Monday, December 18, 2017

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ឱ្យក្រសួងអប់រំចុះធ្វើអធិការកិច្ច លើការវាយតម្លៃការសិក្សាកម្រិតឧត្តម ឱ្យមានភាពសុក្រឹត និងកាន់តែទូលំទូលាយ ដើម្បីពង្រឹងគុណភាពអប់រំ

ក្នុងកិច្ចប្រជុំនៅវិមានសន្តិភាព រវាងលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងថ្នាក់ដឹកនាំសមាគមគ្រឹះស្ថាន​ឧត្តមសិក្សា​នៅព្រឹកថ្ងៃចន្ទ ១កើត ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ពាក់ព័ន្ធការវាយតម្លៃទៅលើកម្រិតសិក្សា លោកស្នើឱ្យ​មានការចុះធ្វើអធិការកិច្ចពីក្រសួង ធ្វើយ៉ាងណាឱ្យការវាយតម្លៃនោះ មានភាពសុក្រឹត និងកាន់តែទូលំទូលាយ។ ដោយឡែកពាក់ព័ន្ធការវាយតម្លៃជំនាញវិញ លោកនាយករដ្ឋមន្រ្ដី បានណែនាំឱ្យមានកិច្ចប្រជុំ និងវាយតម្លៃ​ដោយ​​ក្រសួងជំនាញ ហើយនៅក្នុងការវាយតម្លៃការសិក្សា ចំណេះដឹងទូទៅ សូមឱ្យក្រសួងដឹកនាំ និងពិនិត្យ​ធ្វើយ៉ាងណាឱ្យមានការវាយតម្លៃជារួមមួយ។

លោក អ៊ាង សុផល្លែត ជំនួយកាផ្ទាល់របស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មានថា ក្នុងកិច្ចប្រជុំជាច្រើនម៉ោងនោះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងថ្នាក់ដឹកនាំសមាគមគ្រឹះស្ថានឧត្តមសិក្សា ដែលសុទ្ធសឹងជាថ្នាក់ដឹកនាំគ្រឹះស្ថានអប់រំល្បីៗនៅកម្ពុជា បានជជែកយ៉ាងច្រើនទៅលើបញ្ហាអប់រំនៅកម្ពុជា​ទាំងបញ្ហាប្រឈម និងការពង្រឹងគុណភាពអប់រំនៅកម្ពុជាឱ្យកាន់តែល្អប្រសើរ។

បើតាមលោក អ៊ាង សុផល្លែត ក្នុងកិច្ចប្រជុំនាព្រឹកមិញ ក៏មានការពិភាក្សាលើការបណ្តុះបណ្តាលគ្រូបង្រៀន​ផងដែរ។ ត្រង់ចំណុចនេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានលើកឡើងថា ការបណ្តុះបណ្តាលគ្រូបង្រៀន គឺជាបញ្ហារបស់ក្រសួងអប់រំ គឺពាក់ព័ន្ធនឹងសេវាសាធារណៈ និងសេវាអធិបតេយ្យ។ លោកបានស្នើឱ្យក្រសួងអប់រំទទួលខុសត្រូវលើការបណ្តុះបណ្តាលនេះ។

លោក អ៊ាង សុផល្លែត បានឱ្យដឹងថា ក្នុងកិច្ចប្រជុំនាព្រឹកមិញនេះ សមាគមគ្រឹះស្ថានឧត្តមសិក្សា ក៏បានស្នើសុំ​លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន អនុញ្ញាតឱ្យអ្នកសិក្សាផ្នែកសុខាភិបាលបញ្ចប់​ការសិក្សាជាមុនសិន​ចាំបញ្ជូន​ទៅឱ្យក្រសួងសុខាភិបាលជាអ្នកគ្រប់គ្រង។ ការស្នើសុំនេះ បានធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅឆ្នាំ២០១៦កន្លងទៅ បានសម្រេចឱ្យនិស្សិតសិក្សាផ្នែកសុខាភិបាលត្រូវស្ថិតនៅក្រោម ការគ្រប់គ្រង​របស់ក្រសួងសុខាភិបាល។ ត្រង់ចំណុចនេះ លោកនាយករដ្ឋមន្ត្រី បានសម្រេចថា និស្សិតដែលរៀន​ផ្នែក​សុខាភិបាលមុនការសម្រេចផ្ទេររបស់លោក គឺអនុញ្ញាតឱ្យរៀនដល់ចប់​ទើបបញ្ជូនទៅស្ថិតក្រោមការគ្រប់គ្រង​របស់​ក្រសួងសុខាភិបាល ពីព្រោះពួកគេបានចូលសិក្សាក្រោមការត្រួតពិនិត្យរបស់ក្រសួងអប់រំ។ ដោយឡែកនិស្សិតថ្មី គឺត្រូវស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងសុខាភិបាលតែម្តង។

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក៏បានឯកភាពឱ្យមានការបង្កើតគណៈកម្មការ​មួយរវាងសមាគមគ្រឹះ​ស្ថាន​ឧត្តមសិក្សា និងក្រសួងសុខាភិបាល ដើម្បីពិភាក្សាគ្នាដោះស្រាយរាល់បញ្ហាទាំងឡាយ​ពាក់ព័ន្ធការ​បណ្តុះ​បណ្តាលលើជំនាញសុខាភិបាលផងដែរ​ ៕





No comments:

Post a Comment