Thursday, October 26, 2017

នៅព្រឹកស្អែកនេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នឹងអញ្ជើញចូលរួមពិធីថ្វាយ ព្រះភ្លើងអតីតព្រះមហាក្សត្រថៃ នៅទីក្រុងបាងកក

នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ ស្អែកនេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់ អញ្ជើញទៅចូលរួម ពិធីថ្វាយព្រះភ្លើងដល់ព្រះសព អតីតព្រះមហាក្សត្រថៃ ព្រះបាទ ភូមិបុល អាឌុលយ៉ាតេជ នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ។

មន្រ្តីជាន់ខ្ពស់កម្ពុជា ដែលនឹងអមដំណើរលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ទៅចូលរួមពិធីនេះ រួមមាន ឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ ព្រមទាំងសមាជិកនៃរាជ រដ្ឋាភិបាលកម្ពុជា​ជាច្រើនរូបទៀត។

ការអញ្ជើញចូលរួមរបស់លោកនាយករដ្ឋមន្រ្ដី ក្នុងពិធីនេះ គឺដើម្បីសម្តែងសមានចិត្ត និងមរណទុក្ខដ៏ស្មោះ​ស្ម័គ្រថ្វាយ និងជូនចំពោះរាជវង្សានុវង្ស រាជរដ្ឋាភិបាល និងប្រជាជនថៃ ព្រមទាំងសម្តែងការគោរពចុងក្រោយ ចំពោះព្រះវិញ្ញាណក័្ខន្ធអតីតព្រះមហាក្សត្រថៃ ដែលបានសោយទីវង្គត កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦។

សូមបញ្ជាក់ថា ព្រះចៅ  ភូមិបុល អាឌុលយ៉ាតេជ ព្រះមហាក្សត្រប្រទេសថៃ បានយាងសោយទីវង្គត ដោយជរាពាធ កាលពីរសៀល ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ កន្លងទៅ នៅក្នុងជន្មាយុ ៨៩ព្រះវស្សា។ ដើម្បីកាន់ទុក្ខ សម្រាប់ការសោយទីវង្គតរបស់ព្រះមហាក្សត្រថៃដ៏មានឥទ្ធិពលនេះ រដ្ឋាភិបាលថៃយោធាថៃ បានប្រកាស កាន់ទុក្ខរយៈពេល១ឆ្នាំ ផងដែរ ៕




No comments:

Post a Comment