Monday, April 10, 2017

ចៅចាក់ស្មុក៖ ទង់ក្រហមក្នុងទង់ស

នៅយប់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧ ទំព័រហ្វេសប៊ុកចៅចាក់ស្មុក បានបង្ហោះផ្សាយអត្ថបទ មួយដោយដាក់ចំណងជើងថា «ទង់ក្រហមក្នុងទង់ស» ដែលមានខ្លឹមសារដូចតទៅ៖
និយាយពីលក្ខន្តិកៈបក្សព្រះអាទិត្យ ប្រការ ៤៧ ទាំងមេបក្ស មេបក្សរងលែងហ៊ានលើកឡើងទៀតហើយ ព្រោះខ្លាចខុសជាន់ខុស ខ្លាចស្រមោលខ្លួនឯង មិនហ៊ានអនុវត្តខ្លាចវាខុសទៀត ព្រោះមើលមិនយល់អ្វីដែលខ្លួនសរសេរអនុវត្តមិនត្រូវឱ្យស្របនឹងអ្វីដែលស្របលក្ខន្តិកៈបក្ស។ តែបានប្រើសេនាយុទ្ធសាស្ត្រស្ទើរភ្លើងចេញមកពន្យល់បែបទទួលស្គាល់ថាខ្លួនខុសលើកទង់សសុំចាញ់ដូចមេដឹកនាំខ្លួន ហើយធ្វើឯងបន្ទោសទៅលើរាជការមហាផ្ទៃបន្តិច។
តែកុំបន្ទោសរាជការព្រោះមកពីខ្លួនឯងល្ងីល្ងឺពកថ្ងាសតើ! មើលទៅដូចជាមិនដឹងជាចង់និ​យា​យអ្វីឱ្យច្បាស់ពិតប្រាកដតែគោលដៅមានតែមួយគឺធ្វើខ្លួនជាជនរងគ្រោះអាជីពធ្វើខុសលក្ខន្តិកៈខ្លួនឯង ក្រុងពាលីសមាជខុសក្បួន ព្រលឹងដូនតាក្តៅក្រហាយ មកចោទរាជការថាធ្វើបាបខ្លួន។ បើមេដឹកនាំបន្ទាយ និងខ្លួនឯងចោលម្សៀតចុះចាំបាច់អីទៅខែងរែង កាន់ទង់ក្រហម ធ្វើជាអ្នកក្លាហាន ខុសក្បួន អ្នកចេះគ្មានគម្ពីរ គំរាមបង្ហូរឈាម យកឈាមរាស្ត្រមកស្រោចជើងខ្លួន ដើម្បីបំពេញមហិច្ឆតាអំណាចគ្មានព្រំដែនរបស់ខ្លួន។
រាជការអនុវត្តតាមច្បាប់របស់នគរ។ បន្ទាយដែលស្ថិតក្នុងនគរត្រូវគោរពច្បាប់ មិនអាចយកឈ្មោះរាស្ត្រមកធ្វើជាឡប់ឡែបិទបាំងទង្វើស្មោគគ្រោករបស់ខ្លួនដើម្បីចង់បានអំណាចសូម្បីតែជាតិខ្លួនឯងក៏ ហែក លាបពណ៌ ប្រើវោហាសាស្ត្រស្អប់និយម បញ្ឆេះកំហឹងជាតិសាសន៍ បង្កើតកំហឹងវណ្ណៈ ក្នុងសង្គមនោះទេ។ រាជការមានសិទ្ធិគ្រប់គ្រាន់ដើម្បីធ្វើឱ្យភាពអនា​ធិបតេយ្យដែលអ្នកប្រជាធិបតេយ្យក្លែងក្លាយមួយចំនួនមកឱ្យស្ថិតនៅក្រោមវិន័យនិងច្បាប់ជាធរមាន។ មិនអនុញ្ញាតឱ្យធ្វើតាមអំពើចិត្តដោយយកពាក្យប្រជាធិបតេយ្យ រាស្ត្រ សេរីភាព មកបិទបាំងឡើយ។ កោតដែរថាបន្ទាយព្រះអាទិត្យមួយទាំងមូលរកអ្នកប្រសព្វមួយគ្មាន វិលវុលចុះឡើងតែលក្ខន្តិកៈខ្លួនឯង ដល់មិនដឹងធ្វើម៉េចមានតែអង្គុយអង្វររាជការឱ្យជួយប្រាប់ ព្រោះវាចាញ់អស់តម្រិះហើយ។
សម្រាប់ម៉ោងនេះ បន្ទាយព្រះអាទិត្យបានចាញ់នឹងលក្ខន្តិកៈខ្លួនឯងផង និងចាញ់ច្បាប់នគរផង តែធម្មតានៅក្នុងសង្គ្រាមចិត្តសាស្ត្រ បើខ្លួននៅមានជីវិតប្រយុទ្ធ ត្រូវបន្តស្រែកជ័យជម្នះរហូតដល់វិនាទីចុងក្រោយ។ តាមពិតទង់ក្រហមហានក្លា ដែលសេនាព្រះអាទិត្យចេញមកគ្រវីនេះ គ្រាន់តែជារូបភាពក្លាហាន និងត្រឹមត្រូវតែខ្លួនឯង ប៉ុន្តែធាតុពិតទង់ជ័យស ចុះចាញ់បានស្រោបជិតបន្ទាយអស់ទៅហើយ។ ដូច្នេះគ្មានអ្វីក្រៅពីខិតខំប្រឹងអនុវត្តឱ្យបានង្រឹមត្រូវតាមលក្ខន្តិកៈបក្សខ្លួន និងប្រព្រឹត្តតែអំពើល្អទៅ កុំដើរភូតកុហកបោកប្រាសរាស្ត្រដើម្បីសន្លឹកឆ្នោតនោះ ព្រោះ «ភូតច្រើន ច្រើនចាញ់អាត្មា»  រាស្ត្រប្រជាមិនល្ងង់ស្តាប់សារបោកប្រាស សន្យាខ្យល់របស់អ្នកទៀតទេ។
ដោយ៖ ចៅចាក់ស្មុក

No comments:

Post a Comment