Monday, April 10, 2017

អ្នក​នាំពាក្ស​គណ​បក្សប្រជាជន​កម្ពុជា៖ យុវជន​ចង់​បានការ​បោះឆ្នោតដោយ​សេរី ត្រឹមត្រូវ និងយុត្តិធ៌ម

លោក សុខ ឥសាន អ្នកនាំពាក្សគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា យុវជនចង់បានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធ៌ម ។ ការចង់បានបែបនេះរបស់យុវជនយើង គឺជាការត្រឹមត្រូវ ដែលប្រជាពលរដ្ឋគ្រប់រូបក៏ចង់បានបែបនេះដែរ ។ ក៏ប៉ុន្តែ ការចង់បានបែបនេះបានជាការជាក់ស្តែង លុះត្រាតែគ្រប់ភាគីពាក់ព័ន្ធត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ រួមមាន៖ ច្បាប់ស្តីពីការរៀបចំ និងប្រព្រឹត្តទៅរបស់ គ.ជ.ប ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ច្បាប់ស្តីពីគណបក្សនយោបាយ ព្រមទាំងបណ្តាគោលការណ៍ បទបញ្ជារ នីតិវិធី ក្រមសីលធ៌មរបស់គ.ជ.ប ។
បើមានភាគីណាមួយអនុវត្តមិនបានត្រឹមត្រូវទេ នោះការបោះឆ្នោតមិនអាចផ្តល់លទ្ធផលជាវិជ្ជមានដែរ ។
លោក សុខ ឥសាន បានបន្ថែមថា ម៉្យាងទៀតភាគីគណបក្សកាន់អំណាច និងរាជរដ្ឋាភិបាល គឺពិតជាមិនចង់ឃើញភាគីណាមួយរំលោភច្បាប់ទេ ជាពិសេសខ្លួនឯងផ្ទាល់តែម្តង បើខ្លួនឯងល្មើសច្បាប់នោះ គឺពិតជាជះឥទ្ធិពលដល់ការដឹកនាំរបស់ខ្លួនជាមិនខាន ។ ដូច្នេះគណបក្សកាន់អំណាចជៀសវាង ការធ្វើខុសច្បាប់ ឬរំលោភច្បាប់ ។ តាមការជាក់ស្តែង ភាគច្រើន អំពើល្មើសច្បាប់ កើតឡើងពីគណបក្សប្រឆាំង ។ ពេលកើតបញ្ហាអាលនឹងចោទគណបក្សកាន់អំណាចថាប្រើតុលាការ ឬប្រើច្បាប់ដើម្បីគាបសង្កត់បក្សប្រឆាំង ។ បញ្ហានេះ មិនត្រូវយល់ច្រឡំទេ ។ បើមិនបានធ្វើខុសច្បាប់ទេ ហើយសមត្ថកិច្ចមានវិធានការណ៍ ឬតុលាការចាត់នីតិវិធី នោះទើបអាចចោទថា រាជរដ្ឋាភិបាលគាបសង្កត់ខ្លួន ។ តែបើប្រព្រឹត្តខុសច្បាប់ ហើយសមត្ថកិច្ចមានវិធានការណ៍តាមច្បាប់ និងតុលាការចាត់និតិវិធីតាមគោលការណ៍ច្បាប់ នោះ មិនមានន័យថាគាបសង្កត់ទេ ។ សូមកុំយល់ច្រឡំឲ្យសោះ ឬកុំនិយាយមួលបង្កាច់ ។

បើអនុវត្តច្បាប់បានព្រមៗគ្នានោះ សង្ឃឹមថា ការបោះឆ្នោតនឹងដំណើរការប្រកបដោយ ប្រជាធិបតេយ្យ សេរី ត្រឹមត្រូវ និងយុត្តិធ៌ម សមស្របតាមបំណងប្រាថ្នាចង់បានទាំងអស់គ្នា ៕


No comments:

Post a Comment