Thursday, October 26, 2017

ប្រទះឃើញគ្រាប់បែកទម្លាក់ ពីលើយន្តហោះរបស់អាមេរិក ប្រភេទ MK 82 មួយគ្រាប់ទៀត នៅខេត្តតាកែវ

តាកែវ៖ គ្រាប់បែកទម្លាក់ពីយន្តហោះរបស់អាមេរិក ប្រភេទ MK 82 ទម្ងន់២២៧គីឡូក្រាមមួយគ្រាប់ទៀតហើយ ត្រូវបានប្រជាពលរដ្ឋក្រុងដូនកែវ ខេត្តតាកែវ ប្រទះឃើញ និងរាយការណ៍ប្រាប់មន្ត្រីសមត្ថកិច្ច។
សមត្ថកិច្ចខេត្តតាកែវ បានបញ្ជាក់ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ ថា គ្រាប់បែកប្រភេទ MK 82 មួយគ្រាប់នេះ ត្រូវបានប្រជាពលរដ្ឋកាយដីប្រទះឃើញ ស្ថិតនៅភូមិថ្មី សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។
សមត្ថកិច្ចបញ្ជាក់ថា បន្ទាប់ពីប្រទះឃើញ ប្រជាពលរដ្ឋបានរាយការណ៍ មកកម្លាំងការិយាល័យគ្រប់គ្រងអាវុធជាតិផ្ទុះ និងបានចុះទៅពិនិត្យ កន្លែងដែលប្រទះឃើញគ្រាប់ គឺជាប្រភេទគ្រាប់ទម្លាក់ពីយន្តហោះ MK82 ដែលមានទម្ងន់សរុប២២៧គីឡូក្រាម និងបានដាក់ស្លាកសញ្ញាគ្រោះថ្នាក់ ព្រមទាំងបានរាយការណ៍ជូនស៉ុម៉ាក់រួចហើយ រង់ចាំយកទៅបន្សាបចោល។
សូមជម្រាបថា គ្រាប់បែកទម្លាក់ពីយន្តហោះរបស់អាមេរិក ប្រភេទ MK82 ជាញឹកញាប់ត្រូវបានប្រទះឃើញនៅក្នុងខេត្តកណ្តាល តាកែវ កំពង់ស្ពឺ ព្រះសីហនុ កោះកុងជាដើម។
បើតាមតួលេខពីស៊ីម៉ាក់ ចាប់ពីដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ អាមេរិកទម្លាក់គ្រាប់បែកនៅកម្ពុជា ២លាន៨សែនតោន និងគ្រាប់បែកគីមីផងដែរ ហើយទិន្នន័យត្រូវបានឯកភាពដោយ ប្រធានាធិបតី អាមរិក លោក Bill Clinton នៅឆ្នាំ២០០០ បញ្ចេញជាឯកសារចំហរ។ ការទម្លាក់គ្រាប់បែកដ៏ច្រើនសម្បើបមកលើក្បាលប្រជាជនខ្មែរនេះ ក្រោមលេសថា តាមកំទេចពួកយៀកកុង យួនឈ្លានពានប៉ុន្តែស្លាប់តែខែ្មរជាង៥០០,០០០នាក់ បានស្លាប់ដោយផ្ទាល់ និងកំទេចតែភូមិ ផ្ទះសម្បែងខែ្មររាប់ម៉ឺនកន្លែង៕



No comments:

Post a Comment