Monday, December 18, 2017

គម្រោងសាងសង់ខុនដូរ ខ្ពស់ជាងគេបំផុត នៅខេត្តព្រះសហីនុ ចាប់ផ្តើមប្រកាសបើកលក់ជាផ្លូវការហើយ

លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសំដែងការកោតសសើរជាខ្លាំង ទៅលើក្រុមហ៊ុន Khcn Investment & Development Co., Ltd របស់ចិន ដែលបានវិនិយោគទឹកប្រាក់ជាច្រើន ដើម្បីសាង​សង់ខុនដូ ដែលមានផ្ទៃក្រឡាជាង១សែន ម៉ែត្រក្រឡានៅខេត្តជាប់មាត់សមុទ្រ របស់កម្ពុជា។

ការថ្លែងកោតសសើររបស់លោកឧបនាយករដ្ឋមន្ត្រី ស ខេង នេះបានធ្វើឡើងនាឱកាស ដែលលោកអញ្ជើញ​ចូលរួមជាអធិបតីភាព ក្នុងកម្មវិធីបើកសម្ពោធលក់ជាផ្លូវការ របស់អាគារខុនដូ The Seagate Suite នាយប់​ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧។ អាគារខុនដូ The Seagate Suite ជាអាគារខ្ពស់​បំផុត នៅក្នុងក្រុងព្រះសីហនុ ដែលត្រូវបានរចនាអគារ​ឡើងដោយការផ្ចិតផ្ចង់ និងមានភាពល្អឥតខ្ចោះ ដែលមានកម្ពស់រហូត​ទៅដល់​១៤៦ម៉ែត្រ ស្មើរនឹង៤៣ជាន់ នៃផ្ទៃសំណង់សរុបជាងមួយសែនម៉ែត្រក្រឡា។

លោកឧបនាយករដ្ឋមន្ត្រី ស ខេង បានថ្លែងឱ្យដឹងថា នេះក៏ជាជម្រើសថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋកម្ពុជា និងសម្រាប់អ្នកដែលរស់ នៅកម្ពុជាស្របច្បាប់»។
លោកបានថ្លែងបញ្ជាក់ទៀតថា «ខ្ញុំពិតជាសប្បាយរីករាយ ចំពោះសមិទ្ធផលថ្មីនេះ ពិតមែនហើយនេះ​ជាទ្រព្យ​សម្បត្តិរបស់ក្រុមហ៊ុនមួយ ឬច្រើនដែលបានសហការ​រួមគ្នា…តែនេះជាសមិទ្ធិផលថ្មី​ដែលបានបង្កើត​ឡើង​នៅប្រទេសកម្ពុជា និងនៅក្នុងទីក្រុងព្រះសីហនុ ទោះបីជាយ៉ាងណាសមិទ្ធផលទាំងនេះ ជារបស់កម្ពុជា។ ខ្ញុំក៏សូមលើកទឹកចិត្ត ឲ្យអាជ្ញាធរគ្រប់ទីកន្លែងគោរព និងបំរើតាមតួនាទីរបស់ខ្លួន ដើម្បីបង្កលក្ខណៈងាយ​ស្រួល​ដល់​ប្រជាពលរដ្ឋនានា ក្នុងការបំពេញលិខិតស្នាមក្នុងការរស់នៅស្របច្បាប់ នៅក្នុងខុនដូ នេះដែល​​ស្ថិតនៅ​ក្នុងខេត្តព្រះសីហនុ»។

លោក អ៊ុក សុចិត្រ ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន និងជាតំណាងម្ចាស់ខុនដូ The Sea Gate Suite នៃក្រុមហ៊ុន Khcn Investment & Development Co., LTD បានថ្លែងឱ្យដឹងថា ឆ្លងតាមចក្ខុវិស័យសេដ្ឋកិច្ច​កម្ពុជា ចំណងមិត្តភាពកម្ពុជា-ចិន តាមរយៈការវិនិយោគ គឺកំពុងមានសន្ទុះគួរឱ្យកត់សំគាល់ តួយ៉ាងការ​អភិវឌ្ឍន៍​វិស័យលំនៅដ្ឋាននៅកម្ពុជាជាដើម។ ក្នុងនោះដែរគេឃើញថា ខេត្តព្រះសីហនុជាតំបន់​អេកូរ​ទេស​ចរណ៍​ដ៏មានសក្ដានុពលមួយ ដែលកំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ឱ្យមកកំសាន្ដជាហូរហែរ ស្រប់ពេលដែលរាជរដ្ឋាភិបាលលកម្ពុជា បានបង្កើតឱ្យមានគម្រោងអភិវឌ្ឍន ហេដ្ឋារចនាសម្ព័ន្ធជា​ច្រើនផងដែរ។

សូមបញ្ជាក់ថាអគារខុនដូថ្មីនេះ មានកម្ពស់៤៣ជាន់ ខុនដូដល់ស្រស់ស្អាតនេះបានបំពាក់នូវឧបករណ៍​ទំនើបៗដូចជា៖ មានអាងហែលទឹកដល់ធំប្រវែង៧០ម៉ែត្រ រីឯនៅលើលំហជាន់ទី៨វិញ មានក្លឹបហាត់ប្រាណ ភោគជនីយដ្ឋាន ផ្សារទំនើប សណ្ឋាគារផ្កាយ៥ កន្លែងកំសាន្ដ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងកន្លែងសម្រាប់​ចត់ឧទ្ធម្ភាចក្រ នៅលើដំបូលអាគារថែមទៀតផង ៕





No comments:

Post a Comment