Monday, December 18, 2017

សង្ឃប្រកាសចំនួន ៦ចំណុច ត្រូវបានដាក់ចេញជាឯកច្ឆ័ន្ទ នៅក្នុងអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី២៦

អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី២៦ ដែលបានប្រព្រឹត្តទៅ រយៈពេល២ថ្ងៃ ថ្ងៃទី១៣ និងទី១៤ ខែធ្នូ នៅសាលសន្និសីទចតុម្មុខ បានសម្រេចជាឯកច្ឆ័ន្ទបន្ត ការគាំទ្រគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៥ នៃ រដ្ឋសភា ដែលមានសម្តេចអគ្គមហាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខដឹកនាំ និងបាន សម្រេចដាក់ចេញនូវសង្ឃប្រាកាសចំនួន ៦ចំណុចដូចខាងក្រោម៖

១,បន្តជំរុញការធ្វើកម្រងសាលាពុទ្ធិកបឋមសិក្សានៅមូលដ្ឋានទូទាំងប្រទេស ដើម្បីបង្កលក្ខណៈងាយស្រួល និងលទ្ធភាពដល់ការចាត់ចែងបច្ច័យនិច្ចភត្តសម្រាប់គណៈគ្រប់គ្រងសាលា

២,មន្ត្រីសង្ឃគ្រប់លំដាប់ថ្នាក់ និងគណៈគ្រប់គ្រងសាលាពុទ្ធិកគ្រប់កម្រិតត្រូវយកចិត្តទុកដាក់ បន្ថែមទៀតក្នុងការពង្រឹងគុណភាពអប់រំលើវិស័យពុទ្ធិកសិក្សា

៣,គ្រប់វត្តអារាមត្រូវពង្រឹងការបដិបត្តិធម៌វិន័យអោយបានខ្ជាប់ខ្ជួនបន្ថែមទៀត មន្ត្រីសង្ឃ និងព្រះសង្ឃគ្រប់អង្គ ត្រូវបន្តយកចិត្តទុកដាក់លើការអប់រំសីលធម៌ដល់កុមារា កុមារី យុវជន យុវនារី កុលបុត្រ កុលធីតាខ្មែរជាទំពាំងស្នងឫស្សី ដោយបញ្ជ្រាបនូវព្រះធម៌របស់ព្រះសម្មា សម្ពុទ្ធអោយបានស៊ីជម្រៅគ្រប់មជ្ឈដ្ឋាន ទាំងគ្រឹះស្ថានសិក្សារដ្ឋ និងឯកជន

៤,មន្ត្រីសង្ឃគ្រប់លំដាប់ថ្នាក់ ជាពិសេសចៅអធិការវត្តត្រូវអប់រំណែនាំ និងដាក់កំហិតដល់ បព្វជិតសាសនាអោយចេះប្រើប្រាស់បច្ចេវិទ្យាប្រកបដោយវិន័យ សីលធម៌ ប្រាសចាកភាពខុសឆ្គង និងភាពឥតសណ្តាប់ធ្នាប់ហើយអនុញ្ញាតអោយប្រើប្រាស់ក្នុងកិច្ចការជាកុសលដែល នាំប្រយោជន៍ដល់ព្រះពុទ្ធសាសនា និងសង្គមតែម្យ៉ាងប៉ុណ្ណោះ

៥,គណៈសង្ឃព្រះពុទ្ធសាសនាកម្ពុជានឹងរៀបចំកែលម្អឆាយា សង្ឃដីកា សម្រាប់បញ្ជាក់អត្តសញ្ញាណបព្វជិតគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបានការទទួលស្គាល់ពីស្ថាប័នជាតិ និងអន្តរជាតិ និង

៦,អង្គអនុសំវច្ឆរមហាសន្និបាតសង្ឃទាំងមូលបានអបអរសាទរ និងគាំទ្រចំពោះអនុសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី ដែលបានណែនាំដល់ ក្រសួងស្ថាប័នអោយប្រើប្រាស់កាលបរិច្ឆេទតាមបែបច័ន្ទគតិ និងសុរិយគតិរួមគ្នាលើលិខិតរដ្ឋ បាល និងលិខិតបទដ្ឋានគតិយុត្តនានា។

ថ្លែងបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃនេះ កាលពីរសៀលថ្ងៃទី១៤ធ្នូ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រចាំការ ប៊ិន ឈិន រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ ខ្ពស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានអបអរសាទរចំពោះមហាសន្និបាតសង្ឃទូទាំងប្រទេសលើកទី២៦ រយៈពេល២ថ្ងៃដែលទទួលបាន នូវលទ្ធផលគាប់ប្រសើរ ដោយបានដាក់ចេញនូវសង្ឃប្រកាសចំនួន៦ចំណុចដ៏មានសារៈសំខាន់ សំដៅលើកស្ទួយដល់តម្លៃព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ។ ជាមួយគ្នានេះដែរ វិស័យព្រៈពុទ្ធសាសនា បានប្រតិស្ថានលើទឹកដីមាតុភូមិកម្ពុជា ចាប់តាំងពីអំឡុងពុទ្ធសតវត្សទី៣ មុនគ្រឹស្ដរាជ បានដើរតួរនាទីយ៉ាងសំខាន់ ជាឃ្លាំងចំណេះដឹង ជាបណ្ណាល័យ ជាសារមន្ទីរនៃវប្បធម៌អក្សរសាស្រ្ដ លេខនពន្ធ ជាកន្លែង រៀនសូត្រ ខាងសាសនា ការសិក្សាអប់រំសីលធម៌និងអរីយធម៌ របស់ជាតិផងដែរ៕







No comments:

Post a Comment