Monday, April 10, 2017

រដ្ឋមន្រ្តីក្រសួងការងារ៖ ប្រទេសជាតិយើងបច្ចុប្បន្ននេះ មានការរីកចម្រើនប្រកបដោយសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ

នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៧ លោក ​អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថាប្រទេសជាតិយើងបច្ចុប្បន្ននេះ មានការរីកចម្រើនប្រកបដោយ​សន្តិ​ភា​ព ស្ថិរភាព ការ​អភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ។ លោក បានថ្លែងដូចនេះ ក្នុងឱកាសដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ និងសំណេះសំណាលនាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ជាមួយនាយទាហាន នាយទាហានរង និងពលទាហាននៅកងពលតូចអន្តរាគមន៍លេខ៧ នៅ​ភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ក្នុងឱកាសនេះ លោករដ្ឋមន្រ្តី បានពាំនាំនូវការផ្តាំផ្ញើសួរសុខ​ទុក្ខ​ពី​​សំណាក់លោកនាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន និងភរិយា ដែល​ជានិច្ច​កាល​បានគិតគូរចំពោះសុខទុក្ខ និងការរស់​នៅ​របស់នាយ​ទាហាន នាយទាហានរង និងពល​ទាហាន​ទាំងអស់នៃកងកម្លាំង​ប្រដាប់​អាវុធរបស់​យើង​នៅ​គ្រប់​ទី​កន្លែង។ ជាមួយគ្នានេះ លោករដ្ឋមន្រ្តី ក៏បានសម្តែងនូវការកោតសរសើខ្ពស់​ចំពោះ​ស្មារតី​តស៊ូអង់អាច​ក្លាហាន ប្រកបដោយ​វីរៈភាព​របស់​នាយទាហាន នាយទាហានរង និងពលទាហានរបស់​យើង​នៅ​កងពលតូច​អន្តរា​គមន៍លេខ៧ ដែលបានយកអស់កម្លាំង​កាយចិត្តក្នង​បុព្វហេតុ​ការពារ​​មាតុភូមិ​​ការពារ​បូរណភាព​ទឹក​ដី​នៃព្រះរាជាណាចក្រកម្ពុជា និងការចូលរួម​អភិវឌ្ឍ​ប្រទេស​ជាតិ​របស់យើង​ ឱ្យមានការរីកចម្រើន​លើគ្រប់វិស័យ។
​ពិធីសំណេះសំណាលរបស់យើងនាពេលនេះ ស្ថិត​ក្នុង​​ស្ថាន​ភាពនៃ​​សភាពការណ៍របស់ប្រ​ទេសជាតិ ដែលកំពុង​តែ​មាន​ការរីក​ចម្រើន​ប្រកបដោយសន្តិភាព ស្ថិរភាព ការអភិ​វឌ្ឍ និងកិច្ច​សហ​ប្រតិ​បត្តិ​ការ ក្រោមការដឹកនាំដ៏ឈ្លាសវៃ​ប្រកប​ដោយគតិបណ្ឌិត របស់ប្រមុខរាជរដ្ឋា​ភិបា​លកម្ពុជា។ ព្រមជាមួយនោះ លោក អ៊ិត សំហេង ក៏បានជម្រាបជូនអំពីវឌ្ឍនភាពដែលរាជរដ្ឋាភិបាល បានខិតខំសម្រេចបាននូវសមិទ្ធិផលជាច្រើន ដែលយើងទាំងអស់គ្នាបានឃើញ និងទទួលបានផលពីសមិទ្ធផលនេះ ដែលកើតចេញពីការចួលរួមរបស់ថ្នាក់ដឹកនាំជាតិ បុគ្គលិក មន្រ្តីរាជការគ្រប់ជាន់ថ្នាក់ កងយោធពលខេមរភូមិន្ទ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋ ស្របតាមកម្មវិធីនយោបាយ​របស់​រាជរដ្ឋាភិបាល។
នៅក្នុងឱកាសនោះផងដែរ លោករដ្ឋមន្រ្តី ក៏បានអំពាវនាវឱ្យនាយទាហាន នាយទាហានរង និង​ពល​ទា​ហា​ន​ទាំងអស់ អញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខឱ្យបានគ្រប់ៗគ្នាផងដែរ៕


 


No comments:

Post a Comment