Monday, December 18, 2017

លោក សុខ ឥសាន៖ ពន្លឺយុត្តិធម៌មានដល់រាជរដ្ឋាភិបាលកម្ពុជាបណ្តើរៗហើយ

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ​លោក សុខ ឥសាន បានឱ្យដឹងថា នៅពេលថ្មីៗនេះ តុលា​ការ​សហរដ្ឋអាមេរិកបានផ្អាកការចាប់បញ្ជូនពលរដ្ឋអាមេរិក ដើមកំណើតខ្មែរទៅកម្ពុជា។ ការ​សម្រេចប្រកបដោយឆន្ទានុសិទ្ធិឯករាជ្យរបស់តុលាការនេះ គឺជាឱកាសដ៏ល្អ​មួយសម្រាប់​រដ្ឋ​បាល​​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ពិចារណាឡើងវិញ នូវការសម្រេចដ៏តឹងរឹងពីមុននោះ។ បញ្ហា​នេះ​ក៏ឆ្លុះបញ្ចាំងឲ្យឃើញថាសំណើររបស់កម្ពុជា ទៅរដ្ឋាភិបាលសហរដ្ឋអាមេរិក គឺជាការ​ត្រឹម​ត្រូវ និងស្របតាមនិយាមសិទ្ធិមនុស្ស មនុស្សធម៌ និងសីលធម៌ ។ បញ្ហានេះ​គួរ​សហរដ្ឋអាមេរិកយកទៅពិចារណាផងដែរ ពីព្រោះសាម៉ីជន​ទាំង​នោះបានកើតនៅជំរុំជនភៀស​ខ្លួនក្នុងទឹកដីថៃ មិនចេះភាសាខ្មែរ មិនដឹងពីទំនៀមទម្លាប់ខ្មែរ និងគ្មានសាច់ញាតិនៅស្រុកខ្មែរ។ ប្រជាពលរដ្ឋខ្មែរទាំងអស់នោះ មានប្រពន្ធកូននៅ​សហរដ្ឋអា​មេរិក     បើចាប់បង្ខំឲ្យទៅរស់នៅ​កម្ពុជា​បែក​ប្រពន្ធកូនហាក់ដូចជាដាក់ទោសម្តងទៀត ។

លោកបានឱ្យដឹងទៀតថា បញ្ហារុករកអដ្ឋិធាតុទាហានអាមេរិក គឺជាការងាយទេ​មិនមានអ្វី​ស្មុគ្រ​ស្មាញ​​ទេ ឲ្យតែសហរដ្ឋអាមេរិកលុបចោលការរឹតបន្តឹង​ការផ្តល់ទិដ្ឋាកាដល់មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​​​ការបរទេស និងសហប្រតិបត្តិការកម្ពុជាទៅ នោះការរុករកអដ្ឋិធាតុទាហានអាមេរិក នឹងដំណើរការឡើងវិញដោយស្វ័យប្រវត្តិហើយ ។

លោក សុខ ឥសាន បានបន្តបន្ថែមទៀតថា ចំពោះបញ្ហាផ្សេងៗទៀតពាក់ព័ន្ធរវាងកម្ពុជា និង​សហរដ្ឋអាមេរិក គួររដ្ឋាភិបាល សហរដ្ឋ​អា​មេរិកមេត្តាពិចារណាឡើងវិញពី​ទំនាក់ទំនង​សាមគ្គី​ភាព មិត្តភាព និងសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ ពីព្រោះតាំងពីមុនរហូតដល់បច្ចុប្បន្ន និង​ទៅ​អនាគត សហរដ្ឋអាមេរិក បាន​ភ្ជាប់​ទំនាក់​ទំនងការទូតជាមួយរាជរដ្ឋាភិបាលកម្ពុជា មិនមែន​ដាក់​​ទូតជា​មួយ​បក្សប្រឆាំងទេ។

លោក សុខ ឥសាន បានបន្ថែមថា ក្នុងនាមជាសមាជិកនៃអង្គកាសហប្រជាជាតិដូចគ្នា គួរគោរ​ព​ឯក​រាជ្យ អធិប​តេយ្យភាព បូរណភាពទឹកដីផងគ្នា មិនលូកដៃចូលកិច្ចការផ្ទៃក្នុងផងគ្នា មាន​បញ្ហា​អ្វី​​គួរ​ពិ​ភាក្សា​​គ្នាដោយសន្តិវិធី។​ បើផ្អែកលើគោលការណ៍នេះ នោះនឹងមិន​មានបញ្ហា​ជា​មួយ​គ្នា​ឡើយ៕


No comments:

Post a Comment