Thursday, October 26, 2017

តើការរុះរើ​ថ្នាក់ដឹកនាំ​ចិនមានន័យ​បែបណា​សម្រាប់យុគ្គថ្មី​របស់ ​ស៊ី ជិនពីង?​

 យុគ្គ​របស់​ប្រធានាធិបតី ស៊ី ជិនពីង បាន​ចាប់​ផ្តើម។ នៅពេល​ឡើងទៅ​កាន់​វេទិការ​នៃ​វិមាន​ប្រជាជន​ចិន​ និង​ថ្លែង​សុន្ទរកថា​ដ៏យូរ​ខុសពីធម្មតារបស់គាត់​នៅ​ពិធីបើក​សមាជ​លើកទី ១៩ របស់​បក្ស​កុម្មុយនីស្ត​នៅ​ថ្ងៃពុធ​មក លោក ស៊ី បាន​ដាក់​ចេញទស្សនៈ​វិស័យ​ដ៏មហិច្ឆតា​មួយ​ មិន​គ្រាន់​តែ​សម្រាប់​អាណត្តិទីពី​នៅពេល​ ៥ ឆ្នាំ​ខាង​មុខ​របស់​គាត់​ប៉ុណ្ណោះទេ ប៉ុន្តែ​​រហូត​ដល់​រយៈ​ពេល ៣០ ឆ្នាំ​ខាង​មុខ​ទៀតផង។ ចិន​នឹង​ក្លាយជា​ប្រទេស​សង្គមនិយម​ទំនើប​ដ៏អស្ចារ្យ​មួយ​នៅ​ពាក់​កណ្តាល​សតវត្សរ៍ទី ២១។

លោក ស៊ី ​​មិន​បាន​លាក់​កំបាំង​​អំពី​តួនាទី​ដឹកនាំ​របស់គាត់ ​និង​មុខ​តំណែង​របស់​គាត់​នៅ​ក្នុង​សមាជបក្ស​ នៅពេល​គាត់​បាន​ប្រកាសថា ចិន​បាន​ឈាន​ចូល​ក្នុង​យុគ្គ​ថ្មី​មួយ​ ហើយ​បក្ស​នឹង​ចាប់​ផ្តើម​ធ្វើ​ដំណើរ​លើ​ផ្លូវ​ថ្មី​មួយ​ដែល​នឹង​ជំរុញ​ប្រទេស​ឲ្យ​ទៅ​កាន់​មជ្ឈមណ្ឌល​របស់​ពិភព​លោក ដើម្បី​សម្រេច​បាន​ការ​អំពាវនាវ​របស់គាត់​ក្នុងការ​បំពេញ​តាម​សុបិន​របស់​ចិន ​អំពី​ការ​លើក​កម្ពស់​ជាតិ​ឡើង​វិញ។

ក្នុងខណៈ​ដែល​សុន្ទរកថា​ដ៏វែង​រយៈ​ពេលជាង ៣ ម៉ោង​របស់គាត់​បាន​លើក​ឡើង​ស្ទើ​តែ​គ្រប់​អ្វីៗ​ទាំងអស់​ ដែល​មាន​តាំងពី​នយោ​បាយ​រហូត​ដល់​រឿង​សេដ្ឋកិច្ច ក្រុង​ហុង​កុង និង​កោះ​តៃវ៉ាន់ និង​ទំនាក់ទំនង​ការបរទេស​នោះ សុន្ទរកថានោះ​បាន​ទាញ​មក​ការ​សន្និដ្ឋាន​ថា នៅពេល​បក្ស​ពង្រឹង​អំណាច​លើ​ “អ្វីៗគ្រប់យ៉ាង” នោះ បក្ស​ក៏ធ្វើ​អ្វីៗទាំង​អស់​ដែល​ខ្លួន​អាច​ ដើម្បី​បំពេញ​តាម​ក្តី​សង្ឃឹម​របស់​ប្រជាជន​ចិន​សម្រាប់​ជីវិត​ប្រសើរ​ឡើង​ ដើម្បីជាការ​ដោះ​ដូរ​យក​ភាព​ស្រប​ច្បាប់​ក្នុងការ​រក្សា​ការ​ដឹកនាំ​ផ្តាច់ការ​នៅ​ក្នុង​ប្រទេស។​

នៅឆាក​អន្តរជាតិ ស៊ី មាន​បំណង​លើក​កម្ពស់​វិធី​របស់​ចិន​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ខ្លួន​ជាមួយ​ការ​ដឹកនាំ​​ផ្តាច់ការ​ និង​ដោយ​គ្មាន​ការ​ប្រើ​គោល​តម្លៃ​របស់​លោក​ខាង​លិច ជា​គំរូ​មួយ​ដែល​គេ​ស្គាល់​ថា “របប​សង្គម​និយម​តាម​ចារឹក​ចិន” មក​ធ្វើ​ជា​គំរូ​មួយ​សម្រាប់​ប្រទេស​ផ្សេង​ធ្វើ​តាម។​

គាត់​បាន​និយាយថា “គំរូ​នោះ​គឺជា​ជម្រើស​ថ្មី​មួយ​សម្រាប់​ប្រទេស​ផ្សេង​ៗ​ដែល​ចង់​ពន្លឿន​ការ​អភិវឌ្ឍ​របស់គេ​ ក្នុង​ខណៈ​ដែល​រក្សា​ភាព​ឯករាជ្យ​របស់គេ”។​

ការ​ធ្វើ​អត្ថាធិប្បាយ​របស់​កាសែត​ ស៊ីនហួរ បាន​ធ្វើ​លើស​ពីនោះទៀត ដោយ​លើក​ឡើង​ថា សុន្ទរកថារបស់​លោក ស៊ី ផ្តល់​ជា​សញ្ញា​ថា “សតវត្សរ៍​ទី ២១ គឺទំនង​ជា​មើល​ឃើញ​ថា របប​មូល​ធន​និយម​បាន​បាត់​បង់​ការ​ទាក់​ទាញ​របស់​វា ក្នុង​ខណៈ​ដែល​ចលនាសង្គម​និយម​ ដឹកនាំ​ដោយ​ចិនបាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​យ៉ាង​ឆាប់​រហ័ស”។

នៅ​ចំណុច​ផ្សេង​មួយ​ទៀត សុន្ទរកថា​ដ៏វែង​របស់​លោក ស៊ី ដែល​បាន​ធ្វើ​តេស្ត​ដល់​សុខ​ភាព​រាង​កាយ​របស់​បុរស​អាយុ ៦៤ ឆ្នាំ​រូប​នោះ ក៏​បាន​ជួយ​​បំបាត់​កង្វល់​ណា​មួយ​អំពី​សុខ​ភាព​របស់​គាត់​ចាប់​ពីគាត់​ឡើង​កាន់អំណាច​នៅឆ្នាំ ២០១២ ផង​ដែរ។​

ដូចការ​រំពឹង​ទុក ទស្សនៈ​វិស័យ​ដ៏ធំ ​និង​មូល​ហេតុ​​របស់​លោក ស៊ី ដែល​បាន​បញ្ចូល​នៅ​ក្នុង​សុន្ទរកថា​នោះ​នឹង​ត្រូវ​សរសេរ​ចូល​ទៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​របស់​បក្ស​ នៅពេល​សមាជ​នោះ​បិទបញ្ចប់​នៅ​ថ្ងៃ​អង្គារ។ បន្ទាប់ពី​សុន្ទរកថារបស់​លោក ស៊ី មេដឹកនាំ​ចិន​ផ្សេង​ទៀត​បាន​ចាប់​ផ្តើម​កោត​សរសើរ​​លើ​ទ្រឹស្តី​នយោ​បាយ​ថ្មី​ដែល​មាន​ឈ្មោះ​របស់គាត់​ថា “ទស្សនៈ​របស់​ ស៊ី ជិនពីង លើ​របប​សង្គម​និយម​តាម​ចារឹក​ចិន​សម្រាប់​យុគ្គថ្មី​មួយ”។​

នេះ​នឹង​ដាក់​លោក ស៊ី ធៀប​ជា​មួយ​លោក ម៉ៅ សេទុង ដែល​នៅតែ​មាន​អំណាច​ នៅពេល​ទស្សនៈ​ដែលដាក់​ឈ្មោះ​គាត់​ត្រូវ​បាន​ចារ​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញបក្ស។​

សម្រាប់​មេដឹកនាំ​កំពូល​ចិន​ម្នាក់​ដែល​មាន​អំណាច​ខ្លាំង​នោះ លោក ស៊ី ចាំបាច់ត្រូវ​តែ​​បន្ត​សម្រេច​នូវ​គោល​ដៅ​ ៣ គឺ ការ​ដាក់​ទស្សនៈ​របស់គាត់​ចារ​​ជា​ទ្រឹស្តី​តម្រង់​ទិស​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​បក្ស ប្រើ​ការ​គ្រប់​គ្រង​ផ្តាច់មុខ​​លើ​កងកម្លាំង​ប្រដាប់​អាវុធ និង​តែងតាំង​អ្នក​គាំទ្រ​របស់គាត់​ដើម្បី​បំពេញ​​ក្នុង​ការិយាល័យ​នយោ​បាយ​ដែល​មាន​សមាជិក ២៥ នាក់​ និង​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ដែល​មាន​សមាជិក​ ៧ នាក់​របស់​វា (​ជា​ក្រុម​ប្រឹក្សា​​ដឹកនាំ​ខ្ពស់​បំផុត​សម្រាប់បក្ស​ និង​ប្រទេស)។

បន្ទាប់ពីសម្រេច​បាន​គោល​ដៅ​ដំបូង​ពីរ​នោះ ការ​ធ្វើ​តេស្ត​ចុងក្រោយ​នឹង​ឃើញ​មាន​នៅ​ព្រឹក​ថ្ងៃពុធ នៅពេល​គេរំពឹងថា លោក ស៊ី នឹង​ដឹកនាំ​សមាជិក​​ ៦ រូប​ផ្សេង​ទៀត​​របស់​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​នយោ​បាយ​​ឡើង​ទៅ​កាន់វេទិការ​នៅ​ក្នុង​វិមាន​ប្រជាជន​ចិន​ដើម្បី​ជួប​អ្នក​កាសែត។​

បណ្តាញផ្សព្វ​ផ្សាយ​ និង​អ្នកវិភាគ​បរទេស​ជា​ច្រើន​បាន​មើល​ឃើញ​សមាសភាព​ថ្មី​របស់​គណៈ​កម្មាធិការនោះ​ថា ជា​ការ​ធ្វើ​តេស្ត​ចុងក្រោយ​នៃ​អំណាច​របស់​លោក ស៊ី និង​ជា​សូចនាករ​លើ​ចេតនា​របស់គាត់​អំពី​ថា តើ​គាត់​មាន​ផែនការ​កាន់អំណាច​យូរ​ជាង​ការ​រំពឹង​ទុក​ឬអត់។​

តាម​ការ​សង្កេត​របស់​កាសែត South China Morning Post ការ​រៀបចំថ្នាក់ដឹកនាំ​ថ្មី​នោះ​ទំនង​ជា​មាន​ដូច​ជា លោក ស៊ី ជិនពីង លោក លី គឺឈៀង លោក Li Shanshu, Han Zheng, Wang Huning, Zhao Leji, និង Wang Yang។ ប្រសិនបើ​បញ្ជីនោះ​ច្បាស់​មែននោះ វា​ពិតជា​ផ្ទុយ​ទៅ​នឹង​ការ​ព្យាករណ៍​របស់​អ្នក​វិភាគ​នៅបរទេស​ជា​ច្រើន។ វា​ក៏​បញ្ជូន​​សារ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជា​ច្រើន​​អំពី​រៀប​ដឹកនាំ​សម្រាប់​ពេល​ជា​ច្រើន​ឆ្នាំ​ខាង​មុខ​ទៀតនោះ។​

ដូច​បាន​លើក​ឡើង​កាលពីពេល​មុន លោក ស៊ី ហាក់​ដូចជា​បាន​ជ្រើសរើស​យក​និរន្តរភាព​​និង​ស្ថិរភាព​នយោ​បាយ​ នៅពេល​សម្រេច​រៀបចំថ្នាក់ដឹកនាំ​ ទោះបីជា​​​គាត់​នៅកាន់អំណាច​ក៏​ដោយ។ សមាសភាព​នៃ​ការ​រៀបចំ​ថ្នាក់ដឹកនាំ​ថ្មី​នោះ​ក៏​បាន​បង្ហាញពី​ចំណាប់​អារម្មណ៍​មក​ពី​​ក្រុម​ផ្សេង​ៗទៀតដែរ ដូចជា​ក្រុម​នៅសៀង​ហៃដឹកនាំ​ដោយ​លោក Jiang Zemin និង​សម្ព័ន្ធ​យុវជន​កុម្មុយនីស្ត​ដឹកនាំ​ដោយ​លោក Hu Jintao ជា​ដើម។

ផ្ទុយ​នឹង​ការនិយាយតៗគ្នា លោក Li Keqiang ដែល​ស្នើ​​ពី​សម្ព័ន្ធយុវជន​កុម្មុយនីស្ត​នឹង​នៅតែ​ជា​នាយក​រដ្ឋមន្ត្រី​រយៈ​ពេល ៥ ឆ្នាំ​ខាង​មុខ​ទៀត​ដែល​មាន​ឋានៈ​នយោ​បាយ​មិន​ផ្លាស់​ប្តូរ​ក្នុងលេខ​រៀង​​ទីពីរ​នៅ​ក្នុង​បក្ស។​

លោក Wang Qishan ជា​សម្ព័ន្ធមិត្ត​ទុក​ចិត្ត​របស់​ ស៊ី ដែលទទួល​បន្ទុក​ក្នុង​យុទ្ធនាការ​ប្រឆាំង​អំពើ​ពុក​រលួយ​ នឹង​លា​ចេញពី​គណៈ​ក​ម្មាធិការ​នោះ ដោយ​សារតែ​គាត់​ឈាន​ចូល​ដល់​អាយុ​ចូល​និវត្តន៍។ លោក Chen Miner ជា​​សិស្ស​របស់​ ស៊ី នឹង​មិន​​ចូល​ទៅ​កាន់​គណៈ​កម្មាធិការ​នោះទេ។ នេះ​បង្ហាញជា​សញ្ញាថា ស៊ី បាន​គោរព​តាម​យ៉ាង​ខ្ជាប់​ខ្ជួន​អំពី​ការ​កំណត់​អាយុ​​ និង​​ភាព​ធ្វើការ​យូរ​​ នៅពេល​ពិចារណា​លើ​បេក្ខជន​សម្រាប់​តំណែង​កំពូល​នោះ ជា​ថ្មី​ម្តង​ទៀត​ ផ្ទុយ​ទៅ​នឹង​ការ​និយាយ​តៗគ្នា​ដែល​ថា គាត់​នឹង​រំលោភ​ច្បាប់​ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់​របស់គាត់។​

លោក Li Shanshu ជា​ឧត្តម​សេនីយ​ឯក​ដ៏ទុក​ចិត្ត​បំផុត​ម្នាក់​របស់ ស៊ី គឺទំនងជា​ក្លាយជា​ប្រធាន​របស់​សមាជប្រជាជន​ (National People’s Congress)។ នេះ​គួរ​ជា​ការ​ភ្ញាក់​ផ្អើល​ ដោយ​សារតែ​គាត់​ត្រូវ​បាន​គេ​និយាយតៗគ្នា​ថា នឹង​ដឹកនាំ​ស្ថាប័ន​ប្រឆាំង​អំពើ​ពុក​រលួយ​បន្ទាប់ពី​ការ​ចូល​និវត្ត​ន៍​របស់​លោក Wang។

ការ​ឡើង​តំណែង​របស់​លោក Han Zheng ជា​លេខាធិការ​បក្ស​នៅ​ក្រុង​សៀង​ហៃ ដែល​ជា​មូល​ដ្ឋាន​អំណាច​របស់​លោក Jiang នោះ​ ត្រូវ​បាន​រំពឹង​ទុក​ខ្លាំង។ មាន​ការ​លើក​ឡើង​ថា គាត់​អាច​ក្លាយជា​​ឧបនាយក​រដ្ឋមន្ត្រី ប៉ុន្តែ​ការ​កាន់មុខ​តំណែង​លើ​សន្និសីទ​ពិគ្រោះ​នយោ​បាយ​របស់​ប្រជាជន​ចិន​ ជា​មុខ​តំណែង​លេខរៀង​ទី ៤ ​ក្នុង​បក្សគួរ​តែ​ផ្តល់​ឲ្យ​គាត់​នូវ​​ឋានៈ​និង​កិត្យានុភាព​ថែម​ទៀត។​

ការ​លើក​កម្ពស់​លោក Wang Huning ជា​អ្នក​ផ្តល់​យោបល់​ដល់​បក្ស​ដ៏ទុក​ចិត្ត​បំផុត​ដែល​បាន​ផ្តល់​ប្រឹក្សា​ដល់​ប្រធានាធិបតី​ ៣ នាក់​ចាប់ពី​លោក Jiang រហូត​ដល់លោក Hu និង​ឥឡូវ​នេះ​លោក ស៊ី ស្តីពី​ការ​បង្កើត​ទស្សនៈ​នយោ​បាយ​របស់គេ​នោះ ក៏​នឹង​ជា​ការ​ភ្ញាក់​ផ្អើលដល់​អ្នក​វិភាគ​ខ្លះ​ដែល​​គេ​ជឿ​ថា បក្ស​ចង់​មាន​មេដឹកនាំ​របស់គណៈ​កម្មាធិការ​កំពូល​របស់បក្ស​​ដែល​មាន​បទ​ពិសោធន៍​ច្រើន ក្នុងការ​គ្រប់គ្រង​ខេត្ត​មួយ​ឬពីរ​ក្នុងនាមជា​ប្រធានបក្ស។ ប៉ុន្តែ មាន​ការ​លើក​លែង​នៅ​ក្នុងឆ្នាំ ២០០២ នៅពេល​លោក Wen Jiabao ត្រូវ​បាន​ដាក់​ឈ្មោះ​ចូល​ក្នុង​គណៈ​កម្មាធិការ​នោះ ហើយ​ក្រោយ​មក​បាន​ក្លាយជា​នាយក​រដ្ឋមន្ត្រី​ ទោះបីជា​​មិន​មាន​បទពិសោធន៍​ដឹកនាំ​ខេត្ត​ណា​មួយ​ក៏​ដោយ។​

លោក Zhao Leji ដែល​នឹង​គ្រប់គ្រង​ស្ថាប័ន​ប្រឆាំង​អំពើ​ពុក​រលួយ​នោះ​ក៏​មានការ​ភ្ញាក់​ផ្អើល​ដែរ ប៉ុន្តែ​ការពិនិត្យ​កាន់តែ​គៀក​ទៅ​ បាន​បង្ហាញពី​មូល​ហេតុល្អ​នៅពីក្រោយការ​តែ​ងតាំង​នោះ។ នៅ​ពេល​ ៥ ឆ្នាំ​កន្លងទៅ​នេះ លោក Zhao បាន​ទទួល​ខុស​ត្រូវ​ក្នុង​នាយក​ដ្ឋាន​​ដ៏មាន​អំណាច​របស់​បក្ស​ ក្នុងការ​គ្រប់គ្រង​អាជីព​របស់​មន្ត្រីបក្ស​រាប់​លាន​នាក់។ នៅពេល​យុទ្ធនាការ​​ប្រឆាំងអំពើ​ពុក​រលួយ​របស់​ចិន​មាន​គោល​ដៅ​ក្នុងការ​ប្រយុទ្ធ​អំពើ​ប្រឆាំង​អំពើ​ពុករលួយ​របស់​មន្ត្រី​នោះ បទ​ពិសោធន៍​របស់​គាត់​គួរតែ​​ជា​បទ​ពិសោធន៍​ល្អ​នៅ​ក្នុង​មុខ​តំណែង​ថ្មី​របស់គាត់។​

ចុងក្រោយ ការ​តម្លើង​លោក Wang Yang ទៅ​កាន់​តំណែង​ឧបនាយក​រដ្ឋមន្ត្រី​នោះ ត្រូវ​បាន​គេ​រំពឹង​ទុក​ដែរ។ លោក Wang ដែល​ធ្វើការ​ឡើង​​ជា​លំដាប់​នៅ​ក្នុង​សម្ព័ន្ធ​យុវជន​កុម្មុយនីស្ត​នោះ​បាន​បង្ហាញ​ពី​ជំនាញរបស់គាត់​ក្នុងការ​គ្រប់គ្រងបញ្ហា​សេដ្ឋកិច្ច​ដ៏​ស្មុគ​ស្មាញ​ ក្នុង​ខណៈ​ជា​ប្រធាន​បក្ស​របស់​ខេត្ត​ Chongqing និង​ខេត្ត​ក្វាងចូវ និង​ក្នុង​តួនាទី​បច្ចុប្បន្ន​របស់​គាត់​ក្នុង​នាម​ជា​ឧបនាយក​រដ្ឋមន្ត្រី​ទទួល​បន្ទុក​កសិកម្ម​និង​ពាណិជ្ជកម្ម​បរទេស។ ក្នុងពេល​ ៥ ឆ្នាំ​កន្លងទៅ​នេះ ក្នុង​នាមជា​មន្ត្រី​ទទួល​បន្ទុក​យុទ្ធនាការ​លប់បំបាត់​ភាព​ក្រីក្រ ជា​អាទិភាព​ខ្លាំងមួយ​របស់​លោក ស៊ី លោក Wang បាន​បង្ហាញ​ពីភាព​ស្មោះ​ត្រង់​របស់គាត់ដែរ។ នៅពេល​មនុស្ស​សំខាន់​របស់ចិន​លើការ​ដោះ​ស្រាយ​ជា​មួយ​ក្រុង​វ៉ាស៊ីនតោន​លើ​បញ្ហា​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​នោះ ការ​តម្លើង​តួនាទីរបស់​លោក Wang គួរតែ​ត្រូវ​ស្វាគមន៍​ដោយ​វិនិយោគិន​បរទេស។​

ជា​ការ​ពិត ការ​រៀប​ចំ​ថ្នាក់ដឹកនាំ​ថ្មី​ដោយ​គ្មាន​អ្នក​ស្នង​តំណែង​ពូកែ​នៅ​ចំពោះ​មុខ​នោះ​អាច​បង្ក​ឲ្យ​មានការ​និយាយតៗគ្នា​ច្រើន​ថែម​ទៀត​អំពី​ថា តើ​លោក ស៊ី នឹង​បន្តកាន់​អំណាច​លើ​ពី​អាណត្តិ​ទីពីរ​របស់គាត់​ឬអត់។ ប៉ុន្តែ​ ការរៀប​ចំ​របស់គាត់​នោះក៏​អាច​បង្ហាញ​ពី​វិធី​ថ្មី​របស់​ ស៊ី លើ​បញ្ហា​នៃ​ការ​ជ្រើសរើស​អ្នក​ស្នង​តំណែង​បន្ត​ដែរ ពោល​គឺ បេក្ខជន​ខ្លាំងពូកែ​នឹង​ត្រុវតែ​បង្ហាញ​ខ្លួន​ឯង​នៅ​កម្រិត​ការិយាល័យ​នយោ​បាយ​ នៅមុនពេល​ទទួល​បាន​ឱកាស​ឡើង​ដល់​មុខ​តំណែង​ថ្មី​ទៀត។​

តាម​របៀបណា​ក៏​ដោយ ការ​រៀប​ចំថ្នាក់ដឹកនាំ​បែបនេះ​នឹង​ជួយ​​បង្កើន​តួនាទី​របស់​ ស៊ី មក​ធ្វើជា​មេដឹកនាំ​ដ៏​ខ្លាំង​ថ្មី​របស់​ចិន ជា​អ្វីមួយ​ដែល​បង្ហាញ​ថា លោក Jiang, Hu និង​សមាជិក​​គណៈកម្មាធិការ​អចិន្ត្រៃយ៍​​នៃ​ការិយាល័យ​នយោ​បាយ​ចូលនិវត្ត​ទាំង​អស់​​​ជំនះ​អាកាស​ធាតុ​ត្រជាក់​ដើម្បី​បង្ហាញ​មុខ​របស់គេ​និង​អប​អរ​សាទរ​​សុន្ទរកថា របស់​លោក ស៊ី នៅ​ក្នុង​ពិធីបើក​សមាជបក្ស៕

ប្រភព៖ South China Morning Post ចុះថ្ងៃ២៥ ខែតុលា ឆ្នាំ២០១៧

No comments:

Post a Comment