Thursday, October 26, 2017

រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍​ បើកកិច្ចប្រជុំជាមួយ​ផ្នែកឯកជន​ក្នុងវិស័យទេសចរណ៍​ ក្នុងខេត្ត​ព្រះសីហនុ​

ព្រះសីហនុ៖ នៅសាលាខេត្តព្រះសីហនុ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយផ្នែកឯកជនក្នុងវិស័យទេសចរណ៍នៅខេត្តព្រះសីហនុ។

លោក យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ក៏បានមានប្រសាសន៍ផងដែរថា ថ្ងៃនេះយើងបានមកជួបជុំគ្នាជាមួយបងប្អូនអាជីវករ ពាណិជ្ជករប្រកបមុខរបរវិស័យទេសចរណ៍នៅខេត្តព្រះសីហនុ ដើម្បីសិក្សាស្វែងយល់ និងឈានទៅរកដំណោះស្រាយរួមគ្នាអំពីកង្វល់របស់អាជីវករ ពាណិជ្ជករ ឆ្លើយតបតាមតម្រូវកាទីផ្សារនាពេលបច្ចុប្បន្ន និងការប្រឡងប្រណាំងទេសចរណ៍តំបន់អាស៊ាន។

លោកអភិបាលខេត្តបានបន្តថា តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក៍ដូចក្រសួងទេសចរណ៍ ស្របពេលដែលប្រទេសជាតិកំពុងមានការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរប្រកបដោយចីរភាព យើងត្រូវចូលរួមសហការស្ថាបនា កែលម្អរខេត្តព្រះសីហនុឱ្យមានស្តង់ដារអន្តរជាតិ និងការចូលរួមផ្សព្វផ្សាយគោលនយោបាយទេសចរណ៍តំបន់ឆ្នេរ ដើម្បីជម្រុញកំណើនវិស័យទេសចរណ៍របស់ខេត្តឱ្យដល់កម្រឹតខ្ពស់ថែមទៀត ព្រោះខេត្តព្រះសីហនុ មានសក្តានុពលយ៉ាងសម្បូរបែប មានដូចជា៖ ផ្លូវគមនាគមន៍ ផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស និងផ្លូវរថភ្លើង តភ្ជាប់ទៅកាន់បណ្តាខេត្ត ក្រុងមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជា និងទៅកាន់ប្រទេសក្នុងតំបន់អាស៊ាន និងពិភពលោក។

ខេត្តនេះដែរ ក៏មានប្រជុំកោះជាច្រើនត្រូវបានអភិវឌ្ឍកែលម្អរក្លាយជាតំបន់ទេសចរណ៍យ៉ាងសំខាន់ និងមានតំបន់សេដ្ឋកិច្ចពិសេសចំនួនបី ដែលទាក់ទាញអ្នកវិនិយោគគិន មកធ្វើការវិនិយោគនៅខេត្តព្រះសីហនុកាន់តែច្រើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ។

នាឱកាសនោះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនអាជីវករ ពាណិជ្ជករ ប្រកបមុខរបរទេសចរណ៍ក្នុងខេត្តព្រះសីហនុ និងដើម្បីដោះស្រាយបញ្ហាប្រឈមនានាកន្លងមក និងឈានទៅអនុវត្តគោលនយោបាយទេសចរណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ដោយសារបច្ចុប្បន្ន ពិភពលោកកំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំងលើវិស័យទេសចរណ៍ ដែលជាមាសបៃតង រកប្រាក់ចំណូល ប្រជាពលរដ្ឋមានការងារធ្វើតាមរយៈវិស័យទេសចរណ៍គ្មានផ្សែងមួយនេះផងដែរ។

ម្យ៉ាងទៀតខេត្តព្រះសីហនុ ជាខេត្តតំបន់ឆ្នេរ និងជាតំបន់ទេសចរណ៍បែបធម្មជាតិ មានខ្យល់អាកាសបរិសុទ្ធ ឆ្នេរសមុទ្រមានខ្សាច់សរស្អាតពីធម្មជាតិ ទឹកសមុទ្រពណ៍ខៀវស្រង៉ាត់ ផ្កាថ្ម និងជីវៈចម្រុះបាតសមុទ្រ ជាផ្នែកមួយក្នុងការជម្រុញទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តកាន់តែច្រើនជារៀងរាល់ឆ្នាំ ធ្វើឱ្យជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរឡើង។

លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបន្តថា ថ្វីត្បិតតែខេត្តព្រះសីហនុមានសក្តានុពលផ្នែកទេសចរណ៍យ៉ាងណាក៍ដោយ ប្រសិនបើយើងមិនបាននាំគ្នាចូលរូមថែរក្សា ការពារ និងអភិរក្សទេនោះ ដូច្នេះបញ្ហាសំរាម បរិស្ថាន អនាម័យជាចំណុចមួយសំខាន់ណាស់ ដែលយើងទាំងអស់គ្នាត្រូវចូលរួមគ្នាសំអាត ដោយត្រូវវេចខ្ចប់កាកសំណល់ឱ្យបានល្អជាប់ជាប្រចាំ ។

បន្ថែមពីនោះ លោកក៍បានសំណូមពរឱ្យអាជ្ញាធរខេត្តបង្កើតសង្កាត់គំរូ ដើម្បីប្រឡងប្រណាំងសង្កាត់ស្អាតនៅក្នុងក្រុងព្រះសីហនុ ដើម្បីប្រែក្លាយក្រុងព្រះសីហនុទាំងមូល ជាទីក្រុងទេសចរណ៍មួយប្រកបដោយបរិស្ថានល្អ គ្មានសំរាម គ្មានថង់ប្លាកស្ទិក មានសោភណ្ឌភាពស្រស់ស្អាត ទេសភាពមានពណ៌បៃតង៕




No comments:

Post a Comment