Thursday, October 26, 2017

បទវិភាគ៖ លោក Xi Jinping បានជ្រើសរើសអ្នកស្នងតំណែងរបស់គាត់ដោយស្ងាត់ៗ

រហូតមកដល់ពេលនេះ លោក Sun Zhengcai លេខាធិការបក្សនៃទីក្រុង Chongqing ត្រូវបានគេមើលឃើញថា អាចជាអ្នកស្នងតំណែងម្នាក់របស់លោក Xi Jingping។ ក្រោយមក នៅខែកក្កដា គណបក្សកុម្មុយនីស្តចិនបានដំណើរការស៊ើបអង្កេតណ៍ប្រឆាំងនឹងរូបគាត់ពាក់ព័ន្ធនឹងអំពើពុករលួល ហើយបានដកតំណែងគាត់ និងបណ្តេញចេញពីការងារនយោបាយ។
តាមរយៈកាសែតលោកខាងលិច ការដកលោក Sun Zhengcai ត្រូវបានគេចាត់ទុកថា ជាភស្តុតាងមួយនៃផែនការរបស់លោក Xi ដើម្បីរក្សាអំណាចក្រោយឆ្នាំ ២០២២ នៅពេលដែលការកំណត់អាណត្តិ និងប្រពៃណីនយោបាយ នឹងទាមទារឱ្យគាត់ចុះចេញពីអំណាច។ រឿងនេះគឺជារឿងធម្មតានៃការវិភាគនយោបាយចិនយ៉ាងហោចណាស់ចាប់តាំងពីឆ្នាំ ២០១៥ មក នៅពេលដែលសារព័ត៌មាន Foreign Policy បានចេញផ្សាយអត្ថបទមួយដែលមានចំណងជើងថា “Xi Jinping Forever” ដោយលើកឡើងថា មេដឹកនាំចិននឹងព្យាយាមពង្រីកការគ្រប់គ្រងអំណាចលើពីរអាណត្តិ។
ក៏ប៉ុន្តែ មហិច្ឆិតារបស់លោក Xi ត្រូវបានគេប៉ាន់ស្មានខុសទាំងស្រុង ហើយការដកតំណែងលោក Sun គឺជាករណីពិចារណាមួយ។ លោក Xi មិនប្រើប្រាស់ការដកតំណែងរបស់លោក Sun ដើម្បីតែពង្រឹងអំណាចរបស់ខ្លួនតែ ថែមទាំងដើម្បីរៀបចំអ្នកស្នងតំណែងរបស់គាត់សម្រាប់ឆ្នាំ ២០២២។
លោក Xi មានសម្ព័ន្ធមិត្តមួយចំនួន ដែលសុទ្ធសឹងតែជាអ្នកកាន់តំណែងមានអំណាចតាមខេត្តរបស់ចិន ដូចជា លោក Li Qiang ឬក៏លោក Li Xi ដែលអ្នកទាំងពីរនេះ អាចត្រូវបានតែងតាំងជាអ្នកស្នងតំណែងពីលោក Sun នៅទីក្រុង Chongqing។ ក៏ប៉ុន្តែ ជម្រើសរបស់លោក Xi បានធ្វើឱ្យមានការភ្ញាក់ផ្អើល ដោយគាត់បានតែងតាំងលោក Chen Min’er ដែលកើតក្នុងឆ្នាំ ១៩៦០។ ហេតុអ្វីបានជាថ្ងៃកើតនេះមានសារៈសំខាន់? ពីព្រោះ យោងតាមប្រពៃណីអាយុចូលនិវត្តន៍ ៦៨ឆ្នាំ លោក Chen Min’er នឹងអាចកាន់តំណែងពីរអាណត្តិចាប់ពីឆ្នាំ ២០២២ ពេលដែលគាត់មានអាយុ ៦២ ឆ្នាំ។
នៅក្នុងការជ្រើសរើសលោក Chen Min’er ជាមេដឹកនាំថ្មីនៃទីក្រុង Chogqing លោក Xi បានព្រលយយ៉ាងច្បាស់ទៅកាន់គណបក្ស និងពិភពលោក។ គណបក្សកុម្មុយនីស្តមិនបានបើកសន្និសីទសារព័ត៌មានដើម្បីប្រកាសអ្នកស្នងតំណែងនោះទេ គឺគេប្រើប្រាស់សញ្ញាបែបនេះ បើទោះបីជាអ្នកមួយចំនួននៅប្រទេសលោកខាងលិចហាក់ដូចជាអាចយល់អំពីរឿងនេះក៏ដោយ។
ការសំឡឹងមើលលោក Chen Min’er របស់លោក Xi  គឺស្របទៅនឹងទំនាក់ទំនងរបស់ពួកគេចាប់តាំងពីដើមឆ្នាំ ២០០០ មក ពេលដែលពួកគេបានជួបគ្នានៅខេត្ត Zhejiang កន្លែងដែលលោក Xi កាន់តំណែងជាប្រធានបក្សខេត្ត។ លោក Chen គឺជាប្រធាននាយកដ្ឋានឃោសនាការខេត្ត ទទួលបន្ទុកចែកចាយព័ត៌មាន ឬក៏សាររបស់លោក Xi ទូទាំងខេត្ត Zhejiang។ នៅក្នុងមុខតំណែងនេះ គាត់បានជួយសរសេរអត្ថបទប្រចាំសប្តាហ៍របស់លោក Xi នៅក្នុងកាសែតបក្សខេត្តជិតបួនឆ្នាំ។
ទន្ទឹមនឹងនោះដែរ លោក Chen Min’er នៅតែស្ថិតនៅពីក្រោយនៅក្នុងខេត្ត Zhejiang ហើយត្រូវបានតែងតាំងជាអភិបាលរងខេត្ត ហើយក្រោយមកទៀតក្លាយជាសមាជិកជម្រើសនៃគណៈកម្មាធិការកណ្តាលរបស់បក្ស នៃសមាជបក្សឆ្នាំ ២០០៧។ នៅក្នុងខែមករា ឆ្នាំ ២០១២ លោក Chen ត្រូវបានតែងតាំងឱ្យកាន់តំណែងជាអនុប្រធានបក្សនៃខេត្ត Guizhou។ ហើយនៅសមាជបក្សឆ្នាំ ២០១២ ពេលដែលលោក Xi ត្រូវបានតែងតាំងជាលេខាធិការបក្ស លោក Chen ក៏ត្រូវបានតែងតាំងជាសមាជិកអចិន្ត្រៃយ៍ក្នុងចំណោម ២០៥ នាក់ នៃគណៈកម្មាធិការកណ្តាលរបស់បក្ស ហើយក្រោយមកទៀត ត្រូវបានតែងតាំងជាអភិបាលខេត្ត Guizhou។
ជាងបីទសវត្សរ៍កន្លងមកចាប់តាំងពីលោក Deng Xiaoping ចូលនិវត្តន៍ បណ្តាមេដឹកនាំចិនមិនអាចកំណត់ឈ្មោះអ្នកស្នងតំណែងរបស់ពួកគេទេ។ លោក Jiang Zemin ត្រូវទទួលយកលោក Hu Jintao ហើយតស៊ូរដើម្បីរក្សាឥទ្ធិពលរបស់ខ្លួនក្នុងទសវត្សរ៍ឆ្នាំ ២០០០។ ហើយក្រោយមក លោក Hu Jintao មិនអាចលើកលោក Li Keqiang ជាអ្នកស្នងតំណែងរបស់គាត់ទេ ហើយត្រូវតែទទួលយកលោក Xi Jingping។ ឥឡូវ នៅក្នុងការបង្ហាញនៃឥទ្ធិពលផ្ទាល់របស់កាត់ ដោយប្រៀបធៀបទៅនឹងអ្នកកាន់តំណែងមុនៗ លោក Xi ហាក់ដូចជាបានជំរុញអ្នកស្នងតំណែងរបស់គាត់យ៉ាងច្បាស់លាស់ គឺជំនួសរូបគាត់ដោយមនុស្សដែលគាត់បានជ្រើសរើស។ មានមនុស្សពីររូបតែប៉ុណ្ណោះ ដែលអាចស្នងតំណែងលោក Xi គឺលោក Chen Min’er និងលោក Hu Chunhua មនុស្សរបស់លោក Hu Jintao។ នៅក្នុងកាលៈទេសៈធម្មតា លោក Xi អាចត្រូវបានបង្ខំឱ្យទទួលយកលោក Hu Chunhua ប្រធានបក្សខេត្ត Guangdong។ ក៏ប៉ុន្តែ ផែនការរបស់លោក Xi ហាក់ដូចជាជ្រើសរើសយកលោក Chen Min’er ឱ្យក្លាយជាប្រធានាធិបតីចិនបន្ទាប់។

នៅពេលដែល សមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍ទទួលបន្ទុកកិច្ចការនយោបាយត្រូវបានជ្រើសតាំងនៅសប្តាហ៍នេះ សំណួរពិតប្រាកដគឺថា តើនរណានឹងលេចមុខមុនគេ លោក Chen Min’er ឬក៏លោក Hu Chunhua។ ប្រសិនបើជាលោក Hu នោះបង្ហាញយ៉ាងច្បាស់ថា អំណាច​របស់លោក Xi ត្រូវបានកាត់បន្ថយ។ ក៏ប៉ុន្តែ បើសិនជាលោក Chen នោះ សញ្ញាទាំង​ឡាយ​ដែលបង្ហាញឡើងថា ផែនការរបស់លោក Xi ជាង ៥ ឆ្នាំកន្លងមក បានដំណើរការហើយ៕

No comments:

Post a Comment