Monday, December 18, 2017

ការរក្សាបាននូវស្ថេរភាពនយោបាយ សន្តិសុខសង្គម និងការអនុគ្រោះពន្ធដល់អ្នកវិនិយោគ ធ្វើឱ្យកម្ពុជាទាក់ទាញការវិនិយោគបានកាន់តែច្រើន

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ដោយសារស្ថេរភាពនយោបាយ និងសន្តិសុខសង្គម ព្រមទាំងការអនុគ្រោះពន្ធដល់វិនិយោគទុនបរទេស គឺបានទាក់ទាញវិនិយោគិនយ៉ាងច្រើន ដែលបានផ្តល់ការងារ និងប្រាក់ចំណូលសមរម្យដល់កម្មករ។

លោកបានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយតំណាងកម្មករ និងនិយោជិត ៤,៦៤០នាក់ មកពីរោងចក្រចំនួន ៥៣រោងចក្រ ក្នុងពីខេត្តកំពង់ស្ពឺ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្តែងសេចក្តីសប្បាយរីករាយយ៉ាងខ្លាំងក្នុងពេលដែលបានជួបជុំតំណាងកម្មករកម្មការិនី។ រហូតមកដល់ពេលនេះ លោកបានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនកម្មករចំនួន២២លើករួចហើយ ដែលនេះគឺជាលើកទី២៣ ដោយក្នុងនោះ លោកបានអញ្ជើញជួបសំណេះសំណាលនៅតំបន់រោងចក្រផ្ទាល់ចំនួន១៤លើក និងជាមួយតំណាងកម្មករ និយោជិតនៅកោះពេជ្រ ចំនួន០៩លើក។ សព្វថ្ងៃនេះកម្ពុជាមានរោងចក្រកាត់ដែរ ១,១០៧ ដែលពីមុនមានតែ៦៤។ បើសរុបរោងចក្រសហគ្រាស ទាំងអស់គឺមានចំនួន ១១,១៦៨ ដែលបានផ្តល់ការងារដល់ពលរដ្ឋកម្ពុជាប្រមាណជាង ១,២លាន នាក់។ ប្រាក់ខែកម្មករពីមុន គឺតែជាង៣០ដុល្លារប៉ុណ្ណោះ ហើយត្រូវបានតម្លើងជាបន្តបន្ទាប់រហូតបច្ចុប្បន្ននេះ គឺប្រាក់ឈ្នូលអប្បបរិមាគឺ ១៥៣ ដុល្លារ ហើយនៅតែ១៤ថ្ងៃទៀតទេ (ឆ្នាំ២០១៨) បងប្អូនកម្មករ កម្មការិនី នឹងទទួលបានប្រាក់បៀវត្សចំនួន ១៧០ដុល្លារ (ឡើង១១%) បូករួមនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវសុំឱ្យកម្មករនិងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ចូលរួមថែក្សា សន្តិ ភាព និងការអភិវឌ្ឍដើម្បីឱ្យប្រទេសជាតិកាន់តែរីកចម្រើន។ បើគ្មានសន្តិភាពគឺមិនមានការអភិវឌ្ឍនោះទេ ហើយការអភិវឌ្ឍក៏មិនអាចខ្វះបាននូវសន្តិភាពនោះទេ៕







No comments:

Post a Comment