Friday, April 21, 2017

Pence និយាយ​ខ្លាំងៗពីកូរ៉េខាងជើង​ ក៏ប៉ុន្តែ​ សហរដ្ឋអាមេរិក​ មិនបានដាក់​កំហិតហាមឃាត់​នោះទេ​

អនុប្រធានាធិបតីអាមេរិកលោក Mike Pence បានចេញនូវសេចក្តីថ្លែងមួយ ដោយព្រមានកូរ៉េខាងជើងកុំឱ្យសាកល្បងទៅនឹងសមត្ថភាពរបស់អាមេរិក។ ក៏ប៉ុន្តែ នៅខាងក្រោយការថ្លែងគំរាមដូច្នោះ សេតវិមានកំពុងចាត់វិធានការបន្ថែមទៀត ដោយផ្តល់ពេលវេលាដល់រដ្ឋាភិបាលចិនបង្ហាញថា ចិនបានត្រៀមខ្លួនរួចរាល់ឬនៅ ក្នុងការដាក់សម្ពាធលើកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
គំលាតរវាងសេចក្តីថ្លែងជាសាធារណៈរបស់រដ្ឋបាលលោក Trump ទៅកាន់ទីក្រុង Pyongyang និងការពឹងផ្អែកកាន់តែខ្លាំងលើរដ្ឋបាលទីក្រុង Beijing បានបង្កឱ្យមានភាពងាយស្រួលដោយ​សារដំណើរទស្សនកិច្ចរបស់លោក Pence ទៅកាន់កូរ៉េខាងត្បូង ជាពិសេស ការឈប់សំចតនៅតំបន់គ្មានកងទ័ព ដែលបែងចែកឧបទ្វីបកូរ៉េ។
កូរ៉េខាងជើងមិនគួរសាកល្បង “កម្លាំងកងទ័ពអាមេរិកនៅក្នុងតំបន់” នោះទេ នេះបើតាម​សម្តីរបស់លោក Pence ថ្លែងនៅទីក្រុង Seoul ប្រទេសកូរ៉េខាងត្បូង។ ក៏ប៉ុន្តែ នៅទីក្រុង Washington សេតវិមានបានចេញសេចក្តីថ្លែងការថា លោក Trump នឹងមិនដាក់កំហិតហាមឃាត់ណាមួយជាមួយកូរ៉េខាងជើងនោះទេ។ ហើយមន្រ្តីសេតវិមានបានបង្ហាញពីក្តីសង្ឃឹមថា ចិននឹងដើរតួនាទីបន្ថែមទៀតដើម្បីដាក់សម្ពាធកូរ៉េខាងជើង។
លោក Sean Spicer អ្នកនាំពាក្យសេតវិមានបានថ្លែងថា “មានចំណុចដាក់សម្ពាធផ្នែកនយោបាយ និងសេដ្ឋកិច្ច ដែលចិនអាចប្រើប្រាស់។ លោក Spicer បានលើកឡើងអំពីការផ្អាក់ការនាំចូលធ្យូងថ្មពីកូរ៉េខាងជើងមកកាន់ប្រទេសចិន ថាជាភស្តុតាងមួយក្នុងការដាក់សម្ពាធកូរ៉េខាងជើងពីសំណាក់ប្រទេសចិន។
សហរដ្ឋអាមេរិកក៏កំពុងពិចារណាដាក់គោលដៅលើធនាគាររបស់ចិន មិនឱ្យធ្វើពាណិជ្ជកម្មជាមួយកូរ៉េខាងជើង ហើយអាមេរិកនឹងជំរុញទីក្រុង Beijing រហូតទាល់តែចិនធ្វើសកម្មភាព។
លោក Pence ក៏បានលើកឡើងអំពីលទ្ធភាពនៃការបើកការពិភាក្សាជាមួយកូរ៉េខាងជើង ដោយកត់សម្គាល់ថា ទីក្រុង Washington បាន និងកំពុងស្វែងរកសន្តិសុខ តាមរយៈដំណោះស្រាយដោយសន្តិវិធី និងតាមរយៈការចរចា។
លោក Trump មានបីជម្រើស ទីមួយ គឺប្រើប្រាស់យោធា ដែលអាចដុតបញ្ឆេះសង្រ្គាមយ៉ាងធំមួយ ទីពីរគឺដាក់សម្ពាធចិនឱ្យដាក់ទណ្ឌកម្មកាន់តែខ្លាំងលើកូរ៉េខាងជើង និងទីបី គឺបង្កើតកិច្ចព្រមព្រៀងមួយ ដែលទាមទារឱ្យមានសម្បទានអ្វីមួយដល់កូរ៉េខាងជើង។
ជាសំណួរគឺថា តើឆន្ទៈក្នុងការពិចារណាទាំងសង្រ្គាម និងការបង្កើតកិច្ចព្រមព្រៀងរបស់លោក Trump អាចគ្រប់គ្រាន់ដើម្បីដាក់សម្ពាធចិនឱ្យផ្លាស់ប្តូរយុទ្ធសាស្រ្តរបស់ខ្លួន ហើយដាក់ការរឹតត្បិតកាន់តែខ្លាំងដើម្បីនាំយកកូរ៉េខាងជើងមកកាន់តុចរចា។
ការចរចាគឺជាអ្វីដែលចិនចង់បាន ហើយបច្ចុប្បន្ន លោក Trump ហាក់ដូចជាពឹងផ្អែកលើទីក្រុង Beijing ទៅដល់កម្រិតពិសេសមួយ។ លោក Pence អាចបញ្ចេញសញ្ញាថា សហរដ្ឋអាមេរិកបើកចំហសម្រាប់ពួកគេ។
កាលពីថ្ងៃចន្ទ អនុរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីខាងកើត និងប៉ាស៊ីហ្វិក លោក Susan Thornton បាននិយាយថា កូរ៉េខាងជើង គួរធ្វើការផ្លាស់ប្តូរកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន មុនពេល​សហរដ្ឋអាមេរិកពិចារណាផ្លាស់ប្តូរគំនិតចរចា។
ជាយូរមកហើយ សហរដ្ឋអាមេរិកបានបរាជ័យក្នុងការនាំយកកូរ៉េខាងជើងមកតុចរចា ចាប់តាំងពីរដ្ឋបាលលោក Clinton រហូតដល់លោក George W. Bush និងលោក Obama។ ក៏ប៉ុន្តែ លោក Trump បានបង្ហាញយ៉ាងច្បាស់ថា បញ្ហានេះមិនអាចពន្យារពេលបានទៀតទេ។
យោងតាមអតីតប្រធានមន្ទីរពិសោធន៍ជាតិ Las Alamos លោក Siegfried S. Hecker បានឱ្យដឹងថា លោក Kim មានវត្ថុធាតុដើមគ្រប់គ្រាន់សម្រាប់ផលិតអាវុធនុយក្លេអែរពី ២០ ទៅ ២៥ គ្រាប់ ហើយគាត់អាចផលិតបានពី ៦ ទៅ ៧ ក្នុងមួយឆ្នាំ។
ជាមួយនឹងកម្រិតនៃឥទ្ធិពលអាវុធនេះ លោក Hecker បាននិយាយថា គាត់មានក្តីបារម្ភអំពី ”មហន្តរាយនុយក្លែអ៊ែរ” នៅឧបទ្វីបកូរ៉េ ដែលជាលទ្ធផលចេញពី “ការកើនឡើងនៃសកម្មភាពយោធា” ឬក៏ អសន្តិសុខនៅជុំវិញកាំភ្លើងធំនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ ការចរចាត្រូវតែធ្វើជាបន្ទាន់ ដើម្បីដោះស្រាយជាមួយនឹងការគំរាមកំហែងដល់ជប៉ុន និងកូរ៉េខាងត្បូង។
កាលពីថ្ងៃចន្ទ កូរ៉េខាងជើងបានប្រតិកម្មទៅនឹងការព្រមានថ្មីៗពីសេតវិមាន ដោយបានចោទប្រកាន់រដ្ឋបាលលោក Trump ថា កំពុងអនុវត្តន៍នូវរបៀបបែប “ក្មេងពាល” ហើយសន្យាថា នឹងធ្វើសកម្មភាពប្រឆាំងទៅនឹងការគំរាមកំហែងផ្នែកយោធាណាមួយពីសហរដ្ឋអាមេរិក៕

ប្រភព : New York Times ចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧

No comments:

Post a Comment