Monday, December 18, 2017

ការពង្រឹងសមត្ថភាពមន្ត្រីរាជការជាគន្លឹះដ៏ចាំបាច់ក្នុងការអនុវត្តន៍កំណែទម្រង់ថវិកាសាធារណៈឱ្យទទួលជោគជ័យ

លោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា ការពង្រឹងសមត្ថភាព មន្ត្រី រាជការ គឺជា គន្លឹះដ៏ចាំបាច់ និងសំខាន់បំផុតសម្រាប់អនុវត្តន៍ការ ធ្វើកំណែទម្រង់ថវិកាសាធារណៈឱ្យទទួល បានជោគជ័យ។ លោករដ្ឋលេខាធិការបានបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ចបាននឹងកំពុងបើកការ បណ្តុះបណ្តាល យ៉ាងច្រើនជូនដល់មន្រ្តីរាជការមកពីក្រសួងពាក់ព័ន្ធ ដើម្បីពង្រឹងសមត្ថភាពលើការគ្រប់គ្រងថវិកាសាធារណៈ។

លោក ហ៊ាន សាហ៊ីប បានថ្លែងដូច្នេះក្នុងពេលអញ្ជើញបើកវគ្គសិក្ខាសាលាស្ដីពី «នីតិវិធីអនុវត្តថវិកាកម្មវិធី, ការរៀបចំបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ និង ប្រកាសដាក់ឱ្យប្រើប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យាពត៌មាន» ជូនមន្ត្រីនគរបាលជាតិ ៣៨៧នាក់ មកពីអង្គភាពជំនាញថ្នាក់កណ្តាល និង ថ្នាក់មូលដ្ឋាន ផ្នែកសន្តិសុខ សាធារណៈនៃក្រសួងមហាផ្ទៃ។ ពិធីបើកវគ្គសិក្ខាសាលានេះ ប្រព្រឹត្តទៅព្រឹកថ្ងៃចន្ទ ១កើត ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែ ធ្នូ ឆ្នាំ ២០១៧ នៅសណ្ឋាគារភ្នំពេញ។

សិក្ខាសាលានេះ រៀបចំក្រោមកិច្ចសហការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃ មានរយៈ ពេល ៣ថ្ងៃ ក្នុងគោលបំណងពង្រឹងពង្រីកសមត្ថភាព និងលើកកម្ពស់ការ យល់ដឹងរបស់មន្រ្តីនគរ បាលជាតិ អំពីនីតិវិធីអនុវត្តថវិកាកម្មវិធី និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ក្នុងក្របខណ្ឌការ កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈដំណាក់កាលទី៣ សំដៅផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល។

លោក ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តែងយកចិត្តទុកដាក់លើការ បណ្តុះបណ្តាល និងវិក្រឹតការសមត្ថភាពលើជំនាញការងារ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជូនដល់គ្រប់ ក្រសួង-ស្ថាប័ន និងអង្គភាពពាក់ព័ន្ធក្រោមឱវាទ ក្នុងគោលបំណងពង្រឹងពង្រីកសមត្ថភាព ការទទួលខុសត្រូវ ប្រសិទ្ធភាព ផលិតភាពការងារ និងលើកកម្ពស់ការយល់ដឹងរបស់មន្ត្រីរាជការ សម្រាប់អនុវត្តថវិកាកម្មវិធី និងអង្គភាពថវិកា ក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈដំណាក់កាលទី៣ឲ្យសម្រេច បានជោគជ័យ ។

លោក ហ៊ាន សាហ៊ីប ក៏បានរំលឹកដែរថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានឈានមកដល់ ដំណាក់កាលទី៣ និង ត្រូវអនុវត្តចាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ២០២០ សំដៅផ្លាស់ប្តូរជាបណ្តើរៗពីប្រព័ន្ធថវិកា ផ្អែកលើធាតុចូល និងមជ្ឈការឆ្ពោះទៅប្រព័ន្ធថវិកាផ្អែកលើលទ្ធផលនិងវិមជ្ឈការ ក្នុងគោលដៅបង្កើននូវ ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល។ តាមរយៈនេះថវិកា គឺជា ឧបករណ៍គោលនយោបាយដ៏សំខាន់ ដើម្បីធានាការវិភាជថវិកាឱ្យចំគោលដៅ និងមានប្រសិទ្ធភាព។ ការរៀបចំថវិកាចាំបាច់ត្រូវការផ្សារភ្ជាប់ទៅនឹងគោលនយោបាយអាទិភាពរបស់ក្រសួង-ស្ថាប័ននីមួយៗ ដើម្បីឈានទៅសម្រេចបានគោលដៅនៃកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលទាំងមូល។

ថ្លែងក្នុងឱកាសនោះលោក ព្រុំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកឡើងថា នីតិវិធីអនុវត្តន៍ថវិកា កម្មវិធី និងអង្គភាពថវិកា និង ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ពិតជាមានសារៈសំខាន់ណាស់សម្រាប់មហាផ្ទៃ ក៏ដូចជាសម្រាប់ក្រសួង-ស្ថាប័ននីមួយៗ។ រាជរដ្ឋាភិបាលជាម្ចាស់កម្មសិទ្ធិលើទ្រព្យសម្បត្តិរដ្ឋ ដែលមាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាសេនាធិការ ហើយការគ្រប់គ្រង ចាត់ចែង និងប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ គឺស្ថិតនៅក្រោមការកាន់កាប់របស់ក្រសួង-ស្ថាប័ន រាជធានី-ខេត្ត ក្រុង ឃុំ-សង្កាត់ និងនីតិបុគ្គលសាធារណៈ៕






No comments:

Post a Comment