Thursday, October 26, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាក់ជាថ្មីថាមិនអនុញ្ញាតឱ្យក្រុមជនក្បត់ជាតិមកបំផ្លាញកម្ពុជាឡើយ

នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ទម្រាំបានមកដល់ពេលនេះមានការលំបាកខ្លាំងណាស់ ហើយលោកមិនអនុញ្ញាតឱ្យសុខសន្តិភាពដែលប្រឹងប្រែងរកមកបានដោយលំបាកត្រូវបំផ្លាញដោយក្រុមជនក្បត់ជាតិនោះឡើយ។ លោកបានថ្លែងដូចនេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករកម្មការិនីចំនួន ១៤,៦១៤នាក់មកពីរោងចក្រចំនួន១០ នៅតំបន់ទួលសង្កែ រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានប្រឹងប្រែងខ្លាំងណាស់ដើម្បីដោះស្រាយបញ្ហាដើម្បីវឌ្ឍនភាពការងារ និងជួយឱ្យកម្មករកម្មការិនីមានប្រាក់ឈ្នួលកាន់តែខ្ពស់ដែលទាំងអស់នេះកើតឡើងបានដោយសារសុខសន្តិភាព បើគ្មានសន្តិភាព ក៏គ្មានការអភិវឌ្ឍនោះដែរ។ ដើម្បីការអភិវឌ្ឍប្រទេសជាតិ និងរក្សាសុខសន្តិភាព បើគ្មានការចូលរួមទេមិនអាចធ្វើទៅបាននោះឡើយ។ ឱកាសសម្រាប់ការអភិវឌ្ឍកើតមានតាមរយៈសុខសន្តិភាព តាមរយៈនៃការទាក់ទាញទុនវិនិយោគពីខាងក្រៅ តាមរយៈការបើកទីផ្សារនៅខាងក្រៅ តាមរយៈការសម្រួលនានាដើម្បីឱ្យគេវិនិយោគមកកាន់កម្ពុជា។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ថា កាលពីឆ្នាំ២០១៣ គណបក្សសង្រ្គោះជាតិបានព្យាយាមប្រើប្រាស់កម្មករដើម្បីសម្រេចបដិវត្តន៍ពណ៌របស់ពួកគេ តែបំណងរបស់ពួកគេត្រូវបរាជ័យ ព្រោះបានរកឃើញ និងបង្រ្កាបបានទាន់ពេលវេលា។ ការជំរុញឱ្យកម្មករទាមទារដំឡើងប្រាក់ឈ្នួលរបស់បក្សប្រឆាំងគឺជាការ «រុញឱ្យខ្លោច រោចឱ្យឆៅ» និងធ្វើឱ្យរោងចក្រនៅកម្ពុជាដួលរំលំ និងក៏ជាប៉ុនប៉ងប្រើប្រាស់ចលនាកម្មករដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តែប៉ុណ្ណោះ៕












No comments:

Post a Comment