Monday, April 10, 2017

ចៅចាក់ស្មុក៖ ផែនការបីខែរបស់ ជុន ច័ន្ទបុត្រ យកវិទ្យុអាស៊ីសេរីដើម្បីបង្កចលាចលសង្គម បម្រើមហិច្ឆតានយោបាយបក្សប្រឆាំងដើម្បីអំណាចផ្ទាល់ខ្លួន (វគ្គ២)

នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៧ ទំព័រហ្វេសប៊ុកចៅចាក់ស្មុក បានបង្ហោះផ្សាយអត្ថបទដោយ ដាក់ចំណងជើងថា «ផែនការបីខែរបស់ ជុន ច័ន្ទបុត្រ យកវិទ្យុអាស៊ីសេរីដើម្បីបង្កចលាចលសង្គម បម្រើមហិច្ឆតានយោបាយបក្សប្រឆាំងដើម្បីអំណាចផ្ទាល់ខ្លួន (វគ្គ២)» ដែលមានខ្លឹមសារ ដូចខាងក្រោម៖
នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ ២០១៣ ជុន ច័ន្ទបុត្រ បានព្យាយាមយ៉ាងខ្លាំងក្នុងការប្រើប្រាស់វិទ្យុអាស៊ីសេរីដើម្បីជួយគណបក្សប្រឆាំងដោយបានបញ្ជាបុគ្គ​លិកក្រោមការគ្រប់គ្រងរបស់ខ្លួនរកប្រធានបទណាដែលនិយាយតែពីចំណុចអវិជ្ជមានរបស់រដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា និងបើកការវាយប្រហារទៅលើបុគ្គលជាថ្នាក់ដឹកនាំដើម្បីស្វែងរកសំឡេងគាំទ្រឱ្យគណបក្សប្រឆាំង។ បុគ្គលិកវិទ្យុអាស៊ីសេរីដែលមានវិជ្ជាជីវៈមួយចំនួនពិតជាមានការទើសទាល់យ៉ាងខ្លាំងដោយសារតែពួកគេមិនអាចធ្វើការងារតាមមនសិការវិជ្ជាជីវៈខ្លួនបាន។
ការជួយជ្រោមជ្រែងទាំងមធ្យោបាយនិងថវិកាផងត្រូវបានប្រភពទម្លាយឱ្យដឹងថាព្រោះ ជុន ច័ន្ទបុត្រទទួលបានការសន្យាពីមេដឹកនាំបក្សសង្គ្រោះជាតិឱ្យតំណែងធ្វើជាកុង្សីយ៍ក្រសួងព័ត៌​មានហើយពេលនោះមតិសាធារណៈក៏បានដឹងពីពាក្យចចាមអារាមនេះដែរ។ ខំតែអរក្នុងចិត្ត ប៉ុន្តែបំណងរបស់ ជុន ច័ន្ទបុត្រ ត្រូវបានរលាយដូចអំបិលត្រូវទឹកព្រោះការជួយជ្រោមជ្រែងរបស់វិទ្យុអាស៊ីសេរីរបស់ខ្លួនលើបក្សប្រឆាំងមិនទទួលបានជោគជ័យដូចដែលខ្លួនបានប៉ងប្រាថ្នាឡើយ។
គណបក្សប្រឆាំងបានចាញ់ការបោះឆ្នោតយ៉ាងអាម៉ាសជាលើកទី៤ហើយបានអនុវត្តវប្បធម៌ឡាំ ប៉ាដដែល ដូចដែលខ្លួនធ្លាប់អនុវត្តនាពេលកន្លងទៅ។ អំឡុងពេលបាតុកម្មគឺជាឱកាសមាសសម្រាប់ ជុន ច័ន្ទបុត្រ ម្តងទៀត ដើម្បីសម្រេចមហិច្ឆតារបស់ខ្លួន។ បើទោះបីជាមិនបានឈ្នះការបោះឆ្នោត តែក្តីសង្ឃឹម របស់បក្សខ្លួនមានមួយផ្លូវទៀតគឺការប្រើប្រាស់អំណាចប្រជាជន។ នៅអំឡុងឆ្នាំ ២០១៣ នៃការតវ៉ារបស់គណបក្សប្រឆាំងចំពោះលទ្ធផលបោះឆ្នោតចាញ់ហើយមិនព្រមចាញ់នេះ នៅពេលនោះដែរ ពិភពលោក ទាំងមូលបាននិងកំពុងច្របូកច្របល់លើការផ្ទុះបដិវត្តន៍ពណ៌ នៅតំបន់មជ្ឈិមបូព៌ាដូចជានៅប្រទេសលីប៊ី ស៊ីរី អេហ្ស៊ីប ទុយនីស៊ីជាដើម។ ពេលនោះ ទាំងមេដឹកនាំបក្សប្រឆាំង សង្គមស៊ីវិលមួយចំនួន រួមនឹងវិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងប្រជាធិបតេយ្យរបស់ប៉ា ងួនទៀង (អត្ថបទលម្អិតអំពីវិទ្យុនេះនឹងផ្សព្វផ្សាយ នៅពេលក្រោយ) ផងដែរបានលើកសរសើរដំណើរបដិវត្តន៍ពណ៌ទាំងនោះ ព្រមទាំងលើកទឹកចិត្តឱ្យមាន ការស្ទុះងើបតវ៉ាបែបអំណាចប្រជាជនផងដែរ។ ប៉ុន្តែនៅពេលនេះ ពេលឃើញលទ្ធផល​មហាសោកនាដ កម្មជាក់ស្តែងនៃបដិវត្តន៍ពណ៌នៅប្រទេសទាំងនោះ មេបក្សប្រឆាំង និងសង្គមស៊ីវិលទាំងនោះស្ងាត់មាត់ ឱ្យជ្រាបនិងគ្មានការថ្កោលទោសណាមួយឡើយ។
គេនៅចាំបានថា នៅអំឡុងពេលនោះវិទ្យុអាស៊ីសេរីបានដើរ តួនាទីយ៉ាងសកម្មក្នុងការផ្សព្វ​ផ្សាយបែបញុះញង់ប្រជាពលរដ្ឋបំភ្លៃស្ថានការណ៍ដើម្បីប៉ុនប៉ងបង្កភាពចលាចលក្នុងសង្គម ស៊ុំគ្រលំជាមួយបក្ស ប្រឆាំងដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់តាមរយៈការកៀរគរសកម្មជនមកពីតាមខេត្តនានាដើម្បីចូលរួម បាតុកម្មបង្ហាញកម្លាំងនៅរាជធានីភ្នំពេញ។ ជុន ច័ន្ទបុត្រ ខ្លួនឯងបានធ្វើដំណើរទៅចូលរួមបាតុកម្មជួបជុំនៅទីលានប្រជាធិបតេយ្យ ក៏ដូចជានៅទីស្នាក់ការបក្សដើម្បីបង្ហាញការគាំទ្រ ជាជាងទៅរកព័ត៌មានក្នុងនាមជាអ្នកកាសែត។ រីឯបក្សប្រឆាំងរួមនឹងសង្គមស៊ីវិលមួយចំនួនដូចជា វន ពៅ បានដើរញុះញង់កម្មករនៅតាមរោងចក្រចូលរួមតវ៉ាក្រោមរូបភាពស្នើសុំដំឡើងប្រាក់ខែ ប៉ុន្តែតាមពិតគឺជាល្បិចកៀរគរកម្លាំងដើម្បីប៉ុនប៉ងប្រើអំណាចប្រជាជនប្រឆាំងនឹងរដ្ឋាភិបាលស្របច្បាប់។ គេក៏បានដឹងថាមានថវិកាជាច្រើនលានដុល្លារត្រូវបានចរាចរណ៍ចូលមកក្នុងប្រទេសកម្ពុជានៅអំឡុងពេលនោះដើម្បីគាំទ្រការចំណាយលើបាតុកម្ម។ បាតុកម្មដែលត្រូវបានគេមើលឃើញថា មិនមែនមានតែកម្មវត្ថុតវ៉ាលទ្ធផលការបោះឆ្នោតទេ​តែដើម្បី ដាក់សម្ពាធលើគណបក្សប្រជាជនដែលឈ្នះការបោះឆ្នោតដើម្បីចែកអំណាច ហើយវែងឆ្ងាយជាងនេះគឺការអនុវត្តផែនការបដិវត្តន៍ពណ៌នៅកម្ពុជា។
ប៉ុន្តែចលនាទាំងនេះត្រូវបានរដ្ឋអំណាចដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជាទប់ស្កាត់បង្ក្រាប​បានទាន់ពេលវេលាដើម្បីរក្សាសណ្តាប់ធ្នាប់ និងសន្តិភាពដែលកម្ពុជារកបានដោយពិបាក​នេះ និងទោះបីជាក្នុងតម្លៃណាក៏ដោយប្រមុខរដ្ឋាភិបាលបានប្រកាសថាត្រូវការពារឱ្យ ខាងតែបានមិនអនុញ្ញាឱ្យមតិភាគ តិចយកមតិភាគច្រើនធ្វើជាចំណាប់ខ្មាំងឡើយ។ ការបង្ក្រាបបាតុ​កម្មខុសច្បាប់ត្រូវបានធ្វើឡើងនៅដើមខែ មករា ឆ្នាំ ២០១៤ បន្ទាប់ពីដំណើរការអស់រយៈពេលជាច្រើនខែ។ បាតុកម្មបែបអនាធិបតេយ្យ បង្កការកកស្ទះចរាចរណ៍ បង្កការរំខានដល់ការប្រកបរបបអាជីវកម្មរបស់ប្រជាពលរដ្ឋ និងបង្កឱ្យមានអំពើហិង្សាដាក់ គ្នាថែមទៀតផង។ វិទ្យុអាស៊ីសេរី ព្រមទាំង ជុន ច័ន្ទបុត្រ បានបន្តការផ្សព្វផ្សាយបែបបំប៉ោង បំភ្លៃ បំផ្លើស និងបំភាន់ព័ត៌មានរបស់ខ្លួនបន្ថែមទៀត និងបានធ្វើសោកនាដកម្មលើស្ថានភាពនយោបាយ នៅកម្ពុជា និងបានបំប៉ោងតួលេខអ្នកចូលរួមបាតុកម្មដើម្បីគ្រប់គ្រងសមរភូមិសតិអារម្មណ៍។
ជុន ច័ន្ទបុត្រ តែងតែព្យាយាមក្នុងការអះអាងថាខ្លួនជាអ្នកកាសែតអាជីព ហើយវិទ្យុអាស៊ីសេរីជា វិទ្យុឯករាជ្យ ប៉ុន្តែទង្វើដែលចេញមកបង្ហាញថា វិទ្យុអាស៊ីសេរីគ្រាន់តែជាសំឡេងរបស់បក្សប្រឆាំងគាំទ្របុព្វ ហេតុបក្សប្រឆាំងប៉ុណ្ណោះ ដែលប្រាសចាកពីគោលដៅដើមរបស់វិទ្យុដែលផ្សព្វផ្សាយ ព័ត៌មានពិតមិនលម្អៀង និងគ្មាននិន្នាការនយោបាយ។ ក្រោយពីបរាជ័យ មិនអាចជួយគណបក្សប្រឆាំងឱ្យឈ្នះការបោះឆ្នោតបាននៅឆ្នាំ ២០១៣ ជុន ច័ន្ទបុត្រ នៅតែចិញ្ចឹមចិត្តក្នុងការផ្លាស់ប្តូរការដឹកនាំនៅកម្ពុជាតាមរយៈការប្រើតួនាទីជាអ្នកកាសែតនិងប្រើប្រព័ន្ធផ្សព្វផ្សាយវិទ្យុអាស៊ីសេរី ដើម្បីវាយប្រហាររាជរដ្ឋាភិបាល គណ បក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំសំខាន់ៗរបស់កម្ពុជា។
មិនតែប៉ុណ្ណោះ ជុន ច័ន្ទបុត្រ បានចូលរួមនៅ ក្នុងចលនាបាតុ​កម្មរបស់ពលរដ្ឋខ្មែរ នៅខាងក្រៅប្រទេសនានា ប្រឆាំងនឹងប្រមុខដឹកនាំរដ្ឋាភិបាលនិងលោក ហ៊ុន ម៉ាណែត និងគណៈប្រតិភូ របស់គាត់នៅឯក្រៅប្រទេសទៀតដូចជានៅសហរដ្ឋអាមេរិក និង នៅអូស្ត្រាលី ឬនៅប្រទេសបារាំង កាណាដាជាដើម។ វិទ្យុអាស៊ីសេរី រួមនឹងជុន ច័ន្ទបុត្រ បានបន្តបំប៉ោង តួលេខនៃអ្នកចូលរួម និងបំប៉ោងស្ថានការណ៍ពិតដែលបាតុករមួយចំនួនដែលចូលរួមតវ៉ានៅក្រៅប្រទេស ត្រូវបានគេដឹងថាជាអ្នកដែលមានជីវភាពក្រីក្រ ដេកស៊ីប្រាក់ឧបត្ថម្ភសង្គម និងជាអ្នកមិនសូវចេះអក្សរ និង គ្មានការងារធ្វើ ហើយចាប់តាំងពីរត់ភៀសខ្លួនទៅជ្រកកោននៅប្រទេសគេ ២០ ឬ៣០ឆ្នាំហើយ ជួនកាលមិនដែលបានមកស្រុកខ្មែរម្តងផង។ ដូច្នេះពួកគេមានតែរូបភាពអតីតកាល និងរូបភាពក្លែងក្លាយ តាមរយៈបក្សប្រឆាំង និងទំព័រសារព័ត៌មានបរទេសប៉ុណ្ណោះ។ ចំណែកបងប្អូនជនជាតិខ្មែរដែលមានការ ងារធ្វើ ជីវភាពមធ្យមឬធូរធារ បានចុះឡើងស្រុកខ្មែរមានការយល់ដឹងខ្ពស់ ស្គាល់ច្បាស់ពីស្ថានភាពពិតនៅ កម្ពុជា ដោយមិនជឿការភូតកុហកបោក ប្រាស់របស់បក្សប្រឆាំងឬការផ្សព្វផ្សាយរបស់វិទ្យុអាស៊ីសេរីរបស់ ជុន ច័ន្ទបុត្រឡើយ។
រហូតមកទល់ពេលនេះ ជុន ច័ន្ទបុត្រ ក៏កំពុងតែបន្តផែនការខ្មៅងងឹតរបស់ខ្លួន តាមរយៈការផ្សព្វ ផ្សាយព័ត៌មានមិនពិត បំភ្លៃ បំផ្លើស និងបំប៉ោងស្ថានការណ៍នៅកម្ពុជាបង្ហាញភាពខ្មៅងងឹត អវិជ្ជមាន លាបពណ៌បន្ទាបបន្ធោកជាតិខ្មែរដើម្បីទម្លាក់ជំនឿទុកចិត្តប្រជាពលរដ្ឋមកលើរាជរដ្ឋាភិបាលនិងគណបក្សកាន់អំណាចដោយមិនគិតពីការបែកបាក់ជាតិ បង្កចលាចលក្នុងសង្គមឡើយ ខណៈការរៀបចំការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០១៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ នឹងធ្វើឡើងនៅឆ្នាំ ២០១៨។ ពួកគេធ្វើយ៉ាងណាបំណេញបេសកកម្មរបស់ខ្លួន ឱ្យបាន។ ឥឡូវនេះ ផែនការថ្មីរបស់វិទ្យុអាស៊ីសេរីដែលមានជុន ច័ន្ទបុត្រ ជាមេខ្លោងត្រូវបានប្រភពស្និទ្ធ ទម្លាយឱ្យដឹងថាបានរៀបចំរួចហើយសម្រាប់រយៈពេលបីខែចាប់ពីពេលនេះរហូតដល់ក្រោយការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ខែមិថុនាឆ្នាំ ២០១៧។
ជុន ច័ន្ទបុត្រ បានចូលមកប្រទេសកម្ពុជានាពេលថ្មីៗនេះជា មួយនឹងកញ្ចប់ថវិកា ព្រមទាំងផែនការសកម្មភាពមួយចំនួនធំ ដើម្បីគាំទ្រដល់គណបក្សសង្គ្រោះជាតិ។ ក្នុងរយៈពេលបីខែនេះ ជុន ច័ន្ទបុត្រ នឹងប្រើបុគ្គ លិកវិទ្យុអាស៊ីសេរីក្រោមខ្សែញាក់របស់ខ្លួនជីកកកាយ និងជ្រើសរើសយកបញ្ហាអវិជ្ជមានផ្សេងៗ ដើម្បផ្សព្វផ្សាយក្នុងចេតនាមួលបង្កាចរាជរដ្ឋាភិបាល និងគណ បក្សប្រជាជននិងហុចដងដាវឱ្យគណបក្សប្រឆាំង។ ជុន ច័ន្ទបុត្រ ក៏ចាប់ផ្តើមបណ្តុះបណ្តាលកម្លាំងរបស់ ខ្លួនដើម្បីត្រៀមបំប៉ោងស្ថានការណ៍នៅប៉ុន្មានសបា្តហ៍ខាងមុខទៀតនេះ។ បើចិត្តសឿងមែន វិទ្យុអាស៊ីសេរី និងជុន ច័ន្ទបុត្រ ឬមន្ត្រីបក្សប្រឆាំងប្រកាសជាសាធារណៈតែម្តងទៅថា វិទ្យុអាស៊ីសេរីរបស់អាមេរិកនេះគឺ ជាគាំទ្រ និងជាសំឡេងបក្សប្រឆាំងនៅកម្ពុជា!
ប៉ុន្តែបក្សប្រឆាំងរួមនឹង ជុន ច័ន្ទបុត្រ ត្រូវចងចាំក្នុងចិត្តថាសន្តិភាពដែលកម្ពុជាកំពុងមាននេះ គឺកើតចេញពីការបូជាសាច់ស្រស់ឈាមស្រស់របស់ប្រជាជនកម្ពុជា ដែលបានឆ្លងកាត់ភ្នក់ភ្លើងសង្គ្រាមជិតបីទសវត្សរ៍ រាស្ត្រខ្មែរមិនចង់បានសង្គ្រាមឡើយ។ ការប៉ុនប៉ងណាមួយធ្វើ​ឱ្យសន្តិភាពកម្ពុជាត្រូវបានបំផ្លិចបំផ្លាញតាមរយៈការបំបែកបំបាក់ ជាតិ បង្កការញុះញង់ រើសអើងប្រកាន់ពូជសាសន៍ បង្កើតកំហឹងវណ្ណៈនៅក្នុងសង្គមខ្មែរ បង្កអនាធិបតេយ្យ រាស្ត្រនឹងមិនលើកលែងឱ្យឡើយ។
តើវិទ្យុអាស៊ីសេរី និងជុន ច័ន្ទបុត្រ នឹងមានផែនការសកម្មភាពអ្វីខ្លះក្នុងរយៈពេលបីខែនេះ? ចៅចាក់ស្មុកនឹងលម្អិតនៅក្នុងអត្ថបទវគ្គ៣៕

ដោយ៖ ចៅ ចាក់ស្មុក

No comments:

Post a Comment