Monday, April 10, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ការរីកចម្រើនរបស់កម្ពុជាសព្វថ្ងៃ គឺមានការចូលរួមចំណែកយ៉ាងច្រើនពីមិត្តចិន

នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ការរីកចម្រើនរបស់កម្ពុជាសព្វថ្ងៃ គឺមានការចូលរួមចំណែកយ៉ាងច្រើនពីមិត្តចិន។ លោក បានថ្លែង ដូចនេះ ក្នុងឱកាសអនុញ្ញាតឱ្យលោកស្រី ស៊ុន ឈុនឡាន សមាជិកការិយាល័យ មជ្ឈិមបក្សកុម្មុយនីសចិន និងជារដ្ឋមន្ត្រីកិច្ចការរណសិរ្សរបស់គណបក្សកុម្មុយនីសចិន ចូលជួប​សំណេះ​សំណាល និងពិភាក្សាការងារ នៅ​វិមានសន្តិភាព។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា កន្លងមករាជរដ្ឋាភិបាលកម្ពុជា បានប្រ​កាន់ខ្ជាប់នូវគោលនយោបាយដ៏ត្រឹមត្រូវ គឺការពារស្ថិរភាពក្នុងតំបន់ និងការពារដៃគូយុទ្ធសាស្ត្រអាស៊ាន-ចិន សម្រាប់បម្រើផលប្រយោជន៍ ប្រជាជននៃប្រទេសទាំងពីរកម្ពុជា-ចិន និងអាស៊ាន-ចិន។ រាល់ជំនួយទាំងអស់ របស់ចិនមកកាន់កម្ពុជា មិនមែនត្រឹមតែសម្រាប់ការអភិវឌ្ឍប្រទេសជាតិទេ គឺបានជួយដល់អធិបតេយ្យនយោបាយ នៅកម្ពុជា ហើយក៏ធ្វើឱ្យកម្ពុជាទទួលបានឯករាជ្យផ្ទៃក្នុង និងក្រៅប្រទេស។ ការរីកចម្រើនរបស់កម្ពុជាសព្វថ្ងៃ គឺមានការចូលរួមចំណែកយ៉ាងច្រើនពីមិត្តចិន។
លោកស្រី ស៊ុន ឈុនឡាន បានកោតសរសើរចំពោះភាពរីកចម្រើនរបស់ប្រទេសកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ជាពិសេសរាជធានីភ្នំពេញនាពេលបច្ចុប្បន្ននេះមានអគារខ្ពស់ៗទំនើបៗច្រើន។ លោកស្រី ក៏បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់លោកប្រធានាធិបតីចិន ស៊ី ជីនពីង និងលោកនាយករដ្ឋមន្រ្តី លី គឺឈៀង ជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែនផងដែរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណចំពោះលោកស្រីដែលបានមើលឃើញការវិវត្តន៍ថ្មីៗរបស់កម្ពុជា ។ លោក ក៏បានសម្តែងនូវសេចក្តីសប្បាយរីករាយផងដែរ ដែលកន្លង​មកនេះ បានរួមការងារជាមួយរដ្ឋាភិបាលចិន ជាពិសេសថ្លែងអំណរគុណភាគីចិន ដែលបានចូលរួមយ៉ាងសកម្មក្នុងគ្រប់កម្រិត ធ្វើឱ្យទំនាក់ទំនងទ្វេរភាគីរវាងប្រទេសទាំងពីរ ក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលបាននាំមកនូវផលប្រយោជន៍ជាច្រើន សម្រាប់ប្រទេសទាំងពីរ។
នៅក្នុងជំនួបនេះផងដែរ លោកស្រី ស៊ុន ឈុនឡាន  បានស្នើ៣ចំនុច មកកាន់លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន គឺ ១- បន្តឱ្យមានការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់រវាងប្រទេសទាំងពីរ ក្រៅពីការអញ្ជើញ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅចូលរួមក្នុងសន្និសីទ «ផ្លូវមួយខ្សែក្រវ៉ាត់មួយ» លោកស្រី ក៏បានគោរពអញ្ជើញចូលរួមកិច្ចសន្ទនា រវាងគណបក្សកុម្មុយនីសចិន និងពិភពលោក ដែលគ្រោងធ្វើឡើងនាពេលខាងមុខនេះផងដែរ ២- បង្កើនកិច្ចសន្ទនាទាំងសង​ខាង ទៅលើប្រធានបទ ដែលជាផលប្រយោជន៍រវាងគ្នានិងគ្នាទៅវិញទៅមក និង ៣- បន្តការផ្លាស់ប្តូរទស្សនកិច្ចយុវជននៃប្រទេសទាំងពីរ។

ជាការឆ្លើយតប ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានគាំទ្រពេញទំហឹង ចំពោះការស្នើសុំចំណុចទាំង៣នេះ ព្រោះជាផលប្រយោជន៍រវាងគ្នានិងគ្នា ក្នុងការពង្រឹងទំនាក់ទំនងទ្វេរភាគី ក៏ដូចជាកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយក្នុងភាពជាដៃគូយុទ្ធសាស្ត្ររវាងកម្ពុជា និងចិន៕




No comments:

Post a Comment