Monday, April 10, 2017

ប្រមុខរដ្ឋស្តីទី លោក សាយ ឈុំ ជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យ និងនិស្សិតពេទ្យស្ម័គ្រចិត្តក្នុងបរិយាកាសរីករាយ និងស្និទស្នាលបំផុត

នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៧ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក សាយ ឈុំ (ក្នុងនោះមានគ្រូពេទ្យ និងនិស្សិតពេទ្យស្ម័គ្រចំនួនប្រមាណជាង២៧០នាក់) បានចុះជួយពិនិត្យ និងព្យាបាលជម្ងឺជូនប្រជាជនក្នុងឃុំពារាម ស្រុកបាទី ខេត្តតាកែវ បានចំនួន ២ ០៧៩ ករណី ដែលរួមមាន៖ ពិនិត្យព្យាបាលភ្នែកចំនួន ៦០៩ ករណី មាត់-ធ្មេញចំនួន៦៧០ករណី វះកាត់ខ្នាតតូចចំនួន២៤ ករណី ជម្ងឺទូទៅរោគស្រ្តី និងកុមារចំនួន ៧៤១ ករណី អេកូសាស្រ្តចំនួន ៣៥ ករណី និងបានផ្ដល់ឈើច្រត់ ១ គូរផងដែរ។
លោក សាយ ឈុំ បានថ្លែងអំណរសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្មួយៗទាំងអស់ ដែលបានឆ្លៀតយកថ្ងៃអាទិត្យជាថ្ងៃឈប់សម្រាកចុះទៅពិនិត្យ និងព្យាបាលជម្ងឺជូនប្រជាជនយើងនៅមូលដ្ឋានដោយស្មារតីគោរព ស្រលាញ់ និងបម្រើប្រជាជនដោយពិតៗ។ លោក ក៏បានសម្តែងសេចក្ដីរំភើបណាស់ចំពោះទឹកចិត្តស្នេហាជាតិ និងស្រលាញ់ប្រជាជនឥតត្រើយត្រាណរបស់ក្មួយៗទាំងអស់។

លោក សាយ ឈុំ ក៏បានបញ្ជាក់ថា ក្មួយៗជាទំពាំងស្នងប្ញស្សី ជាអ្នកបន្តវេន កសាងអភិវឌ្ឍ និងការពារប្រទេសទៅអនាគត។ សូមក្មួយៗទាំងអស់ថែរក្សានូវប្រពៃណីដ៏ល្អផូរផង់នេះ និងបន្តសកម្មភាពដ៏ថ្លៃថ្លានេះ ពោលគឺការពារប្រទេសឱ្យបានរឹងមាំ គង់វង្ស និងអភិវឌ្ឍប្រទេសប្រកបដោយចីរភាព និងនិរន្តរភាពដែលជាសំណូមពរដ៏ពិសិដ្ឋរបស់ប្រជាជនយើង៕








No comments:

Post a Comment