Monday, April 10, 2017

ហេតុអ្វី​ រុស្ស៊ី​ និងតួកគី​ ធ្វើលំហាត់​កងទ័ពជើងទឹក​រួមគ្នានៅ​សមុទ្រខ្មៅ​

ដូចនៅក្នុងសម័យសង្រ្គាមត្រជាក់ តំបន់ភាគខាងត្បូងរបស់អង្គការណាតូនៅតែជាបញ្ហា ចំពោះសម្ព័ន្ធភាពនេះ។រុស្ស៊ី  និងតួកគីបានធ្វើលំហាត់កងទ័ពជើងទឹករួមគ្នាមួយចំនួននៅសមុទ្រខ្មៅ។
កងនាវាសមុទ្រខ្មៅរបស់វិមានក្រឹមឡាំងបានដាក់ពង្រាយនាវាចំនួនបីគ្រឿង ហើយតួកគីបានបញ្ជូននា វាពីរគ្រឿងទៅចូលរួមក្នុងលំហាត់នេះ ដែលមានឈ្មោះថា PASSEX។
ភាគីរុស្ស៊ីបានពង្រាយនាវាចម្បាំងថ្មីឈ្មោះ Admiral Grigorovich បំពាក់ដោយមីស៊ីល ចម្ងាយវែងវាយប្រហារលើដីប្រភេទ Kalibr នាវាបោសសំអាតមីនប្រភេទ Vice Admiral Zakharin និងនាវាល្បាតប្រភេទ Raptor សំរាប់លំហាត់នេះ នេះយោងតាមក្រសួងការពារជាតិរុស្ស៊ី។ ជាមួយគ្នានេះ ការចូលរួមរបស់ទីក្រុងអង់ការ៉ានៅក្នុងល្បែងសង្រ្គាមនេះគឺមាននាវា ចម្បាំងប្រភេទ Barbaros និងប្រភេទ Buyukada។
សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា “ នៅក្នុងលំហាត់នេះ មានសកម្មភាពដូចជា ការបើកនាវាចេញពីមូលដ្ឋាន ដោយបើកនៅពីក្រោយនាវាបោសសំអាត​មីន ការសំដែងការប្រយុទ្ធរួមគ្នា ការរៀបចំគមនាគមន៍ ព្រមទាំងការរុញច្រានការវាយ ប្រហារគោលដៅតូចៗដែលមានល្បឿនលឿន ប្រតិបត្តិការអធិការកិច្ច និងការស្វែងរក និងជួយសង្គ្រោះនៅលើផ្ទៃសមុទ្រ។”
លំហាត់រួមគ្នារវាងរុស្ស៊ី និងតួកគីអាចមានន័យទូលំទូលាយជាងនេះសំរាប់សម្ព័ន្ធភាពអង្គការណាតូ និងលោកខាងលិច ជាពិសេសពេលដែលទីក្រុងអង់ការ៉ាត្រៀមធ្វើប្រជាមតិលើ រដ្ឋធម្មនុញ្ញនៅថ្ងៃទី ១៦ ខែ មេសា។ រដ្ឋធម្មនុញ្ញថ្មីនឹងផ្តល់ឲ្យប្រធានាធិបតីតួកគីលោក Recep Erdogan នូវអំណាចកាន់តែច្រើនថែមទៀតជាងអំណាចដែលលោកមាននៅពេលបច្ចុប្បន្ន ដែលជាមូលហេតុមួយធ្វើឲ្យមានការព្រួយបារម្ភចំពោះលោកខាងលិច។ ពិតណាស់ លំហាត់យោធារួមគ្នានេះអាចជាសញ្ញាមួយបង្ហាញថាតួកគីកំពុងងាកចេញពីលោកខាងលិច។
ដោយប្រឈមជាមួយនឹងការិះគន់ពីសម្ព័ន្ធមិត្តអឺរ៉ុប និងសហរដ្ឋអាមេរិក តួកគីនៅក្នុងប៉ុន្មានខែថ្មីៗនេះបានចូលកាន់តែគៀកជាមួយទីក្រុងម៉ូស្គូ។ លោក Erdogan ដែលតាំងខ្លួនថា ជាបុរសខ្លាំង មានទស្សនៈដូចគ្នាជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ហើយការ ខឹងសម្បារនៅក្នុងអតីតកាល ដូចជាការបាញ់ទម្លាក់យន្តហោះចម្បាំងរុស្ស៊ីប្រភេទ Su-24 Fencer ពីសំណាក់តួកគីនៅក្នុងខែវិច្ឆិកា ឆ្នាំ ២០១៥ ត្រូវបានអនុគ្រោះជាទូទៅ។ ក៍ប៉ុន្តែ ដោយសារភាពជិតស្និទ្នខ្លាំងរបស់តួកគីជាមួយលោកខាងលិច ទីក្រុងអង់ការ៉ាទំនងជាមិនអាច ដកខ្លួនចេញពីអឺរ៉ុបនៅក្នុងរយៈពេលខ្លីឆាប់ៗបានឡើយ។
ពិតណាស់ ទំនាក់ទំនងដែលកំពុងដុះចេញជាពន្លករបស់ទីក្រុងអង់ការ៉ាជាមួយវិមានក្រឹមឡាំងទីបំផុតអាចជាឆាកល្ខោនមួយ។ លោក Michael Kofman អ្នកវិភាគកិច្ចការយោធារុស្ស៊ីនៅមជ្ឈមណ្ឌលវិភាគកងទ័ពជើងទឹក (Center for Naval Analyses) បានថ្លែងប្រាប់សារព័ត៌មាន The National Interest ថា “នេះគឺជាមធ្យោបាយមួយដើម្បីដាក់សម្ពាធលើសម្ព័ន្ធភាព នេះ និងបង្ហាញថាតួកគីមានជម្រើសភូមិសាស្រ្តនយោបាយជាច្រើន។ ការពិតទៅ នេះគឺជាភាពសាវ៉ាមួយ ដោយធ្វើឲ្យតួកគីទទួលបាននូវភាពអមិត្តពីសហភាពអឺរ៉ុប។ នោះក៍ជាគ្រោះមហន្តរាយខាងទំនាក់ទំនងនយោបាយផងដែរ។”
ចំពោះសម្ព័ន្ធភាពអង្គការណាតូ លំហាត់យោធារបស់តួកគីជាមួយរុស្ស៊ីបង្កជាបញ្ហាមួយ។ លោក Kofman បាននិយាយថា “យើងគួរតែសួរថាតើអង្គការណាតូមានបំណងរក្សាវិធី សាស្រ្តរួមយ៉ាងណាចំពោះសមុទ្រខ្មៅ ប្រសិនបើតួកគីគឺជាប្រទេសតែមួយគត់ដែលមានកងទ័ពជើងទឹកនៅទីនោះចូលរួមលំហាត់យោធាជាមួយរុស្ស៊ី។”
តាមទស្សនៈរបស់រុស្ស៊ី លំហាត់យោធានេះធ្វើឲ្យវិមានក្រឹមឡាំងមានលទ្ធភាពបង្ហាញ ក្រុងវ៉ាស៊ីនតោន និងអឺរ៉ុបថា ខ្លួនមិនឯកកោពីអង្គការណាតូឡើយ កុំថាឡើយដល់ទៅឯកកោពីពិភពលោក។ លោក Paul Saunders នាយកប្រតិបត្តិមជ្ឈមណ្ឌល Center for the National Interest ដែលជាក្រុមវិភាគចុះផ្សាយសារព័ត៌មាន The National Interest បាននិយាយថា “ចំពោះទីក្រុងម៉ូស្គូ វាជាឱកាសមួយបង្ហាញដល់រដ្ឋាភិបាលលោកខាងលិច និងពិភពលោកថា អង្គការណាតូមិនអាចរារាំងសមាជិករបស់ខ្លួនមិនឲ្យធ្វើសហប្រតិបត្តិការជាមួយយោធារុស្ស៊ី បានឡើយ។”
ដូច្នេះ ដូចនៅក្នុងសម័យសង្រ្គាមត្រជាក់ តំបន់ភាគខាងត្បូងរបស់អង្គការណាតូនៅតែជាបញ្ហាចំពោះសម្ព័ន្ធភាពនេះ៕

ប្រភព៖ The National Interest ថ្ងៃទី ០៩ ខែ មេសា ឆ្នាំ ២០១៧


No comments:

Post a Comment