Monday, April 10, 2017

គម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯកទទួលភ្ញៀវទេសចរធ្វើសមាធិជាលើកដំបូង

នារសៀលថ្ងៃទី០៨ ខែមេសាឆ្នាំ២០១៧ គម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯកទទួលភ្ញៀវទេសចរជនជាតិអាមេរិកាំងមកកម្សាន្ត និងធ្វើសមាធិជាលើកដំបូងចំនួន៤០រូប។
ពិធីធ្វើសមាធិត្រូវបានរៀបចំនៅមាត់ត្រពាំងបុរាណឈ្មោះត្រពាំងល្បើកនិងដឹកនាំដោយព្រះ​គ្រូឥន្ទបាលី កែវ អាន ព្រះវិន័យធរអនុគណក្រុងសៀមរាប និងជាចៅអធិការវត្តអង្គរខាងត្បូង ដើម្បីឲ្យសមស្របទៅតាមមាគ៌ាពិតប្រាកដរបស់ព្រះពុទ្ធសាសនា។ តាមធម្មទេសនាពន្យល់របស់ព្រះតេជគុណ កែវ អាន ការធ្វើសមាធិ ជាវិធីសម្រាកមួយដ៏ប្រសើរ ដែលជួយឲ្យរាងកាយនិងផ្លូវចិត្តបានស្ងប់រម្ងាប់ពីកង្វល់ និងភាពចលាចលក្នុងលោក។ វិធីនេះត្រូវបានព្រះពុទ្ធជ្រើសរើសអនុវត្តដើម្បីដុសខាត់បញ្ញារហូតដល់បានត្រាស់ដឹងសច្ចធម៌ តាំងតែពីជាងពីរពាន់ឆ្នាំមុនមកម្ល៉េះ។
លោក មុត យសា ប្រធានអង្គការ PAPA និងជាមគ្គុទ្ទេសក៍ទេសចរណ៍ដែលបានដឹកនាំក្រុមសិស្សសាលាបរទេសមកធ្វើសមាធិនៅភូមិធម្មជាតិរុនតាឯកបានបញ្ជាក់ថា ការរៀបចំដំណើរកម្សាន្ត និងធ្វើសមាធិនៅទីនេះ គឺក្នុងគោលបំណងផ្សព្វផ្សាយនូវវប្បធម៌អារ្យធម៌ខ្មែរ ដែលដូនតាធ្លាប់បានអនុវត្តរាប់ពាន់ឆ្នាំមកហើយ ដូចដែលមានក្នុងចម្លាក់តាមប្រសាទជាច្រើន។ ម្យ៉ាងទៀត ការជ្រើសរើសភូមិធម្មជាតិរុនតាឯកជាទីតាំង ដោយសារទីនេះមានលក្ខណៈទេសចរណ៍ធម្មជាតិ (Eco-Tourism) និងរួមចំណែកជំរុញវិស័យទេសចរណ៍នៅទីនេះឲ្យកាន់តែទូលំទូលាយ។
លោក ម៉ី ម៉ារ៉ាឌី ទីប្រឹក្សានៃអាជ្ញាធរជាតិអប្សរា និងជាប្រធានគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯកមានប្រសាសន៍ថា ទេសចរណ៍សមាធិ គឺជាគម្រោងមួយនៃទេសចរណ៍ធម្មជាតិដ៏ច្រើននៅភូមិធម្មជាតិរុនតាឯក។ កន្លងមក ភ្ញៀវទេសចរបានចាប់អារម្មណ៍លើគម្រោងផ្ទះស្នាក់ ការធ្វើស្រែ ធ្វើក្រឡាន និងបង្ហោះគោមជាដើម។ នេះជាលើកទីមួយហើយដែលភ្ញៀវទេសចរបានអារម្មណ៍លើការធ្វើសមាធិ។

លោក ក៏បានបន្ថែមថា វិស័យទេសចរណ៍គឺជាគម្រោងធំមួយជាមួយគ្នានឹងវិស័យកសិកម្ម ដែលក្រុមគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯកបានបង្កើតឡើង ដើម្បីលើកស្ទួយជីវភាពប្រជាពលរដ្ឋនៅទីនេះឲ្យកាន់តែល្អប្រសើរ៕




No comments:

Post a Comment