Thursday, October 26, 2017

តើវាអាចមានន័យ​ដូចម្តេច​ ប្រសិនបើ​មេដឹកនាំចិន​ នឹងមិនដាក់ឈ្មោះ​អ្នកស្នង​តំណែង​ណាមួយនោះ? ​

​​​​​​​​​​​​​​​​​​​​​​​​​នៅ​ពេល​ដែល​ប្រ​ធា​នា​ធិប​តី​ចិន Xi Jinping បាន​ដើរ​ចូល​ទៅ​ក្នុង​វិ​មាន​រដ្ឋា​ភិបាល​នៅ​សប្តាហ៍នេះ ដើម្បី​បង្ហាញ​ក្រុម​មេ​ដឹក​នាំ​ដែល​នឹង​ជួយ​គាត់​ក្នុង​ការ​គ្រប់​គ្រង​ប្រ​ទេស​ចិន​រយៈ​ពេល​ពាក់​កណ្តាល​ទស​វត្សរ៍​ខាង​មុខ​ទៀត​ អ្នក​រាល់​គ្នា​នឹង​សម្លឹង​មើល​ថា​តើ​បញ្ជី​ឈ្មោះ​ រាប់​បញ្ចូល​​មាន​មនុស្ស​វ័យ​ក្មេង​ម្នាក់ ឬ​ពីរ​នាក់​ដែល​កំពុង​តែ​ប្រ​កួត​ប្រ​ជែង ​ដើម្បី​ក្លាយ​ជា​អ្នក​ស្នង​តំណែង​ជំនួស​គាត់ដែរ​ឬ​ទេ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ វា​បង្ហាញ​ឱ្យ​ឃើញ​យ៉ាង​ច្បាស់​ថា រឿង​នោះ​ប្រ​ហែល​ជា​មិន​កើត​ឡើង​ទេ។

លោក Xi ដែល​មាន​វ័យ​ ៦៤ ឆ្នាំ កាល​ពី​ថ្ងៃ​ពុធ​ទំនង​ជា​ប្រ​កាស​បញ្ជី​ឈ្មោះ​ថ្មី​នៃ​គណៈ​កម្មាធិ​ការ​អចិន្រ្តៃ​យ៍​ទទួល​បន្ទុក​កិច្ច​ការ​នយោ​បាយ​ ដែល​ជា​តំណែង​កំពូល​របស់​បក្ស​កុម្មុយ​នីស្ត​ ទោះ​បី​ជា​កាល​បរិ​ច្ឆេទ​ផ្លូវ​ការ​មិន​ទាន់​ត្រូវ​បាន​គេ​កំណត់​ក៏​ដោយ។ នៅ​ពេល​ដែល​គាត់​រៀប​ចំ​ឡើង​ អ្នក​នយោ​បាយ​នៅ​ខាង​ក្នុង​មួយ​ចំនួន​បាន​ព្យាករ​ណ៍​ថា នឹង​មិន​មាន​សមា​ជិក​វ័យ​ក្មេង ឬ​ប្រ​វត្តិ​រូប​ដើម្បី​សម្គាល់​ពួក​គេ​ថា​ជា​អ្នក​ស្នង​តំណែង​ឡើយ​។

ការ​រាយ​បញ្ជី​ឈ្មោះ​សមា​ជិក​គណៈ​កម្មាធិ​ការ​អចិន្រ្តៃ​យ៍​នឹង​ផ្តល់​សញ្ញា​យ៉ាង​ច្បាស់​លាស់​បំផុត​ ប៉ុន្តែ​មិន​ទាន់​មាន​សំណួរ​ដែល​គ្រប​ដណ្តប់​លើ​សមាជ​បក្ស​កុម្មុយ​នីស្តដែល​រៀប​ចំឡើង​​ក្នុង​រយៈ​ពេល ​៥ ឆ្នាំម្តង​​នៅ​ឡើយ​ទេ ដែល​ឥឡូវ​នេះ​កំពុង​តែ​ដំ​ណើរ​ការ​នៅ​ក្នុង​ទី​ក្រុង​ប៉េ​កាំង៖ ថាតើ​លោក Xi អាច​ព្យាយាម​បន្ត​គ្រប់​គ្រង​ប្រ​ទេស​មហា​អំណាច​ថ្មី​បំផុត​នៅ​លើ​ពិ​ភព​លោកបាន​​យូរ​ប៉ុ​ន​ណា​ ក្នុង​នាម​ជា​មេ​ដឹក​នាំផ្លូវ​ការ​ និង​អំណាច​នៅ​ពី​ក្រោយ​ការ​គ្រង​រាជ្យនោះ​។

ប្រ​សិន​បើ​ពុំ​មាន​អ្នក​ស្នង​តំណែង​លេច​មុខ​ឡើង​ទេ នោះ​នឹង​ធ្វើ​ឱ្យ​មាន​ការ​សង្ស័យ​ថា លោក Xi អាច​ព្យាយាម​រក្សា​អំណាច​តាម​របៀប​មួយ​ចំនួន​ទៀត​ បន្ទាប់​ពី​អាណត្តិ​ទី ​២ របស់​គាត់ ​ក្នុង​នា​ម​ជា​ប្រ​ធា​នា​ធិប​តី​ដែលនឹង​​ត្រូវ​បញ្ចប់​នៅ​ឆ្នាំ​២០២៣។ យ៉ាង​ហោច​ណាស់ វា​នឹង​បន្ថែម​នូវ​កិច្ច​ព្រម​ព្រៀង​ដ៏​អស្ចារ្យ​ដែល​គ្មាន​ភាព​ច្បាស់​លាស់ ចំពោះ​ដំណើរ​ការ​នៃ​ការ​ស្នង​តំណែង ដែល​បណ្តា​មេ​ដឹក​នាំ​ចិន​បច្ចុ​ប្បន្ន​បាន​ព្យា​យាម​ធ្វើ​ឱ្យ​ស្ថាន​ភាព​នេះ​កាន់​តែ​មាន​ស្ថិរ​ភាព និង​អាច​ព្យាករណ៍​បាន។

លោក Minxin Pei ដែល​ជា​សាស្រ្តា​ចារ្យ​នៅ​ឯ​មហា​វិ​ទ្យា​ល័យ Claremont McKenna ក្នុង​រដ្ឋ California ដែល​​សិក្សា​ពី​នយោ​បាយ​ចិនបាន​និយាយ​ថា «​លទ្ធ​ផល​សំខាន់​បំផុត​នៃ​សមាជ​ពាក់​កណ្តាល​អាណត្តិ​បែប​នេះ គឺ​ជាការ​​រៀប​ចំ​អ្នក​ស្នង​អំណាច​។ ប្រ​សិន​បើ​ច្បាប់​ចាស់​ត្រូវ​បាន​គេ​យក​មក​អនុ​វត្ត​ន៍នោះ យើង​គួរ​តែ​រំពឹង​ថា​នឹង​ឃើញ​នូវ​លទ្ធ​ផល​ស្រ​ដៀង​គ្នា»។

លោក ​Wu Qiang ​ជា​អ្នក​វិ​ភាគ​កិច្ច​ការចិន​​នាពេល​បច្ចុ​ប្បន្ន ដែល​ធ្លាប់​​បង្រៀន​​វិទ្យា​សាស្រ្ត​នយោ​បាយ​នៅ​ឯ​សាកល​វិទ្យា​ល័យ​ Tsinghua ក្នុង​ទី​ក្រុង​ប៉េ​កាំង បាន​និយាយ​ថា «ការ​ដាក់​ឱ្យ​មាន​​អ្នក​ស្នង​តំណែងប្រ​ញាប់ពេក ​នឹង​បង្កើត​នូវ​ភាព​មិន​ច្បាស់​លាស់​សម្រាប់​លោក ​​Xi ​ថា​តើ​គាត់​អាច​រក្សា​អំណាច​កំពូល​របស់​គាត់​បាន​យូរ​ប៉ុន​ណា​។ ការ​ពន្យា​រ​ពេល​ក្នុង​ការ​សម្រេច​ចិត្ត ​ស្តី​អំពី​អ្នក​ស្នង​តំណែង​នឹង​បង្កើត​នូវ​ភាព​មិន​ច្បាស់​លាស់​មួយ​ប្រ​ភេ​ទ​ទៀត​អំពី​អ្វី​ដែលលោក Xi នឹង​ធ្វើ​នៅ​ពេល​អនា​គត។ ខ្ញុំ​គិត​ថា គាត់​​មិន​ទាន់ធ្វើ​សេចក្តី​សម្រេច​ចិត្ត​នៅ​ឡើយ​ទេ»។

អ្នក​វិភាគ​មួយ​ចំនួន​ ដូច​ជាលោក Wu ជឿថា លោក Xi  ប្រ​ហែល​ជា​ចង់​បន្ត​អំណាច​លើស​ពី​អាណត្តិ​ទី២ របស់​គាត់​ទៀត។ ស្ថិត​ក្រោម​ការអនុ​វត្ត​នូវ​ការ​បន្ត​វេននា​ពេល​បច្ចុ​ប្បន្ន​នេះ គាត់​ត្រូវ​តែ​ចុះ​ចេញ​ពី​តំណែង​ប្រ​ធា​នា​ធិប​តី​ និងប្រ​មុខ​រដ្ឋ​របស់​ចិន ​បន្ទាប់​ពី​កាន់​តំណែង​អស់​រយៈ​ពេល​ ២ អាណត្តិ ប៉ុន្តែ​ពុំ​មាន​ការ​កំណត់​ជា​ផ្លូវ​ការ​លើ​តំណែងជា​​មេ​ដឹក​នាំ​សំខាន់​របស់​គាត់​ ដូច​ជា​ប្រ​ធាន​បក្ស​កុម្មុយ​នីស្តនៅ​ឡើយ​ទេ​។ លោក ​Xi​ អាច​ព្យាយាម​បន្ត​ធ្វើ​ជា​ប្រ​ធាន​គណៈ​កម្ម​ការ​យោ​ធា​មជ្ឈឹម​ផង​ដែរ​ ដែល​ជា​តំណែង​កំពូល​ដ៏​មាន​ឥទ្ធិពលលើ​កង​កម្លាំង​ប្រ​ដាប់​អាវុធ​របស់​ជាតិ​ ឬ​ស្ថិត​នៅ​ក្នុង​តួនា​ទី​ថ្មី​មួយ​ទៀត​ដែល​គេ​បាន​បង្កើត​ឡើង៕​

ប្រភព: The New York Times ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧



No comments:

Post a Comment