Monday, April 10, 2017

ក្រសួង​បរិស្ថាន រៀបចំ​កិច្ច​​ប្រជុំពិគ្រោះ​​យោបល់​ស្តីពី​​ «សេចក្តី​ព្រាង​ផែន​​ការប្រតិ​បត្តិ​ស្តារ​​សត្វខ្លា​ធំ នៅដែន​ជម្រក​សត្វព្រៃ​ស្រែពក ខេត្ត​មណ្ឌល​គិរី»

ភ្នំពេញ៖​ នៅទីស្តីការក្រសួងបរិស្ថាន នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧នេះ មានរៀបចំ​កិច្ច​ប្រជុំពិគ្រោះ​យោបល់ថ្នាក់ជាតិស្តីពី​​ «សេចក្តីព្រាងផែនការប្រតិបត្តិស្តារសត្វខ្លាធំ នៅដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌល​គិរី»។
សូមជម្រាបផងដែរថា កិច្ចប្រជុំនេះ​ នឹងប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ​ ដើម្បីសម្រេចបាននូវផែនការប្រតិបត្តិមួយ ដែលឆ្លើយតបទៅនឹង បញ្ហាប្រឈម និងតម្រូវការជាក់ស្តែងនាពេលបច្ចុប្បន្នក្នុងការដាក់បញ្ចូលក្នុងសេចក្តីព្រាងចុងក្រោយ។ កិច្ចប្រជុំនេះដឹកនាំដោយ ​ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន​ លោក សូ​ ខនឫទ្ធីគុណ​ តំណាងលោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន។
នាឱកាសនោះលោក សូ​ ខនឫទ្ធីគុណ លើកឡើងថា​ តាមរយៈកិច្ចប្រជុំនេះ បានបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ពីគ្រប់ភាគីពាក់ព័ន្ធ​ ក្នុងការស្តារវត្តមានសត្វខ្លាធំឡើងវិញ នៅក្នុងប្រទេសកម្ពុជាក៏ដូចជាកញ្ចក់ឆ្លុះឱ្យឃើញពីស្មារតីគាំទ្រ សហការ និង​​ភាពជាដៃគូសហប្រតិបត្តិការដ៏ល្អ រវាងក្រសួងស្ថាប័នមានសមត្ថកិច្ច និង​ដៃគូ​អភិវ​ឌ្ឍ ដើម្បីធានាថាការរៀបចំផែនការនេះ មានការចូលរួមពីគ្រប់មជ្ឈដ្ឋានអាចទទួលយកបានពីគ្រប់ភាគីក្នុងភាពជាម្ចាស់ អាច​អនុវត្ត​បានប្រកបដោយ​​ប្រសិទ្ធភាពខ្ពស់ បន្ទាប់ពីផែនការប្រតិបត្តិនេះត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។

សូមបញ្ជាក់ថា​ កិច្ចប្រជុំនេះមានការរៀបចំដោយ នាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោកខាងកើតទន្លេមេគង្គ នៃអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ ក្រសួងបរិស្ថាន​ ដោយមានការចូលរួមពីក្រសួង​ ស្ថាប័នពាក់ព័ន្ធ​ រួមនឹងអង្គការជាដៃគូជាតិ​ និងអន្តរជាតិ៕


No comments:

Post a Comment