិធិមរតកវប្បធម៌កូរ៉េ (KCHF) សហការជាមួយស្ថាប័នអាជ្ញាធរជាតិអប្សរាទាំងផ្នែកថវិកានិងអ្នកជំនាញដើម្បីធ្វើការជួសជុលអភិរក្សប្រាសាទព្រះពិធូរឱ្យបានសម្រេចតាមគម្រោង។
បន្ទាប់ពីជំនួបសម្តែងការគួរសមហើយ គណៈប្រតិភូអាជ្ញាធរជាតិអប្សរាទាំង១៤នាក់ក៏បានអញ្ជើញចូលទស្សនាការតាំងបង្ហាញពីសមិទ្ធផលនិងលទ្ធផលការងារស្តីពីជួសជុលអភិរក្សមរតកវប្បធម៌ជាតិកូរ៉េនៅសាលពិព័រណ៌របស់ KCHF មើលការរៀបចំ ការរក្សាទុក ការតាំងបង្ហាញវត្ថុបុរាណ ពិសេសការយកចិត្តទុកដាក់លើអ្នកបន្តវេនថែរក្សាមរតកវប្បធម៌។
ក្រៅពីនោះទៀត គណៈប្រតិភូជំនាញមកពីនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ គ្រប់គ្រងទឹក អភិរក្សព្រៃឈើ គ្រប់គ្រងនិងអភិវឌ្ឍន៍ទេសចរណ៍អង្គរ មជ្ឈមណ្ឌលតម្កល់ឯកសារអង្គរ គ្រប់គ្រងបុគ្គលិកនិងសម្ភារៈ ព្រមទាំងផ្សព្វផ្សាយ ក៏បានបន្តដំណើរទស្សនកិច្ចនៅវិទ្យាស្ថានស្រាវជ្រាវផ្សេងៗដូចជា វិទ្យាសា្ថនតម្កល់ឯកសារនិងវិទ្យាស្ថានស្ថាបត្យកម្ម ដើម្បីស្វែងយល់ពីការរៀបចំតាំងបង្ហាញលទ្ធផលការងារ ការដាក់រក្សាឯកសារចាស់ៗនិងវត្ថុបុរាណផ្សេងៗឱ្យបានត្រឹមត្រូវ មានសុវត្ថិភាព និងរក្សាគុណភាពបានល្អដោយបច្ចេកទេសបុរាណនិងវិទ្យាសាស្ត្រទំនើប។

តាមរយៈពិធីសំណេះសំណាលនិងទស្សនកិច្ចសិក្សានៅតាមវិទ្យាសា្ថនសំខាន់ៗនេះ ក្រៅពីបង្កើននូវចំណងមិត្តភាព ទំនាក់ទំនងល្អក្នុងការសហការគ្នាហើយ ក៏ជាឱកាសមួយដែលអ្នកជំនាញអាជ្ញាធរជាតិអប្សរាបានយល់ដឹងបន្ថែមពីការលើកតម្លៃមរតកវប្បធម៌កូរ៉េ។ ចំណុចវិជ្ជមានទាំងនេះគឺជាបទពិសោធន៍ល្អសម្រាប់ស្ថាប័នអាជ្ញាធរជាតិអប្សរាយកមកអនុវត្តឱ្យបានកាន់តែប្រសើរលើជំនាញរបស់ខ្លួនក្នុងការអភិរក្ស លើកតម្លៃមរតកវប្បធម៌ជាតិ និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរប្រកបដោយចីរភាព៕






No comments:

Post a Comment