Thursday, October 26, 2017

អនុរដ្ឋមន្រ្តីការបរទេសជប៉ុនប្រកាសគំាទ្រ និងកោតសរសើរចំពោះការអភិវឌ្ឍរបស់កម្ពុជា

លោក អ៊ិវ៉ាអុ ហូរីអ៊ិ (H.E.Mr. Iwao HORII) អនុរដ្ឋមន្រ្តីការបរទេសរបស់ប្រទេសជប៉ុន បានកោតសរសើរចំពោះកិច្ចខិតខំរបស់រាជរដ្ឋាភិបាល និងរដ្ឋសភាកម្ពុជា ក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។ លោកបានថ្លែងដូចនេះនៅក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភា លោក ហេង សំរិន នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧នេះ នៅវិមានរដ្ឋសភា។

អនុរដ្ឋមន្រ្តីការបរទេសជប៉ុន បានលើកឡើងថា ជប៉ុនគឺជាប្រទេសមួយដែលបានបញ្ចូនកម្លំាងរក្សាសន្តិភាពក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ មករៀបចំការបោះឆ្នោតនៅកម្ពុជា កាលពីឆ្នាំ១៩៩៣ ហើយបន្ទាប់មកជប៉ុន នៅតែបន្តគំាទ្រកម្ពុជាជាបន្តបន្ទាប់។ វិស័យពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទំាងពីរ មានការរីកចម្រើនជាលំដាប់។ ក្នុងតួនាទីជាអនុរដ្ឋមន្រ្តីការបរទេសជប៉ុន លោក អ៊ិវ៉ាអុ ហូរីអ៊ិ បានសន្យាថានឹងខិតខំបំពេញតួនាទីរបស់ខ្លួនឱ្យបានខ្លំាងក្លាក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិជាមួយប្រទេសកម្ពុជាបន្តទៀត។ នៅឆ្នាំ២០១៨ ខាងមុខនេះ ចំណងការទូតរវាងកម្ពុជា និងជប៉ុនបានឈានដល់ខួប៦៥ឆ្នាំ ហើយក្នុងខួប៦៥ឆ្នាំនេះ សង្ឃឹមថាចំណងមិត្តភាពរវាងប្រទេសទំាងពីរនឹងរឹងមាំឡើង ហើយត្រូវបានពង្រីកឱ្យកាន់តែគ្រប់ជ្រុងជ្រោយទំាងខាងនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។ លោកក៏បានគូសបញ្ជាក់ថា ជប៉ុននឹងបង្កើតការិយាល័យកុងស៊ុលនៅក្នុងខេត្តសៀមរាបនាខែមករា ឆ្នាំ២០១៨ខាងមុខនេះ។ ការបង្កើតការិយាល័យកុងស៊ុលនេះ ជាចំនុចវិជ្ជមានមួយដែលបង្ហាញពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិដ៏រឹងមាំរវាងកម្ពុជា និងជប៉ុន។

ប្រធានរដ្ឋសភា លោក ហេង សំរិន បានសម្តែងក្តីសោមនស្សរីករាយ និងពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការហ្មត់ចត់ ស្មោះត្រង់ និងប្រកបដោយគុណភាព ប្រសិទ្ធភាព ដែលជប៉ុនបាន ធ្វើជាបន្តបន្ទាប់ជាមួយកម្ពុជា ហើយបាននាំមកនូវផលប្រយោជន៍រួមដល់ប្រជាជននៃប្រទេសទាំងពីរ។ ប្រជាជនកម្ពុជាចងចាំថា រាជរដ្ឋាភិបាល និងប្រជាជនជប៉ុនបានរួមចំណែកយ៉ាងសកម្មក្នុងការស្វែងរកសន្តិភាព និងការស្តាកសាង និងអភិវឌ្ឍន៍ដល់កម្ពុជាតាំងពីមុនចាប់ផ្តើមកិច្ចចរចាសន្តិភាព រហូតដល់មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងបន្តដល់បច្ចុប្បន្នធ្វើឱ្យជប៉ុនក្លាយជាដៃគូដ៏មានសក្តានុពលក្នុងដំណើរការអភិវឌ្ឍន៍នៅកម្ពុជា។

ប្រធានរដ្ឋសភា លោក ហេង សំរិន បានមានប្រសាសន៍បន្តថា រដ្ឋសភាកម្ពុជាមានកិច្ចសហប្រតិបត្តិការជាមួយសភាជប៉ុនតាំងពីទសវត្សរ៍៩០ និងបានសហការគ្នាយ៉ាងជិតស្និទ្ធតាមរយៈការចែករំលែកបទពិសោធន៍ និងចំណេះដឹងគ្នាទៅវិញទៅមករវាងក្រុមមិត្តភាពសភានៃប្រទេសទាំងពីរព្រមទាំងបានគាំទ្រគ្នាទៅវិញទៅមកលើវេទិកាសភាអន្តរជាតិ។ នៅក្នុងឱកាសនោះ លោកក៏បានស្នើដល់គណៈប្រតិភូជប៉ុនជួយជំរុញការផ្សព្វផ្សាយដល់ប្រជាជននិងវិនិយោគិនជប៉ុនឱ្យមកទស្សនាកំសាន្ត និងបណ្តាក់ទុននៅកម្ពុជាឱ្យបានកាន់តែច្រើន។

ទន្ទឹមនោះ លោក អ៊ិវ៉ាអុ ហូរីអ៊ិ បានសន្យាថាប្រទេសជប៉ុននិងបន្តជួយកម្ពុជាលើគ្រប់វិស័យ តាមលទ្ធភាព។ ជាពិសេសការគំាទ្រដល់ការរៀបចំការបោះឆ្នោតមួយដោយសេរី និងយុត្តិធម៌ នៅឆ្នាំ២០១៨ខាងមុខនេះ។ ប្រជាជនជប៉ុនបានស្គាល់និងវាយតម្លៃខ្ពស់ចំពោះវប្បធម៌ប្រពៃណីរបស់កម្ពុជា ជាពិសេសននោះទោះបីជាប្រជាពលរដ្ឋជប៉ុនដែលមិនធ្លាប់បានធ្វើដំណើរទៅកាន់បរទេសក៏ពួកគេបានស្គាល់អង្គរវត្តរបស់កម្ពុជាផងដែរ៕






No comments:

Post a Comment