Monday, December 18, 2017

អ្នកនាំពាក្យគណបក្សកាន់អំណាច ព្រមានទៅទណ្ឌិត សម រង្ស៊ី កុំឱ្យស្រមៃថា នឹងញុះញង់កងទ័ពបាន

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧នេះ បានព្រមានទៅទណ្ឌិត សម រង្ស៊ី ដែលកំពុងរត់គេចខ្លួននៅក្រៅប្រទេស កុំឱ្យព្យាយាមស្រមើស្រ​មៃម្តងហើយម្តងទៀតថា នឹងអាចញុះញង់ទឹកចិត្តកងទ័ពខ្មែរបានឱ្យសោះ។

ការលើកឡើងរបស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលកំពុងមានសំណុំរឿងស្អេកស្កះ នៅតុលាការកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ នេះ បានចេញវីដេអូឃ្លីបមួយ អំពាវនាវជាថ្មី កុំឱ្យកងទ័ពស្តាប់បញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា​ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ទោះបីជាការអំពាវនាវបែបនេះបានធ្វើឱ្យកងទ័ពកម្ពុជាគ្រប់មជ្ឈដ្ឋាន ប្រតិកម្ម ខឹងសម្បារ ហើយចេញញត្តិថ្កោលទោសជាបន្តបន្ទាប់កន្លងមកក៏ដោយ។

លោក សុខ​ ឥសាន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សូមប្រាប់ទណ្ឌិត សម រង្ស៊ីឱ្យច្បាស់ថា មិនបាច់ខិតខំព្យាយាមញុះញង់កងទ័ពឱ្យងាកចេញពីការគាំទ្ររាជរដ្ឋាភិបាល ហើយទៅជាប្រឆាំងនឹង រាជរដ្ឋាភិបាលឱ្យសោះ អត់ផ្លូវទេ។ ការញុះញង់កងទ័ពឱ្យប្រឆាំងនឹងរាជរដ្ឋាភិបាល មិនទទួ​លបានលទ្ធផលអ្វីទេ។ ផ្ទុយទៅវិញ នាំឱ្យកងទ័ពកាន់តែបង្កើនបានការចងកំហឹងកាន់តែខ្លាំងក្លាថែមទៀត មកលើពួកអគតិដែលតែងតែមានបំណងអាក្រក់ចំពោះជាតិ និងប្រជាជន។ កុំចង់បំ​បែកបំបាក់កងទ័ពជាមួយរាជរដ្ឋាភិបាល កងទ័ពបាននិងកំពុងរកមុខប្រយ័ត្ន»។

លោក សុខ ឥសាន បានបន្តទៀតថា «ការព្យាយាមញុះញង់នេះ អាស្រ័យដោយ សម រង្ស៊ី មិនដឹងខ្យល់អ្វីទាំងអស់ មិនដឹងថាកងកម្លាំងប្រដាប់អាវុធ ជាពិសេសកងទ័ព គឺជាឧបករណ៍របស់ប្រជាជន មានតួនាទីនិងភារកិច្ចការពាររាជរដ្ឋាភិបាលរបស់ប្រជាជន ការពារសន្តិភាព និងសេចក្តីសុខរបស់ប្រជាជន។ គ្មានពេលណាដែលកងទ័ពងាករេចេញពីរាជរដ្ឋាភិបាលនិងប្រជាជនឡើយ»។

គួររំលឹកថា កន្លងទៅ ក្រោយមានការអំពាវនាវបែបនេះរបស់ លោក សម រង្ស៊ី កងយោធពលខេមរភូមិន្ទ បានចេញញត្តិថ្កោលទោស ហើយព្រមានមិនអត់ឱនឱ្យទណ្ឌិតរូបនេះទេ។ កងយោធពលខេមរភូមិន្ទ បានធ្វើសន្និសីទប្រតិកម្មនេះ ហើយសម្រេចដាក់ពាក្យបណ្តឹងប្តឹង លោក សម រង្ស៊ី កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ ដោយចោទប្រកាន់ទណ្ឌិត សម រង្ស៊ី ពីបទញុះញង់កុំឱ្យយោធិនស្តាប់បង្គាប់ ធ្វើឱ្យខូចទឹកចិត្តកងទ័ព និងប្រមាថ៕

(ប្រភព៖ Fresh News)


No comments:

Post a Comment