Monday, December 18, 2017

លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន អញ្ជើញបញ្ចុះបឋមសិលាកសាងអគារមណ្ឌលសុខភាព១ខ្នង ស្ថិតនៅឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង

ស្វាយរៀង៖ នៅថ្ងៃច័ន្ទ១កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ គ.ស.២០១៧ លោកស្រីឧបនាយករដ្ឋមន្រ្ដី ម៉ែន សំអន រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៃកម្មវិធីបញ្ចុះបឋមសិលាកសាងអគារ មណ្ឌលសុខភាព០១ខ្នង ស្ថិតនៅឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។

ថ្លែងក្នុងឱកាសនោះ លោកស្រីឧបនាយករដ្ឋមន្រ្ដី ម៉ែន សំអន ក៏បានមានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាល បានសម្តែងនូវការកោតសសើរចំពោះរដ្ឋមន្ត្រីក្រសួងសុខាភិបាល រដ្ឋបាលខេត្តស្វាយរៀង រដ្ឋបាលស្រុករមាសហែក លោក លោកស្រី ដែលបានខិតខំរួមគ្នាជាមួយមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) ជាពិសេសក្រុមការងារប្រតិបត្តិការបោសសំអាត គ្រាប់បែកគីមី អាជ្ញាធរអាវុធគីមីបានរកឃើញនិងវាយតម្លៃយកគ្រាប់បែកគីមីចំនួនមួយគ្រាប់ក្នុងបរិវេណវត្តគគីរ ហើយបានជួយសម្រួលក្នុងការជម្លៀសពលរដ្ឋពីកន្លែងបោសសំអាតគ្រាប់បែកគីមី មកកាន់ទីកន្លែងមានសុវត្ថិភាព និងបានពិនិត្យ ព្យាបាលហើយសិក្សាស្រាវជ្រាវ និងវាយតម្លៃផលប៉ះពាល់សុខភាពដល់ប្រជាពលរដ្ឋ។ ចំណែកឯក្រសួងសុខាភិបាលវិញ ក៏បានយកចិត្តទុកដាក់ក្នុងការពិនិត្យសុខភាព ជូនបងប្អូន និងបានចុះសិក្សាស្រាវជ្រាវជាបន្តបន្ទាប់ បានរកឃើញអ្នកជំងឺរងផលប៉ះពាល់ ដោយសារធាតុគីមីនៅក្នុងឃុំគគីនេះ រោគសញ្ញាទាំងនោះមាន៖ រោគសញ្ញាមិនធម្មតាក្បាលធំ ស្វិតដៃ ស្វិតជើង ថប់ដង្ហើម អាឡាក់ស៊ីស្បែក និងរមាសជាដើម។

លោកស្រីឧបនាយករដ្ឋមន្រ្ដី ម៉ែន សំអន បានបន្តទៀតថា ការកសាងមណ្ឌលសុខភាពនេះឡើង បើទោះបីជាចំនួនប្រជាពលរដ្ឋនៅឃុំគគីរពុំទាន់សមាមាត្រសមស្របនឹងការបង្កើតមណ្ឌលសុខភាពយ៉ាងណាក្តី ប៉ុន្តែដោយការគិតគូរខ្វល់ខ្វាយយ៉ាងខ្លាំងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះសុខភាពប្រជាពលរដ្ឋ ដែលបានរងផលប៉ះពាល់ដោយសារគ្រាប់បែកគីមី របស់អាមេរិក ដែលបានទម្លាក់នៅចន្លោះឆ្នាំ១៩៧០-១៩៧៥ ដើម្បីពិនិត្យ ព្យាបាល និងថែទាំសុខភាពជូន ប្រជាពលរដ្ឋនៅក្នុងតំបន់នោះ ៕







No comments:

Post a Comment