Thursday, October 26, 2017

ប្រជាពលរដ្ឋខ្មែរ​ ត្រូវរួមគ្នា​ការពារសន្តិសភាព ​និងស្ថេរភាព ​ដើម្បីភាពរីក​ចម្រើន​របស់​កម្ពុជាកាន់តែខ្លាំងបន្ថែមទៀត

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ បានធ្វើបាឋកថាក្រោមប្រធានបទ “កិច្ចគាំពារបរិស្ថាន” នៅទីស្តីការក្រសួងបរិស្ថានជូនដល់កម្មសិក្សាការីមន្ត្រីមធ្យម មន្ត្រីជាន់ខ្ពស់ សិស្សក្រមការ និងសិស្សមន្ត្រីជាន់ខ្ពស់ សរុប៦០០នាក់មកពីសាលាភូមិន្ទរដ្ឋបាល។

ថ្លែងក្នុងឱកាសនោះ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា “កម្ពុជានឹងមានយុគសម័យមាស អនាគតភ្លឺស្វាងដោយកម្ពុជា រក្សាបានស្ថេរភាពនយោបាយ សន្តិភាព និងបន្តរក្សាកំណើនសេដ្ឋកិច្ចជាតិប្រមាណ៧% ក្នុងមួយឆ្នាំដែលកម្ពុជារក្សាបានកំណើននេះ រយៈពេលប្រមាណ២០ឆ្នាំមកហើយ រួមនឹងសេរីភាពសារព័ត៌មានដែលប្រជាពលរដ្ឋកម្ពុជា កំពុងតែទទួល ខណៈកំណើនចំណេះដឹងរបស់ប្រជាពលរដ្ឋ កំពុងកើនឡើងស្របពេលជាមួយកំណើនប្រជាជនកម្ពុជា យ៉ាងឆាប់រហ័ស។

នាឱកាសនោះដែរ លោករដ្ឋមន្ត្រី បានលើកឡើងពីវឌ្ឍនភាព និងសមិទ្ធិផលរបស់ក្រសួងបរិស្ថានក្នុងអាណត្តិទី៥នេះ ដែលរួមការបញ្ចប់ជម្លោះនៅក្នុងសម្បទានដីសេដ្ឋកិច្ចទាំងស្រុង រវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនឯកជន ដកហូតសម្បទានដីសេដ្ឋកិច្ចដែលមិនគោរពតាមច្បាប់ កាត់បន្ថយរយៈពេលផ្តល់សម្បទានដីសេដ្ឋកិច្ច មកនៅត្រឹម៥០ឆ្នាំ ទប់ស្កាត់ការលួចកាប់ឈើក្នុងទ្រង់ទ្រាយធំជាដើម។

ដោយឡែកកិច្ចការងារទំនើបកម្មវិញ ក្រសួងបរិស្ថាន បានកែសម្រួលរចនាសម្ព័ន្ធក្រសួងឱ្យស្របទៅនឹងស្ថានភាពនាពេលបច្ចុប្បន្ន រួមទាំងការលើកទឹកចិត្តមន្ត្រីផ្តល់ប្រាក់ឧបត្ថមចំពោះបេសកម្ម បែងចែកប្រាក់ចំណូលជាទៀងទាត់ បណ្តុះបណ្តាលមន្ត្រីទាំងក្នុងស្រុក និងបរទេសដែលនេះគឺជាទិសដៅសម្រាប់ការគាំពារបរិស្ថាន និងការអភិរក្សប្រកបដោយចីរភាព។

គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានផ្ទៃដីអភិរក្សប្រមាណ៧.៥លានហិកតា នៅទូទាំងប្រទេស ហើយអត្រានៃការបាត់បង់គម្របព្រៃឈើនៅទូទៅប្រទេស មានការធ្លាក់ចុះគួរឱ្យកត់សម្គាល់។ បន្ថែមពីនេះ កម្ពុជាបានទទួលចំណូលពីការលក់កាបោន និងបានប្រែក្លាយជីវភាពសហគមន៍ នៅតាមមូលដ្ឋានឱ្យមានជីវភាពកាន់តែប្រសើរ តាមរយៈការបង្កើតតំបន់ទេសចរណ៍នានានៅទូទាំងប្រទេស។

មុននឹងបញ្ចប់បាឋកថា និងក្រោយការឆ្លើយនឹងសំណួររបស់សិក្ខាកាមចូលរួម លោករដ្ឋមន្ត្រីបានលើកឡើងថា “ពលរដ្ឋកម្ពុជា ក៏ដូចជាសិស្ស និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាលទាំងអស់ គឺសុទ្ធសឹងតែជាសរសរទ្រូងប្រទេសជាតិ យើងត្រូវប្រឹងប្រែងទាំងអស់គ្នា ក្នុងការអភិវឌ្ឍជាតិ”៕





No comments:

Post a Comment