Monday, December 18, 2017

ខេត្តស្វាយរៀង រៀបចំយុទ្ធនាការផ្សព្វផ្សាយ​អប់រំពីបញ្ហា​គ្រឿងញៀន​ ដល់សិស្សានុសិស្ស​វិទ្យាល័យ​ ហ៊ុន សែន​ ស្វាយជ្រំ​

ស្វាយរៀង៖ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧នេះ នៅវិទ្យាល័យ ហ៊ុន សែន ស្វាយជ្រំ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តស្វាយរៀង បានរៀបចំយុទ្ធនាការផ្សព្វផ្សាយអប់រំ អំពីបញ្ហាគ្រឿងញៀន ដល់យុវជន និងជនងាយរងគ្រោះ ក្រោមអធិបតីភាព លោក ហែម សារិទ្ធ អភិបាលរងស្រុកស្វាយជ្រំ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកស្រីនាយិការងវិទ្យាល័យ ហ៊ុន សែន ស្វាយជ្រំ និងសម្របសម្រួលធ្វើបទបង្ហាញដោយក្រុមការងារ ស.ស.យ.ក ខេត្តស្វាយរៀង ដែលមានប្អូនៗសិស្សានុសិស្សចូលរួមប្រមាណ១០០នាក់។

មានមតិទៅកាន់ប្អូនៗសិស្សានុសិស្ស លោកអភិបាលរងស្រុក បានផ្តាំផ្ញើទៅដល់ប្អូនៗ ត្រូវយកខ្លឹមសារដែលបានផ្សព្វផ្សាយអំពីបញ្ហាគ្រឿងញៀននេះ ទៅប្រាប់ទៅដល់មិត្តភ័ក្តិ បងប្អូន អោយបានជ្រួតជ្រាប ពីឥទ្ធិពលអាក្រក់នៃការប្រើប្រាស់គ្រឿងញៀន និងត្រូវចៀសអោយឆ្ងាយពីគ្រឿងញៀន ដែលធ្វើឲ្យខូចសុខភាព ខាតបង់ថវិកា ត្រូវគេបញ្ឈប់ពីការងារ ប្រឈមមុខចំពោះច្បាប់ និងអាចគ្រោះថ្នាក់ដល់ជីវិត។

ជាចុងបញ្ចប់នៃកម្មវិធីនេះ ក៏មានការឆ្លើយសំនួរធ្វើតេសសមត្ថភាព យករង្វាន់ពីកម្មវិធីយុទ្ធនាការផ្សព្វផ្សាយគ្រឿងញៀនដល់ប្អូនៗសិស្សានុស្សផងដែរ៕



No comments:

Post a Comment