Monday, April 10, 2017

កម្ពុជា​ដណ្ដើម​បាន​កៅ​អីក្រុម III នៃព្រឹត្តិ​ការណ៍ Davis Cup បាន​មក​វិញ


ភ្នំពេញ៖ ក្រុមកីឡាវាយកូនបាល់កម្ពុជា បានដណ្ដើមកៅអីក្រុម III ក្នុងការប្រកួតជម្រុះពានរង្វាន់ Davis Cup ប្រចាំតំបន់អាស៊ី/អូសេអានីត្រឡប់មកវិញហើយ បន្ទាប់ពីបំបាក់ក្រុមខ្លាំងអូម៉ង់ ដោយលទ្ធផល ២-០ ក្នុងការប្រកួតខ្វែងពូលក្រុម IV នៅទីក្រុងអ៊ីសា ប្រទេសបារ៉ែនកាលពីថ្ងៃទី៨នេះ។
ជាមួយនឹងការវិលត្រឡប់ទៅលេងក្រុម III នាឆ្នាំ២០១៨ ជាថ្មីនេះដែរ ក្រុមកីឡាវាយកូនបាល់កម្ពុជា បានបង្កើតកំណត់ត្រាដ៏អស្ចារ្យរបស់ខ្លួន ក្នុងការប្រកួតជម្រុះក្រុម IV ឆ្នាំ២០១៧នេះ ដោយបានរក្សាជ័យជម្នះមិនស្គាល់ចាញ់តាំងពីប្រកួតទី១ក្នុងពូល រហូតដល់ការប្រកួតវគ្គខ្វែង ពោលគឺបានយកឈ្នះម្ចាស់ផ្ទះបារ៉ែន កៀហ្ស៊ីស៊ីស្ថាន, មីយ៉ាន់ម៉ា និងអារ៉ាប់ប៊ីសាអូឌីតជាបន្ដបន្ទាប់។
លុះដល់ការប្រកួតខ្វែងពូល ដោយត្រូវជួបក្រុមជម្រើសជាតិអូម៉ង់ ដែលជាក្រុមលេខ២ ពូលB គឺបានយកឈ្នះ ២-០ ដោយមិនបាច់ឆ្លងកាត់ប្រកួតវិញ្ញាសាវាយគូឡើយ ពោលគឺយកឈ្នះលើវិញ្ញាសាវាយឯកត្តជន ២ប្រកួតជាប់គ្នាតែម្ដង រួមមានកីឡាករ ឡុង សំនៀង យកឈ្នះកីឡាករ Mohammed Al Nabhani ២-១សិត ជាមួយពិន្ទុ ៣-៦, ៦-២ និង ៦-៤ ខណៈកីឡាករឆ្នើម ប៊ុន កេន្នី ឈ្នះកីឡាករ Abdullah Al Barwani ២-០សិតជាមួយពិន្ទុ ៦-២ និង ៦-១។
ដោយឡែកក្រុមអារ៉ប៊ីសាអូឌី ដែលជាក្រុមលេខ២ ឡើងមកពីពូលA ជាមួយកម្ពុជា ក៏បានទម្លាក់ក្រុមសិង្ហបុរី ដែលជាក្រុមលេខ១ ពូលB ដើម្បីឡើងទៅលេងក្រុម III នៃព្រឹត្តិការណ៍ Davis Cup 2018 ជាមួយក្រុមជម្រើសជាតិកម្ពុជាផងដែរ បន្ទាប់ពីប្រកួតឈ្នះក្រុមសិង្ហបុរី ដោយលទ្ធផល ២-១ ក្នុងការប្រកួតវគ្គខ្វែងពូលកាលពីម្សិលមិញដូចគ្នា៕


No comments:

Post a Comment