Thursday, October 26, 2017

ទស្សនវិភាគ៖ គោរពឆន្ទៈរាស្ត្រដើម្បីជាតិ ផ្ទុយពីបោកយកឆន្ទៈរាស្ត្រដើម្បីក្បត់ជាតិបម្រើបរទេស

ប្រវត្តិសាស្ត្រនយោបាយក្រោយកម្ពុជាទទួលបានឯករាជ្យ បានបង្ហាញថា មេក្លោងក្បត់ជាតិ ជំនាន់រាជាណាចក្រ​ទី១ក្រោមរបបនយោបាយសង្គមរាស្ត្រនិយមមានលោក សម សារី បន្ទាប់មកលោក លន់ ណុល ទ្រង់ស៊ីសុវត្ថិ សិរិមតៈ និងបរិវារ។ រីឯបច្ចុប្បន្ន គឺលោក សម រង្ស៊ី និងលោក កឹម សុខា ជាមេក្លោងក្បត់ជាតិក្នុងយុគសម័យរាជាណាចក្រទី២ក្រោមរបបនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស។

ការចាប់ខ្លួនលោក កឹម សុខា គឺជាចំណាត់ការផ្លូវច្បាប់ទាន់ពេលវេលារបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោសែនដែលបានបញ្ចៀសប្រជាជាតិឱ្យរួចផុតពីមហន្តរាយជាថ្មីម្តងទៀត។ ការប្រើវិធានការណ៍ច្បាប់គឺពិតជាប្រសើរជាងការបង្ហូរឈាម។ ជាមួយគ្នានោះវិសោធនកម្មច្បាប់ពាក់ព័ន្ធនឹងការរំលាយក្រុមនយោបាយក្បត់ជាតិជ្រកក្រោមផ្លាកគណបក្សសង្គ្រោះជាតិពិតជាមានគុណតម្លៃសម្រាប់ពង្រឹងឯករាជ្យអធិបតេយ្យភាពជាតិក្នុងរបបនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស ក្រោមដំបូលសន្តិភាពក្នុងគោលដៅទប់ស្កាត់នយោបាយនាំសង្គ្រាមចូលស្រុកបម្រើភូមិសាស្ត្រនយោបាយបរទេស។ នេះបានសេចក្តីថា ក្រុមសម្លេងភាគច្រើនក្នុងអំណាចនីតិបញ្ញត្តិដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបានបំពេញកាតព្វកិច្ចគោរពឆន្ទៈរាស្ត្រដើម្បីឆ្លើយតបនឹងសេចក្តីត្រូវការនូវសុខសន្តិភាពសម្រាប់ប្រជាជាតិខ្មែរយ៉ាងពិតប្រាកដ។

ព្រះមហាក្សត្រ ព្រះអង្គបានឈ្វេងយល់អំពីគុណប្រយោជន៍នៃការប្រកាសឱ្យប្រើច្បាប់ពាក់ព័ន្ធនឹងការដកហូតអាសនៈសភាគ្រប់ថ្នាក់របស់គណបក្សដែលបានមកពីការបោកប្រាស់ឆន្ទៈរាស្ត្រយកទៅចែកឱ្យគណបក្សដទៃវិញ។ ទន្ទឹមហ្នឹងនេះដែរ គ្រប់គ្នាសង្ឃឹមថាក្នុងពេលឆាប់ៗខាងមុខនេះ តុលាការកំពូលក៏នឹងបំពេញកាតព្វកិច្ចនៃអំណាចយុត្តាធិការរំលាយគណបក្សសង្គ្រោះជាតិដែលដឹកនាំដោយក្រុមនយោបាយក្បត់ជាតិដាក់ខ្លួនធ្វើជាអាយ៉ងអាមេរិកបម្រើសេណារីយ៉ូនយោបាយបដិវត្តន៍ពណ៌ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។ លើសពីនេះ គ្រប់គ្នាក៏សង្ឃឹមដែរថា តុលាការកំពូលនឹងកាត់សេចក្តីផ្អាកសកម្មភាពនយោបាយរបស់ជួរដឹកនាំបក្សនេះជាក់ជាមិនខាន៕

ប្រភព៖ សម្លេង យើង


No comments:

Post a Comment