Thursday, October 26, 2017

ប្រាសាទតាសោម

ប្រាសាទតាសោម បានកសាងឡើងនៅចុងស.វទី១២ ដើមស.វទី១៣នៃគ.ស ក្នុងរជ្ជកាលព្រះបាទ ជ័យវរ្ម័ន ទី៧។  ប្រាសាទនេះមានទីតាំងស្ថិតនៅវង់ធំ ខាងកើតប្រាសាទនាគព័ន្ធ មានកំពែង៣ជាន់ ហើយកំពែង នីមួយៗមានខ្លោងទ្វារចេញចូលនិងសំណង់ប្រាង្គកណ្តាលរំលេចដោយក្បាច់រចនាដ៏ច្រើន។

ប្រាសាទតាសោម ត្រូវបានគេបំផ្លាញដោយចេតនាក្នុងរវាងស.វទី១៥ឬ១៦ ដែលធ្វើឱ្យប្រាសាទនេះស្ថិតក្នុង សភាពបែកបាក់និងទ្រុឌទ្រោមយ៉ាងធ្ងន់ធ្ងរអស់ជាច្រើនរយឆ្នាំ។ នៅឆ្នាំ១៩៩៨ អង្គការមូលនិធិប្រាសាទ ពិភពលោក (WMF) និងអាជ្ញាធរជាតិអប្សរាបានសហការគ្នារៀបចំគម្រោងអភិរក្សប្រាសាទតាសោមឡើងវិញ ហើយបានបញ្ចប់គម្រោងឱ្យរួចរាល់ជាស្ថាពរនៅឆ្នាំ២០១២។

កិច្ចការដែលអង្គការមូលនិធិប្រាសាទពិភពលោកបានធ្វើនៅប្រាសាទតាសោម គឺបានរៀបចំឯកសារទាក់ទង នឹងប្រាសាទ ពង្រឹងរចនាសម្ពន្ធសំណង់ដែលបាក់បែក ខូចខាត និងត្រង់ផ្នែកដែលរលំធ្លាក់ឱ្យរឹងមាំល្អ ព្រម ទាំងរៀបចំសម្រួលដល់ការទស្សនារបស់ភ្ញៀវទេសចរ ក៏ដូចជាពន្យល់រៀបរាប់បង្ហាញ ពីប្រវត្តិសាស្ត្រទាក់ ទងនឹងប្រាសាទតាសោមផងដែរ។ បន្ថែមពីនោះ ក្រុមការងារគម្រោងក៏បានសម្អាតច្រកចេញចូល រោងទង និងទីធ្លាជុំវិញប្រាសាទឱ្យស្អាត ដើម្បីសម្រួលដល់ការឆ្លងកាត់ពីលិចទៅកើត។ ពិសេសគឺខ្លោងទ្វារខាងលិច និងខាងកើត ក៏ត្រូវបានធ្វើការជួសជុលនិងពង្រឹងឡើងវិញឱ្យមាំទាំ និងធានាបាននូវសុវត្ថិភាព ដល់ភ្ញៀវ ទេសចរពេលឆ្លងកាត់។

បើទោះបីប្រាសាទនេះតូច នៅឆ្ងាយបន្តិចពីប្រាសាទផ្សេងៗក៏ដោយ ក៏កម្រទេសចររំលងណាស់ ព្រោះ ប្រាសាទ នេះមានក្បាច់រចនាល្អរស់រវើក មានប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍ រួមទាំងសោភ័ណភាព ទេសភាពគួរ ឱ្យចង់ទស្សនា និងទៅលេងកម្សាន្ត។

តោះសូមទស្សនាកម្រងរូបភាពទិដ្ឋភាពប្រាសាទតាសោមដូចតទៅ៖
















No comments:

Post a Comment