Monday, April 10, 2017

ហេតុអ្វីគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងវិថីពិបាកនឹងកំណត់ទីតាំង?

គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងវិថី (Belt and Road Initiative-BRI) ដែលត្រូវបានគេស្គាល់ថាជាខ្សែក្រវាត់មួយ វិថីមួយ (One Belt, One Road) ដែរនោះ គឺជាក្របខណ្ឌការងារមួយស្នើឡើង ដោយប្រធានាធិបតីចិន Xi Jinping សំរាប់ការអភិវឌ្ឍនៅទូទាំងទ្វីបអឺរ៉ុប-អាស៊ី និងតំបន់ដទៃ ទៀត។ ដោយផ្តោតលើការលើកកម្ពស់ការតភ្ជាប់គ្នាតាមរយៈការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធ គំនិតផ្តួចផ្តើមនេះនឹកស្រមៃដល់ “ខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវសូត្រ” (Silk Road Economic Belt) ដែលលាតសន្ធឹងដល់ទ្វីបអាស៊ី-អឺរ៉ុប រួមជាមួយ “ផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១” (21st Century Maritime Silk Road) ដែលធ្វើដំណើរពីប្រទេសចិនទៅកាន់អឺរ៉ុប និងតំបន់ប៉ាស៊ីភិចខាងត្បូង។
នេះគឺជានិយមន័យតាមវចនានុក្រមនៃគំនិតផ្តួចផ្តើមនេះ ប៉ុន្តែមិនបាននិយាយច្រើនអំពីអត្ថន័យនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងវិថី (BRI) នេះឡើយ ហើយក៍មិនមានអ្វីពាក់ព័ន្ធឲ្យពិតប្រាកដដែរ។
តើគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងវិថី (BRI) គឺជាអ្វីឲ្យពិតប្រាកដ?
ក្នុងឆ្នាំ ២០១៧ គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងវិថីរបស់ចិនគឺពិបាកនឹងកំណត់និយមន័យ ដូចក្នុងពេលដែលត្រូវបានបង្ហាញជាលើកដំបូងនៅក្នុងឆ្នាំ ២០១៣។ ទោះបីជាមានការសរសេរឡើងច្រើនអំពីគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងវិថីនេះនៅក្នុងរយៈពេល ៤ ឆ្នាំ កន្លងទៅក៍ដោយ តែឯកសារព័ត៌មានពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើមនេះនិយាយច្រើនអំពីចំណុចរួមទូទៅ និង ផ្តល់នូវរូបភាពមិនច្បាស់លាស់ដូចគ្នា។ ហេតុផលនៃការនិយាយមិនស៊ីសង្វាក់គ្នានេះរវាងការ ផ្សព្វផ្សាយ និងខ្លឹមសារពិតប្រាកដគឺមួយផ្នែកដោយសារបញ្ហាទំហំនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងវិថីនេះ និងមួយផ្នែកទៀតដោយសារបញ្ហាពេលវេលា។
តើ “ភាពមហិមា” នេះមានទំហំធំប៉ុណ្ណា?
ជាបឋម សំណើទំហំនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងវិថីនេះ ដូចបង្ហាញនៅក្នុងផែនការ សកម្មភាពខែមីនា ឆ្នាំ ២០១៥ របស់ក្រុងប៉េកាំងគឺមានទំហំដ៍មហិមា។ ផ្លូវគោក និង ផ្លូវសមុទ្រជាច្រើននៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងវិថីនេះឆ្លងកាត់ប្រទេសជាច្រើនដែលគ្របដណ្តប់ ផលិតផលជាតិសរុបនៅលើពិភពលោកចំនួន ៥៥% ចំនួនប្រជាជននៅលើផែនដីចំនួន ៧០% និងគ្របដណ្តប់ឋាមពលបំរុងចំនួន ៧៥%នៅលើពិភពលោក។
យុទ្ធសាស្រ្តចំរុះខាងភូមិសាស្រ្តរបស់លោក Xi Jinping គឺអមដោយកំលាំងហិរញ្ញវត្ថុដ៍​ខ្លាំងក្លា។ ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (Asian Infrastructure Investment Bank) ដែលដឹកនាំដោយចិន និងមូលនិធិវិថីសូត្រ ដែលមានទឹកប្រាក់ជាក់លាក់ចំនួន ៤០ ពាន់លាន ដុល្លារសហរដ្ឋអាមេរិក គឺជាស្ថាប័នហិរញ្ញវត្ថុដែលពាក់ព័ន្ធខ្លាំងជាគេ ប៉ុន្តែ គោលនយោបាយ និងធនាគារពាណិជ្ជរដ្ឋដ៍ច្រើនរបស់ចិនក៍កំពុងតែចូលរួមចំណែកយ៉ាងច្រើនលើការបំពេញ    គម្លាតហេដ្ឋារចនាសម្ព័ន្ធរបស់អាស៊ីដែលមានទឹកប្រាក់ចំនួន ៨ ទ្រីលានដុល្លារ។
ការលាតសន្ធឹងភូមិសាស្រ្តនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងវិថីនេះ រួមទាំងការចូលរួមដ៍ធំ ធេងនៃស្ថាប័នហិរញ្ញវត្ថុចិន មានន័យថាពេលខ្លះគេពិបាកនឹងរកឃើញថាការអភិវឌ្ឍទាំង ឡាយមិនពាក់ព័ន្ធជាមួយគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងវិថីនេះណាស់។
“ខ្សែក្រវាត់មួយ វិថីមួយ” តាមពិតទៅគឺជាគម្រោងខ្សែក្រវាត់ ផ្លូវ ច្រករបៀង និងហេដ្ឋា រចនាសម្ព័ន្ធជាច្រើនមានតាំងពីបំពង់បង្ហូរប្រេងរហូតដល់មជ្ឈមណ្ឌលកំសាន្ត។
តើផែនការនេះជាអ្វី?
រហូតមកទល់ពេលនេះ “ផែនការសកម្មភាព” ឆ្នាំ ២០១៥ របស់ក្រុងប៉េកាំង គឺជាឯកសារផ្លូវការគ្រប់ជ្រុងជ្រោយ និងពិស្តារបំផុតស្តីពីគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងវិថីនេះ។ ប៉ុន្តែ ដោយគ្មានសេចក្តីថ្លែងការណ៍ផ្លូវការដ៍មានអត្ថន័យស្តីពីគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងវិថីនេះ ឯកសារពិស្តារនេះមិនមានន័យអ្វីច្រើនឡើយ។
ផែនការនេះពិតជាមិនមានអ្វីជាក់លាក់ឡើយ ផ្ទុយទៅវិញគឺសង្កត់ធ្ងន់លើទ្រឹស្តីគោល នយោបាយការបរទេសរបស់ចិនលើសហប្រតិបត្តិការឈ្នះ-ឈ្នះ និងផ្តោតលើ “ភាពសុខដម សន្តិភាព និងវិបុលភាព” ។
បច្ចុប្បន្ន គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងវិថីនេះពាក់ពន័្ធនឹងការនិយាយ និងទស្សនៈវិស័យ ច្រើនជាងសកម្មភាព។ អនុស្សារណៈយោគយល់គ្នាជាច្រើនត្រូវបានចុះហត្ថលេខារវាងចិន និងប្រទេសដែលចូលរួម ប៉ុន្តែកិច្ចព្រមព្រៀងដែលត្រូវអនុវត្តមិនត្រូវបានធ្វើឡើងឡើយ។
តើពេលណាយើងនឹងដឹងច្រើនបន្ថែមទៀត?
ការស្វែងរកព័ត៌មានស្តីពីការអភិវឌ្ឍទាក់ទងនឹងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងវិថីនេះនឹង ឃើញមានគម្រោងរាប់រយនៅក្នុងដំណាក់កាលរីកចម្រើនខុសៗគ្នានៅទូទាំងទ្វីបអឺរ៉ុប អាស៊ី និងអាហ្រ្វិក។ ប៉ុន្តែ ការលើកឡើងអំពីគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងវិថីនេះមិនបានជួយច្រើនក្នុងការកំណត់ឲ្យដឹងអំពីគំនិតផ្តួចផ្តើមនេះទាំងមូល ឬ ពន្យល់អំពីទស្សនៈជាយុទ្ធសាស្រ្តរបស់ចិនឡើយ។
អ្នកតាមមើលប្រទេសចិន ដែលចង់តាមដានអំពីការវិវត្តន៍នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងវិថីនេះមិនចាំបាច់រងចាំរហូតដល់ឆ្នាំ ២០៤៩ ឡើយដើម្បីដឹងបន្ថែមអំពីគំនិតផ្តួចផ្តើមខ្សែ ក្រវាត់ និងវិថីនេះ។ ព្រឹត្តិការណ៍ដ៍ធំបន្ទាប់ដែលយើងត្រូវទន្ទឹងរងចាំនោះគឺវេទិកាអន្តរជាតិ រយៈពេលពីរថ្ងៃ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ១៤ ខែ ឩសភា ឆ្នាំ ២០១៧នៅក្រុងប៉េកាំង។ មេដឹកនាំពិភពលោកត្រូវបានអញ្ជើញឲ្យចូលរួម ហើយគេនៅចាំមើលថាតើមេដឹកនាំណានឹងចូលរួម ហើយមេដឹកនាំទាំងនោះនឹងនិយាយអំពីអ្វីខ្លះ៕


No comments:

Post a Comment