Thursday, October 26, 2017

គណៈកម្មាធិការជាតិសម្រាប់អភិវឌ្ឍតាមបែបប្រជាធិបតេយ្យ រៀបចំកិច្ចប្រជុំ ដើម្បីអនុម័តឯកសារសំខាន់ៗមួយចំនួន

នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧នេះ លោកឧបនាយករដ្ឋមន្រ្ដី ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជា ប្រធាន គណៈកម្មាធិការជាតិ សម្រាប់អភិវឌ្ឍតាមបែបប្រជាធិបតេយ្យ (គ.ជ.អ.ប) បានអញ្ជើញ ជាអធិបតីភាព បើកកិច្ចប្រជុំលើកទី១៤ របស់ គ.ជ.អ.ប ដែលរៀបចំធ្វើឡើងនៅសាលប្រជុំក្រសួងមហាផ្ទៃ (អាគារ S)។

កិច្ចប្រជុំខាងលើនេះ រៀបចំធ្វើឡើងដោយ គណៈកម្មាធិការជាតិសម្រាប់អភិវឌ្ឍតាមបែបប្រជាធិបតេយ្យ (គ.ជ.អ.ប) នៅថ្នាក់ក្រោមជាតិ និងមានការអញ្ជើញចូលរួមពីរដ្ឋមន្ដ្រី សមាជិក គ.ជ.អ.ប តំណាងក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ គ.ជ.អ.ប បានឱ្យដឹងថា កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យ ពិភាក្សា និងអនុម័តលើឯកសារសំខាន់ៗ ដែលមានចែងក្នុងរបៀបវារៈនីមួយៗ ដូចខាងក្រោម៖
១- ការពិនិត្យ និងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំលើកទី១៣ របស់ គ.ជ.អ.ប
២- ការពិនិត្យ និងអនុម័តលើសេចក្ដីព្រាងរបាយការណ៍ស្ដីពី វឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តផែនការសកម្មភាព និងថវិកាឆ្នាំ២០១៧ របស់ គ.ជ.អ.ប
៣- ការពិភាក្សា និងអនុម័តលើសេចក្ដីព្រាងឯកសារផែនការអនុវត្ត៣ឆ្នាំ (២០១៨-២០២០) ដំណាក់កាលទី៣ (ផអ៣ទី៣) នៃកម្មវិធីជាតិ
៤- ការពិភាក្សា និងអនុម័តលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពី ការធ្វើប្រតិភូកម្មអំណាចទៅឱ្យគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ក្នុងការគ្រប់គ្រងបុគ្គលិកបំពេញការងារនៅថ្នាក់ក្រោមជាតិ
៥- ការពិនិត្យពិភាក្សា និងអនុម័តលើការកែសម្រួលសៀវភៅណែនាំស្ដីពីការរៀបចំ និងអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់
និង ៦- បញ្ហាផ្សេងៗ ៕







No comments:

Post a Comment