Monday, April 10, 2017

មន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិចំនួន៥នាក់ និងមន្រ្ដីចំនួន១១នាក់ផ្សេងទៀតត្រូវបានប្រកាសចូលកាន់មុខដំណែង

នៅទីស្តីការក្រសួងការបរទេស នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានអញ្ជើញជា អធិបតី​ក្នុងពិធីប្រកាសចូលកាន់ដំណែង អគ្គនាយក អគ្គនាយករង និងប្រធាននាយកដ្ឋាន មួយចំនួននៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្ដរជាតិ។
មន្ត្រីត្រូវតែងតាំងតំណែងរួមមាន អគ្គនាយកដែលត្រូវបានតែងតាំងមានដូចខាងក្រោម៖
១- លោក ចាន់ រតនា ជាអគ្គនាយកនៃអគ្គនាយកដ្ឋានច្បាប់ កុងស៊ុល និងព្រំដែន។
២- លោក អ៊ឹង រចនា ជាអគ្គនាយកនៃអគ្គនាយកដ្ឋានអាស៊ី-ប៉ាស៊ីហ្វិក។
៣- លោក ណុំ ពិសិដ្ឋ ជាអគ្គនាយកនៃអគ្គនាយកដ្ឋានអឺរ៉ុប អាមេរិក និងអាហ្រ្វិក-មជ្ឈឹមបូព៌ា។
៤- លោក ថៃ ជុន ជាអគ្គនាយក នៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ។
៥- លោក ឈីវ យីស៊ាង ជាប្រធានវិទ្យាស្ថានជាតិទំនាក់ទំនងការទូត និងសិក្សាអន្តរជាតិ បន្ថែមលើមុខងារបច្ចុប្បន្ន។ បន្ថែមពីលើនោះក៏មានការតែងតាំង អគ្គនាយករងចំនួន ១១នាក់  ប្រធាននាយកដ្ឋានចំនួន ១៧នាក់ផងដែរ។
នៅក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី ប្រាក់សុខុន មានប្រសាសន៍បញ្ជាក់ថា នៅពេលខាងមុខនេះ ក្រសួងកំពុងពិនិត្យលទ្ធភាពតែងតាំងមន្ត្រីអ្នកការទូតកម្ពុជាមួយចំនួនទៀតនៅតាមបណ្តាប្រទេសមួយចំនួន ដែលទាមទារឱ្យមន្ត្រីមានសមត្ថភាព និងមានបទពិសោធន៍ការងារដឹកនាំ ហើយអ្នកការទូតត្រូវចេះសរសេររបាយការណ៍ និងធ្វើបទវិភាគអំពីស្ថានភាព នៅក្នុងប្រទេសដែលកំពុងបំពេញបេសកកម្មការទូត និងត្រូវមានទំនាក់ទំនងល្អ ជិតស្និទ្ធជា​មួយប្រទេសដៃគូរ។
លោកទេសរដ្ឋមន្ត្រី ក៏បានបញ្ជាក់ទៀតថា មន្ត្រីក្រសួងការបរទេសឯទៀតដែលនៅពុំទាន់ទទួលបានការតែងតាំងជាមន្ត្រី ការទូតគឺកុំអស់សង្ឃឹម គឺត្រូវរង់ចាំព្រោះមន្ត្រីចាប់ពីតំណែងប្រធាននាយកដ្ឋានមានឱកាសច្រើនណាស់ក្នុងការតែងតាំងមន្ត្រីការទូត ប៉ុន្តែត្រូវខិតខំបង្កើនសមត្ថភាពបន្ថែមទៀត។ លោកទេសរដ្ឋមន្ត្រី ក៏បានបញ្ជាក់ទៀតថា វិទ្យាស្ថានបណ្តុះបណ្តាលអ្នកការទូត ដែលស្ថិតនៅក្នុងបរិវេណក្រសួងការបរទេសកំពុងដំណើរការសាងសង់ បន្ទាប់ពីសាងសង់រួច វិទ្យាស្ថានមួយនេះនឹងចាប់ ផ្តើមបើកដំណើរការបណ្តុះបណ្តាលអ្នកការទូត ជាមួយគ្នានោះដែរ មានបណ្តាប្រទេសមួយចំនួនបានសន្យាជួយឧបត្ថម្ភដល់វិទ្យានេះផងដែរ៕

អត្ថបទ៖ សាវឿន

No comments:

Post a Comment