Monday, December 18, 2017

មណ្ឌលសុខភាពសម្រាប់ព្យាបាលជនរងគ្រោះ ដោយសារគ្រាប់បែកគីមីខេត្តស្វាយរៀងបញ្ចុះបឋមសីលាសាងសង់នៅព្រឹកនេះ

ស្វាយរៀង៖ មណ្ឌលសុខភាពសម្រាប់ព្យាបាលជនរងគ្រោះ ដោយសារគ្រាប់បែកគីមីរបស់អាមេរិក នៅឃុំគគីរ ស្រុករមាសហែក ត្រូវបានបញ្ចុះបឋមសីលាសាងសង់ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧នេះ ក្រោមវត្តមាន​លោកស្រី ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច។

នៅក្នុងពិធីនេះមានការចូលរួមពី នាយឧត្តមសេនីយ៍ ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិ, នាយឧត្តមសេនីយ៍ ជ័យ សុន អគ្គលេខាធិការគីមីសាស្ត្រ, នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកស្រី តាំ វួចឆេង រដ្ឋលេខាធិការក្រសួងសុខាភិបាល ព្រមទាំងអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធយ៉ាងច្រើនកុះករផងដែរ។

បើតាមលោក កែរ រ​ដ្ឋា ប្រធានមន្ទីសុខាភិបាលខេត្តស្វាយរៀង បានឱ្យដឹងថា អាគារមណ្ឌលសុខភាពនេះ មានប្រវែងបណ្តោយ ១២.៣ម៉ែត្រ ទទឹង ៩.៥ម៉ែត្រ ដែលជាការកសាងឡើងដោយរាជរដ្ឋាភិបាលកម្ពុជា។

លោកស្រីឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន បានលើកឡើងថា ក្នុងនាមរាជរដ្ឋាភិបាល ​សូមសម្តែងនូវការកោត​សសើរចំពោះអស់លោក លោកស្រី រដ្ឋមន្ត្រីក្រសួងសុខាភិបាល រដ្ឋបាលខេត្តស្វាយរៀង រដ្ឋបាល​ស្រុក​រមាសហែក ដែលបានខិតខំរួមគ្នាជាមួយមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) ជាពិសេស​ក្រុមការងារ​ប្រតិបត្តិការបោសសំអាត គ្រាប់បែកគីមី អាជ្ញាធរអាវុធគីមីបានរកឃើញ និងវាយតម្លៃយកគ្រាប់​បែកគីមី​ចំនួនមួយគ្រាប់ក្នុងបរិវេណវត្តគគី ហើយបានជួយសម្រួលក្នុងការជម្លៀសពលរដ្ឋពីកន្លែងបោ​សសំអាត​គ្រាប់បែកគីមី មកកាន់ទីកន្លែងមានសុវត្ថិភាព និងបានពិនិត្យ ព្យាបាលហើយសិក្សាស្រាវជ្រាវ និងវាយតម្លៃ​ផលប៉ះពាល់សុខភាពដល់ប្រជាព​លរដ្ឋ។

ក្រសួងសុខាភិបាល បានយកចិត្តទុកដាក់ក្នុងការពិនិត្យសុខភាព ជូនបងប្អូន និងបានចុះសិក្សាស្រាវជ្រាវ​ជាបន្តបន្ទាប់ បានរកឃើញអ្នកជំងឺរងផលប៉ះពាល់ ដោយសារធាតុគីមីនៅក្នុងឃុំគគីនេះ រោគសញ្ញាទាំង​នោះមាន៖ រោ​គសញ្ញាមិនធម្មតាក្បាលធំ ស្វិតដៃ ស្វិតជើង ថប់ដង្ហើម អាឡាក់ស៊ីស្បែក និងរមាសជាដើម។ល។

ដោយពិនិត្យឃើញភាពចាំបាច់ពាក់ព័ន្ធ​សុខ​ភាពប្រជាពលរដ្ឋ នៅឃុំគគីនេះ ទើបលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានណែនាំមកក្រសួងសុខាភិបាល ឱ្យគិតគូជាបន្ទាន់កសាងមណ្ឌលសុខភាពគគីនេះ ដើម្បីថែរក្សា​សុខភាព និងពិនិត្យព្យាបាលជំងឺ ដែលកើតចេញពីផ​ល​​ ប៉ះពាល់គ្រាប់បែកគីមីរបស់អាមេរិក​នេះជូន​ បងប្អូន ប្រជាពលរដ្ឋ។

តាមរបាយការណ៍ស៊ីម៉ាក់ បានរកឃើញទីតាំងគ្រាប់បែកគីមីដែលទម្លាក់ ដោយអាមេរិកបានកើនឡើងដល់ ២២ទីតាំង នៅក្នុងស្រុករមាសហែក ខេត្តស្វាយរៀង និងចំការគ្រាប់បែកចង្កោមមួយចំនួនទៀតផងដែរ ៕








No comments:

Post a Comment