Monday, April 10, 2017

លោក សុខ ឥសាន៖ ប្រជាពលរដ្ឋទូទៅមិនចង់បានសង្រ្គាមនោះឡើយមិនថាប្រទេសណានោះទេ

នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជន​កម្ពុជា បានថ្លែងថា ប្រជាពលរដ្ឋទូទៅមិនចង់បានសង្រ្គាមនោះឡើយមិនថាប្រទេសណា​នោះទេ។
លោក សុខ ឥសាន បានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជាបានឆ្លងកាត់សង្គ្រាមអស់រយៈពេល ៥ ឆ្នាំ ក្នុងសម័យសេនាប្រមុខ លន់ នល់  ក្រោយរដ្ឋប្រហារថ្ងៃ ១៨ មីនា ១៩៧០ ទម្លាក់ សម្តេច ព្រះនរោត្តម សីហនុ  ចេញពីតំណែងជាព្រះប្រមុខរដ្ឋ។ បន្ទាប់មក ប្រទេសជាតិបានធ្លាក់ទៅក្នុងរបបប្រល័យពូជសាសន៍៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ ក្រោមការដឹកនាំរបស់ប៉ុល ពត អៀង សារី ខៀវ សំផន ធ្វើឱ្យប្រជាជនធ្លាក់ទៅក្នុងគ្រោះមហន្តរាយរកទីបំផុតគ្មាន។
ក្រោយមកទៀត ប្រទេសជាតិត្រូវធ្លាក់ចូលភ្លើងសង្គ្រាមផ្ទៃក្នុងអស់រយៈពេល ២០ ឆ្នាំទៀត ធ្វើឱ្យខ្ទេចខ្ទីហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាងរបស់ប្រទេសនាំឱ្យប្រជាជនស្គាល់តែទុក្ខលំបាកវេទនា ព្រាត់ប្រាស់ក្រុមគ្រួសារ  រងទុក្ខគ្មានល្ហែរ ធ្វើឱ្យរាងចាលសង្គ្រាម មិនចង់ឃើញមិនចង់លឺ មិនចង់ដឹងពីសង្គ្រាម ទាល់តែសោះ  ដោយ​សារសង្គ្រាមបានបន្សល់ទុកនូវស្លាកស្នាមដ៏ឈឺចាប់ខ្លោចផ្សារ ហិនហោចគ្រប់បែបយ៉ាងទាំងអស់ គ្មានសល់ សល់តែការភ័យខ្លាច តក់​ស្លុតនិង រាងចាល។ បើកុំបាន«នយោបាយឈ្នះ-ឈ្នះ» របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទេនោះ មិនដឹងជាប្រ​ទេសកម្ពុជាក្លាយទៅជាអ្វីទេមិនខុសពីស្ថាននរកទេមើលទៅ។ នេះហើយ​ជាផលវិបាកនៃសង្គ្រាម ទោះនៅទីណាកន្លែងណាដូចតែគ្នាទាំងអស់។
លោក សុខ ឥសាន ក៏បានសង្កត់ធ្ងន់ថា ថ្មីៗ នេះ ដោយសារសង្គ្រាមយកឈ្នះចាញ់ នៅប្រទេសស៊ីរី បានធ្វើឱ្យកុមារ មនុស្សចាស់ ជនពិការ ស្លាប់តែមួយប្រព្រិចភ្នែកអស់ជាង១២០០នាក់ បង្កើតជាសោកនាដកម្មដ៏ខ្លោចផ្សារជាថ្មីនៅក្នុងសតវត្សទី២១នេះ។ នេះហើយសង្គ្រាម ខ្លាចហើយសង្គ្រាម តក់ស្លុតណាស់សង្គ្រាម ភ័យណាស់សង្គ្រាម ខ្លោចផ្សារណាស់សង្គ្រាមទៅឱ្យឆ្ងាយទៅសង្គ្រាម!!
លោក សុខ ឥសាន ក៏បានថ្លែងអំពាវនាវថា ឆ្លងកាត់បទពិសោធន៍ដ៏ឈឺចាប់ខ្លោចផ្សាររកទីបំផុតគ្មានបែបនេះ ប្រជាជនកម្ពុជា មានតែរួមដៃគ្នាគាំទ្រលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឱ្យដឹកនាំប្រទេសកម្ពុជាតទៅទៀតទើបរក្សាបានសន្តិភាពនិងការអភិវឌ្ឍរីកចម្រើនប្រជាជនបានសុខសប្បាយដូចសព្វថ្ងៃនេះបន្តទៀត៕


No comments:

Post a Comment