Monday, April 10, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ វិស័យឧស្សាហកម្ម សិប្បកម្ម សំណង់ និងទេសចរណ៍កម្ពុជា មានការរីកលូតលាស់ជាលំដាប់

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន​ បានលើកឡើងថា  វិស័យឧស្សាហកម្ម សិប្បកម្ម សំណង់ និងទេសចរណ៍​កម្ពុជា ​មានការរីកលូតលាស់ជាលំដាប់។ លោក បានលើកឡើងដូចនេះនៅ​ក្នុងសារលិខិតអបអរសាទរ​ផ្ញើជូនជនរួមជាតិកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ​ប្រពៃណី​ជាតិ ចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា វិស័យឧស្សាហកម្ម និងសិប្បកម្មបានរីកលូត​លាស់ជាបន្តបន្ទាប់ ដែលក្នុងនេះមានរោងចក្រ​សរុបចំនួនជាង ១៥០០រោងចក្រ ដែលភាគ​ច្រើនជារោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែក​ជើង និងមានឧស្សាហកម្មមធ្យម តូច និង​សិប្បកម្មជាង៣៩០០០មូលដ្ឋាន ហើយដែលបាន​ស្រូប​កម្លាំងពលករសរុបប្រមាណ​ជាង​១លាននាក់។ សក្ខីភាពនេះ បង្ហាញឱ្យឃើញនូវជំនឿ​ជឿជាក់ក្នុងការបណ្តាក់ទុននៅ​កម្ពុជា​ពីសំណាក់វិនិ​យោគិនក្នុងស្រុក និងបរទេស ដែល​សកម្មភាពនេះបានចូលរួមចំណែកកាត់​បន្ថយភាពក្រី​ក្រ​របស់​ប្រជាពលរដ្ឋតាមរយៈការផ្តល់ការងារ និងផ្តល់ប្រាក់ចំណូលសម្រាប់​ទ្រទ្រង់ជីវភាព​រស់​នៅប្រចាំថ្ងៃ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ថា កម្ពុជា ក៏មានការរីកលូតលាស់លើវិស័យសំ​ណង់​ដោយមានអគារខ្ពស់ចាប់ពី៥ជាន់ទៅ៤០ជាន់ឡើងក្នុងរាជធានីភ្នំពេញ គិតមកដល់ឆ្នាំ ២០១៦នេះ មានជាង ៨០០កន្លែង ព្រមទាំងសំណង់លំនៅស្ថាន បុរី សណ្ឋាគារ ផ្ទះសំណាក់ បានរីកដុះដាលព្រោងព្រាត តាមទីប្រជុំជន ទីរួមខេត្តក្នុងប្រទេស។
សម្រាប់វិស័យទេសចរណ៍វិញ ក្នុងពិធីបុណ្យសមុទ្រលើកទី៥ ឆ្នាំ២០១៦ ក្រោមប្រធានបទ «ទីក្រុងបៃតង ឆ្នេរស្អាត សមុទ្រខៀវស្រងាត់» និងនៅក្នុងវេទិកាជាតិទីក្រុងស្អាតឆ្នាំ២០១៧ ក្រោមប្រធានបទ «ទីក្រុងស្អាត ទីក្រុងផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរ» ដែល​បានរៀបចំធ្វើឡើងកន្លងទៅថ្មីៗនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការចាំ​បាច់​មួយចំនួនដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងនោះគឺការពង្រឹងសន្តិភាព សន្តិ​សុខ ការរៀបចំសណ្តាប់ធ្នាប់សាធារណៈ បរិស្ថានឱ្យបានកាន់តែល្អប្រសើរ និងកាត់បន្ថយការ កកស្ទះចរាចារណ៍ក្នុងទីក្រុងផងដែរ ដើម្បីឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកប​ដោយ​​ភាពទាក់ទាញនិងផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា ក្នុងឆ្នាំ២០១៦កន្លងទៅនេះ ភ្ញៀវទេសចរ អន្តរជាតិ បានចូលមកព្រះរាជាណាចក្រកម្ពុជាមានចំនួនប្រមាណជាង៥លាននាក់ និងពលករ ដែលបម្រើការងារវិស័យឧស្សាហកម្មទេសចរណ៍ដោយផ្ទាល់មានប្រមាណជាង៦០ម៉ឺននាក់ផងដែរ៕









No comments:

Post a Comment