Monday, December 18, 2017

កូរ៉េខាងជើងស្ថិតក្នុង​ស្ថានភាព​ពិបាកគ្រប់គ្រង៖​ ទីប្រឹក្សារដ្ឋាភិបាល​ជំរុញឲ្យ​ចិនត្រៀម​សម្រាប់សង្រ្គាម​

អ្នកសង្កេតការណ៍បាននិយាយថា ហានិភ័យនៃការប៉ះទង្គិចនៅឧបទ្វីបកូរ៉េគឺកើនឡើងខ្ពស់ ហើយទីក្រុងប៉េកាំងត្រូវតែគៀងគរធនធានសម្រាប់ការផ្ទុះសង្រ្គាម។

ទីប្រឹក្សារដ្ឋាភិបាលចិន និងមន្រ្តីយោធាជាន់ខ្ពស់ចូលនិវត្តន៍បានព្រមានកាលពីថ្ងៃសៅរ៍ថា ប្រទេសចិនត្រូវតែត្រៀមខ្លួនសម្រាប់សង្គ្រាមមួយនៅឧបទ្វីបកូរ៉េ ដោយមានហានិភ័យនៃការប៉ះទង្គិចកាន់តែខ្ពស់ជាងពេលមុនៗទៀតនោះ ។

ពួកគេបានព្រមានថា ទីក្រុងប៉េកាំងកំពុងតែបាត់បង់ការគ្រប់គ្រងស្ថានការណ៍។

លោក Shi Yinhong សាស្ត្រាចារ្យទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យ Renminបាននិយាយថា «ស្ថានភាពនៅឧបទ្វីបឥឡូវនេះធ្វើឱ្យមានហានិភ័យធំបំផុតនៃសង្គ្រាម»។

លោក Shi បាននិយាយថា ប្រធានាធិបតីអាមេរិកលោក Donald Trump និងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong-un ត្រូវបានជាប់គាំងនៅក្នុងការគំរាមកំហែងទៅវិញទៅមក ហើយវាយឺតពេលសម្រាប់ប្រទេសចិនស្តារវាឡើងវិញ។ ទីក្រុងប៉េកាំងអាចបញ្ឈប់ការប៉ះទង្គិចគ្នា។

លោក Shi បាននិយាយថា «កូរ៉េខាងជើងស្ថិតក្នុងស្ថានភាពពិបាកគ្រប់គ្រង។ យើងអាចពន្យារពេលការផ្ទុះ      សង្គ្រាមនេះ ដោយសង្ឃឹមថា ការពន្យារពេលនេះនឹងអាចបញ្ឈប់ការផ្ទុះសង្រ្គាម»។

ថ្លែងទៅកាន់សន្និសីទកាសែតលោក Wang Hongguang អតីតមេបញ្ជាការរងនៃតំបន់យោធា Nanjing បានព្រមានថា សង្រ្គាមអាចផ្ទុះឡើងនៅឧបទ្វីបកូរ៉េគ្រប់ពេលចាប់ពីខែមីនា នៅពេលដែលកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកធ្វើសមយុទ្ធយោធាប្រចាំឆ្នាំ។

លោក Wang បាននិយាយថា «វាគឺជាពេលវេលាគ្រោះថ្នាក់បំផុត»។ «ភាគឦសានប្រទេសចិនគួរត្រៀមការពារសម្រាប់សង្គ្រាម»។

លោក Yang Xiyu ជាសមាជិកជាន់ខ្ពស់នៃវិទ្យាស្ថានសិក្សាអន្តរជាតិចិនដែលមានទំនាក់ទំនងជាមួយក្រសួងការបរទេសចិនបាននិយាយថា ស្ថានភាពនៅឧបទ្វីបនេះគឺគ្រោះថ្នាក់បំផុតក្នុងរយៈពេលកន្លះសតវត្សរ៍។

លោកបាននិយាយថា «មិនថា មានសង្គ្រាម ឬសន្តិភាពក៏ដោយ ក៏ចិនមិនមានការគ្រប់គ្រង ឬមានឥទ្ធិពលលើបញ្ហានេះទេ»។

ប្រទេសចិនប្រហែលជានឹងត្រៀមលក្ខណៈសម្រាប់អ្វីដែលអាក្រក់បំផុត។

កាលពីសប្ដាហ៍មុន កាសែតផ្លូវការ Jilin Daily បានចុះផ្សាយនូវដំបូន្មានមួយទំព័រពេញសម្រាប់អ្នកស្រុកអំពីរបៀបឆ្លើយតបនឹងការវាយប្រហារដោយនុយក្លេអ៊ែរ។

ឯកសារដែលអះអាងដោយប្រតិបត្តិករទូរគមនាគមន៍ China Mobile អំពីគម្រោងបង្កើតជំរុំជនភៀសខ្លួនចំនួនប្រាំនៅស្រុក Changbai ក្រុង Jilin ក៏ត្រូវបានបង្ហោះលើបណ្តាញ អនឡាញកាលពីសប្ដាហ៍មុនផងដែរ។

លោក Wang បាននិយាយថា អត្ថបទកាសែត Jilin Daily គឺជា «សញ្ញាមួយដើម្បីឱ្យប្រទេសនេះត្រៀមខ្លួនសម្រាប់សង្គ្រាមខាងមុខ»។

លោកបាននិយាយថា ប្រទេសចិនក៏មានការព្រួយបារម្ភអំពីការគំរាមកំហែងការសាកល្បងនុយក្លេអ៊ែរញឹកញាប់របស់កូរ៉េខាងជើង ដែលបានបង្កឱ្យមានរចនាសម្ព័ន្ធភូមិ  សាស្ត្រដែលមិនមានលំនឹងនៅក្នុងតំបន់។

សាស្រ្តាចារ្យសាកលវិទ្យាល័យ Nanjing លោក Zhu Feng បាននិយាយថា មិនថាមានលទ្ធភាពតិចតួចយ៉ាងណាទេ ប្រទេសចិនគួរតែរៀបចំចិត្តសាស្ត្រ និងអនុវត្តសម្រាប់      «ជម្លោះនុយក្លេអ៊ែរដ៏មហន្តរាយ និងការផ្ទុះនុយក្លេអ៊ែរ»។

លោក Zhu បាននិយាយថា ហេតុអ្វីបានជាយើងតែងតែធ្វើអាកប្បកិរិយាមិនដឹងអ្វី? ហេតុអ្វីយើងតែងតែជឿថា សង្គ្រាមនឹងមិនកើតឡើង?»។

«អ្វីដែលប្រទេសចិនត្រូវការគឺភាពបន្ទាន់ អំពីការធ្លាក់ចុះឥទ្ធិពលរបស់ខ្លួននៅក្នុងយុទ្ធសាស្រ្តដែលទាក់ទងនឹងឧបទ្វីប និងវិធីដែលវាទម្លាក់ឋានៈ និងតួនាទីរបស់ចិននៅក្នុងបញ្ហាសន្តិសុខអាស៊ីបូព៌ា» ។

លោកក៏បាននិយាយផងដែរថា ការខកខានរបស់លោក Kim ក្នុងការជួបបេសកជនចិន Song Tao ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ក្រុងព្យុងយ៉ាងកាលពីខែមុនគឺជា «ការអាម៉ាស់»ចំពោះប្រទេសចិន។

ទន្ទឹមនឹងនេះ នៅឯអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក រដ្ឋមន្ត្រីការបរទេស   អាមេរិកលោក Rex Tillerson បានអំពាវនាវប្រទេសចិន និងរុស្ស៊ីបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីបញ្ឈប់កម្មវិធីនុយក្លេអ៊ែរព្យុងយ៉ាង។

ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិគឺលោក Ja Song-nam បានចោទប្រកាន់សហរដ្ឋអាមេរិក ជប៉ុន និងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងការចាប់ផ្តើមយុទ្ធនាការប្រទូសសារ៉ាយ ដើម្បីបញ្ឈប់ទីក្រុងព្យុងយ៉ាងពីការទទួលបានអាវុធនុយក្លេអ៊ែរ ដែលខ្លួនមើលឃើញថា ចាំបាច់ដើម្បីការពារខ្លួន។

លោក Shi បាននិយាយថា ក្តីសង្ឃឹមសម្រាប់សន្តិភាពមិនអាស្រ័យលើលោក Kim និងលោក Trump ហើយចិន និងរុស្ស៊ីគួរតែធ្វើការរួមគ្នាដើម្បីប្រឆាំងនឹងសង្គ្រាម។

នៅក្នុងជំនួបជាមួយលោកប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in នៅទីក្រុងប៉េកាំងលោក Xi Jinping ប្រធានាធិបតីចិនបាននិយាយថា សង្គ្រាមនៅឧបទ្វីបនេះមិនអាចទទួលយកបានទេ៕

ប្រភព: South China Morning Post ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧


No comments:

Post a Comment