Thursday, October 26, 2017

លោក ទូច ណារ៉ុថ ដឹកនាំកិច្ចប្រជុំ​ពិភាក្សាផែនការការពារ សន្តិសុខ សណ្តាប់ធ្នាប់បុណ្យអុំទូក

លោក ទូច ណារ៉ុថ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានអង្គរក្ស នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ ដឹកនាំ​កិច្ចប្រជុំពិភាក្សាផែនការ ការពារ សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសប្រារព្ធ ព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីត និងសំពះព្រះខែ ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី០២-០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុខនេះ។

កិច្ចប្រជុំដែលបានធ្វើនៅអគ្គស្នងការដ្ឋាននគរបាលជាតិនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំកងកម្លាំងអាវុធ ដែលពាក់ព័ន្ធជាច្រើនទៀតផងដែរ។ សូមជម្រាបថា បើតាមរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំនេះ នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ទី៤ ខែវិច្ឆិកា តាមដងទន្លេសាប មុខព្រះបរមរាជវាំង ដើម្បីបើកឱកាសជូនប្រជាពលរដ្ឋ ចូលរួមកម្សាន្ដ សប្បាយរីករាយ អបអរសាទរប្រពៃណីទំនៀមទំលាប់ជាតិ ដោយមានបណ្តែតប្រទីប អុចកាំជ្រួច និងសំដែងសិល្បៈគ្រប់ទាំង៣ថ្ងៃ។

​ដើម្បីរៀបចំព្រះរាជពិធីបុណ្យនេះ​ឱ្យបានឱឡារឹក ស្របតាមលក្ខណៈប្រពៃណីជាតិ និងសភាពការណ៍សេដ្ឋកិច្ច ជាក់ស្តែងរបស់ប្រទេសជាតិ និងធានាសុវត្ថិភាព និងការសប្បាយផងនោះ រដ្ឋបាលរាជធានីភ្នំពេញ បានបង្កើតគណៈកម្មការ និងអនុគណៈកម្មការទទួលខុសត្រូវ តាមភារកិច្ចរៀងៗខ្លួនដើម្បីធានាថា ព្រះរាជពិធីនេះ ប្រព្រឹត្តទៅដោយរលូន និងមានសុវត្ថិភាព។
អាជ្ញាធររាជធានីភ្នំពេញ បានណែនាំឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ រៀបចំជារៀងស្នាក់ នៅរបស់កម្លាំងចំណុះទូក ដែលនឹងមកចូលរួម រួមទាំងការរៀបចំបង្គន់អនាម័យ ប្រព័ន្ធទឹក ប្រព័ន្ធភ្លើងឱ្យបាន សមរម្យផងដែរ ហើយទីតាំងសម្រាប់ចំណុះទូកស្នាក់នៅឆ្នាំនេះ គឺស្ថិតនៅប៉ែកខាងជើងស្ពានជ្រោយចង្វារ ទាំងអស់ ដោយមិនអនុញ្ញាតិឲ្យមកស្នាក់នៅ ឬសំចតនៅប៉ែកខាងត្បូងស្ពានទេ ៕



No comments:

Post a Comment