Thursday, October 26, 2017

ព្រះមហាក្សត្រឡាយព្រះហស្ថលេខាដាក់ឱ្យប្រើប្រាស់ច្បាប់ស្តីពីការបែងចែកអាសនៈបក្សនយោបាយដែលត្រូវរំលាយ

ច្បាប់ទាំង៤ពាក់ព័ន្ធការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត, សមាជិកព្រឹទ្ធសភា, ក្រុមប្រឹក្សាឃុំ-សង្កាត់, ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ ដែលស្នើធ្វើវិសោធនកម្មដោយតំណាងរាស្រ្តមកពីគណបក្សប្រជាជនកម្ពុជានោះ ត្រូវបានព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ឡាយព្រះហស្ថលេខាដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧នេះ។ ក្រោយសំណើកែប្រែច្បាប់នេះចូលជាធរមានរួចហើយនោះ អាសនៈតំណាងរាស្រ្ត ក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌរបស់គណបក្សសង្រ្គោះជាតិ ដែលប្រឈមការរំលាយចោលតាមបណ្តឹងរបស់ក្រសួងមហាផ្ទៃនោះ ក៏នឹងត្រូវបាត់បង់ផងដែរ។

បើតាមខ្លឹមសារនៃច្បាប់ដែលស្នើឱ្យធ្វើវិសោធនកម្មនេះ តំណាងរាស្រ្ត មេឃុំ ចៅសង្កាត់ ជំទប់ទី១ ទី២ និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ របស់គណបក្សសង្រ្គោះជាតិ អាចនឹងបាត់បង់តំ​ណែងទាំងអស់ បាត់បង់ក៏ដោយសារតែគណបក្សប្រឆាំងនៅកម្ពុជាមួយនេះ កំពុងរងការប្តឹងឱ្យរំលាយចោលក្រោមការចោទប្រកាន់ពីបទក្បត់ជាតិពីសំណាក់ក្រសួងមហាផ្ទៃ។

គួរបញ្ជាក់ថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧នេះ ក៏បានប្រកាសស្វាគមន៍ផងដែរដោយរក្សាតំណែងដ​ដែលចំពោះការចូលរួមជីវភាពនយោបាយរបស់តំណាងរាស្រ្ត ឬចៅសង្កាត់ មេឃុំ ជំទប់ និងសមាជិកក្រុមប្រឹក្សាខេត្ត ស្រុក ឃុំ សង្កាត់ មកពីគណបក្សសង្រ្គោះជាតិមករួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា។ លោកបានបន្ថែមថាការផ្តន្ទាទោសនោះ គឺធ្វើឡើងសម្រាប់តែអង្គការចាត់តាំងនយោបាយ ដែលធ្វើសកម្មភាពក្បត់ជាតិ ពោលគឺផ្តន្ទាទោសតែមេដឹកនាំតែប៉ុណ្ណោះ មិនចង់ឱ្យមានការប៉ះពាល់ជាមួយនឹងអ្នកខាងក្រោមនោះទេ។ លោកក៏បានប្រៀបធៀបការអនុវត្តន៍គោលការណ៍នេះ ប្រៀបដូចជាការអនុវត្តន៍នយោបាយឈ្នះ-ឈ្នះ ដែលធ្លាប់បានធ្វើជាមួយកងទ័ពខ្មែរក្រហមផងដែរ ព្រោះជើងក្រោមមិនបានប្រព្រឹត្តខុសនោះឡើយ៕






















No comments:

Post a Comment