Friday, April 21, 2017

លិខិតមិត្តអ្នកអាន៖ វេលារកលុយរបស់មេបន្ទាយព្រះអាទិត្យនៅបរទេសធ្លាក់ចុះខ្លាំងហៅលែងចង់លឺ

ពេញមួយរយៈពេលចូលឆ្នាំកន្លងទៅនេះ និងដូចពេលចូលឆ្នាំមុនៗដែរ ជាពេលវេលារកលុយបានយ៉ាងសម្បើមរបស់មេបន្ទាយព្រះអាទិត្យនិងបក្សពួកជំនិតនៅឯបរទេស។ ទឹកចិត្តបងប្អូនខ្មែរនៅបរទេសពិតជាគួរឱ្យកោតសរសើរណាស់ព្រោះតែខ្លាចបាត់ទឹកបាត់ដីយួនធ្វើបាបខ្មែរ គាត់នាំគ្នាបរិច្ចាគដោយមិនបានវិភាគស្ថានការណ៍ និងស្តាយថវិកា បើទោះជាគាត់រកចំណួលទទួលទានប្រចាំថ្ងៃបានដោយជួបការលំបាកយ៉ាងណាក៏ដោយ?
មេបន្ទាយព្រះអាទិត្យមើលឃើញឱកាសរកលុយនេះហ្មត់ចត់ណាស់ ហើយក៏ដាក់ផែនការខ្លួនដើរលេងប្រមូលលុយ និងចេញបញ្ជាឱ្យសមាជិកសំខាន់ៗរបស់ខ្លួនទៅគ្រប់ទិសទីទាំងអស់នៅបរទេសក្នុងពេលចូលឆ្នាំខ្មែរ ពួកគេទៅដល់ប្រទេសនានា ដែលមានបងប្អូនខ្មែររស់នៅទាំងនៅប្រទេសបារាំង, អាមេរិក, កាណាដា, ញូវស៊ីឡែន, អូស្ត្រាលី និងផ្សេងៗទៀត..។
នាឆ្នាំ២០១៣ គ្រាន់តែនៅក្រុងម៉ុងត្រឹអាល់មួយ លោកម្នាក់ដែលជាតំណាងរាស្ត្រ និងជំនិតលោក សម រង្ស៊ី គាត់រកបាន៦០,០០០ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ ឆ្នាំនេះ លោក កឹម សុខា រាងពិបាកជាងឆ្នាំមុនៗ ព្រោះរៀបកម្មវិធីតាមវត្តដើម្បីរៃអង្គាសលុយសម្រាប់ការបោះឆ្នោតខាងមុខ ប៉ុន្តែចំណូលធ្លាក់ចុះខ្លាំងហៅលែងចង់ឮ ប្រហែលប្រជាជននៅទីនោះលែងមានជំនឿកាលដែលប្រមូលលុយលើកមុនដើម្បីបើកទូរទស្សន៍ព្រះអាទិត្យបែរជាគ្មានអ្វីកើតមានសោះ។ ដល់តែអញ្ចឹងទៅក្នុងវត្តឃើញតែវត្តមានគ្នាគាត់និងអ្នកហែរហមតាម មិនច្រើនប៉ុន្មានឡើយ។ ក្នុងរបាយការណ៍ដែល សុភា ទន្សាយទទួលបានគឺថាក្នុងប្រទេសញូវស៊ីឡែន ដែលបានបងប្អូនខ្មែរនៅតិចជាងគេក្នុងចំណោមប្រទេសនានា លោកកឹម សុខា ទទួលបានថវិកាពីការចូលរួមរបស់បងប្អូនខ្មែរតិចមែនទែន? ប៉ុន្តែហេតុអ្វីគាត់ទៅទីនោះ? ដោយឡែក នៅអូស្ត្រាលីវិញក្នុងទីក្រុងអាតឺឡែតគាត់រកចំណូលបានចំនួនត្រឹម២៥០០ ទៅ ៣០០០ដុល្លារ ប៉ុណ្ណោះ ខណៈឆ្នាំ២០១៣ គ្រាន់តែគាត់ទទួលបានពីប្រធានពុទ្ធិកសមាគមខ្មែរនៅទីនោះ ក៏មានចំនួនច្រើនជាង១០ម៉ឺនដុល្លារដែរ។
ទេពកោសល្បរបស់ពួកគេមានច្រើន ដើម្បីបញ្ចុះបញ្ចូលនិងទាក់ទាញការចាប់អារម្មណ៍ពីបងប្អូនខ្មែរនៅបរទេស។ វិធីសាមញ្ញម្យ៉ាងដែលគេប្រើគឺថាឱ្យតែមិនគាំទ្ររដ្ឋាភិបាល ហ៊ាននិ​យាយ​ប្រឆាំង និងលាបពណ៌អាក្រក់លើរដ្ឋាភិបាលទៅបងប្អូនខ្លះនៅបរទេសងាយនឹងជឿ និងសម្រេចចិត្តចូលរួមជាថវិកា។ ពួកគេតែងនាំទៅជាមួយបញ្ហាជាច្រើន ដើម្បីចោទរដ្ឋាភិបាល៖ ដូចជាការបាត់កោះត្រល់, ការជួលប្រាសាទអង្គរវត្តទៅឯកជនគ្រប់គ្រង,ការជួលព្រៃសម្ប​ទាន​, អំពើពុករលួយ និងអំពើរំលោភសិទ្ធិមនុស្ស ។ល។ និង។ល។ រួមនិងនាំយកទៅជាមួយអ្នកសកម្មជនរកចំណូលក្រៅផ្លូវការរបស់អង្គការរដ្ឋាភិបាល (មែនទែនរបស់បក្ស) ដើម្បីទៅធ្វើជាសក្ខីកម្ម ឧទាហរណ៍ដូចជាសកម្មជនដីធ្លី (ឈ្មោះដែលវិទ្យុគ្នាគេប្រសិទ្ធិនាមឱ្យ) ជាដើម។ល។
តាមរបាយការណ៍ក្រៅផ្លូវការក្នុងឆ្នាំ២០១៣ ទេព វណ្ណី និងលោក កឹម សុខា បានទៅចូលរួមពិធីដែលគេហៅថា វេទិកាសាធារណៈនៅក្រុង Philadelphia ដោយរកលុយបានជាច្រើន។ តែឆ្នាំនេះផែនការមិនបានសំដៅទៅទីនោះទៀតទេ ព្រោះជាប់ប្រមូលលុយនៅញូវស៊ីឡែន និងអូស្ត្រាលីដោយព្យាយាមភ្ជាប់ការជួបជាមួយបុគ្គលនៃប្រទេសទាំងនេះខ្លះៗគ្រាន់បានបង្ហោះហ្វេសប៊ុក ប្រាប់សាធារណៈជនថា គាត់ទៅដើម្បីបេសកកម្មជាតិទេ គឺមិនមែនទៅដើរលេង ឬទៅប្រមូលលុយតាមវត្តឡើយ.។ល។ រូបភាពវីឌីអូដែលបងប្អូនខ្មែរនៅក្រៅប្រទេសផ្ញើជូន សុភា ទន្សាយ បានមើលកាលពីយប់មិញ គឺក្រៅពីមិនបានទៅវត្តយកបច្ច័យប្រគេនព្រះសង្ឃ កឹម សុខា បែរជាទៅទទួលបច្ច័យពីព្រះសង្ឃ២០០ ទៅ៣០០ ដុល្លារ នៅតាមវត្តទៅវិញ។ ពិតជារឿងគួអោយអម៉ាស់ណាស់!
វាជាឆន្ទៈរបស់ពួកគេជាខ្មែរនៅបរទេស ដែលគេមានចិត្តអាណិតអាសូរទៅដល់ជាតិ និងប្រជាជនខ្លួនឯង តែពួកគាត់ខ្លះភ្លេចថាក្រុមអ្នកនយោបាយមួយក្រុមគេកំពុងតែអន្ទងចិត្ត, ស្មារតីនិងធនធានរបស់ខ្មែរនៅបរទេសយកមកបម្រើនូវផលប្រយោជន៍បក្សពួកនិងបុគ្គល ដែលចំណុចនេះ គឺចំណុចដ៏សាមញ្ញមួយដែលត្រូវសួរគឺថា៖ តើមានអ្វីដែលធានាថាការចាយវាយរបស់ពួកគេ (អ្នកទទួលលុយ) ឱ្យមាននូវតម្លាភាពនិងការទទួលខុសត្រូវ និងធានានូវលទ្ធផលដូចពួកគេធ្លាប់ស្រម័យចង់បាន តែខ្លួនឯងបែរជាចោទរដ្ឋាភិបាល ទាំងគ្មានភស្តុតាងនិងជាអំណះអំណាង។ បញ្ហាខ្លះ វាអាចមានមែន ប៉ុន្តែពួកគេពន្លើស១ទៅជា១០ ហើយ១០ទៅជា១០០ និង១០០០។
អ្នកនៅបរទេសខ្លះ ក្តាប់ស្ថានការណ៍ពិតនៅកម្ពុជាមិនសូវបាន ស្តាប់តែអាស៊ីសេរី សម្លេងសហរដ្ឋអាមេរិក និងហ្វេសប៊ុក ពួកគេខ្លះគ្មានមូលដ្ឋានធ្វើការពិចារណាលើព័ត៌មាន ដែលពួកជ្រុលនិយមលាបពណ៌ ប៉ុន្តែបែរជាចេះតែអាណិតខ្មែរខ្លាំង ខណៈអ្នកនៅខ្មែរខ្លះកំពុងអាណិតពួកគាត់វិញក៏មានដែរ ដោយសារតែពួកគាត់អាចជាប់រវល់ការងារប្រចាំថ្ងៃពេក អារម្មណ៍តឹងតែងបរិបទនៅស្រុកគេ ការស្វែងរកចំណូលត្រូវប្រើពលកម្មច្រើនជាប្រចាំ មិនសូវមានពេលវេលាជួបជុំគ្រួសារ ខ្វះនូវទំនាក់ទំនងជិតស្និទ្ធ និងភាពស្និទ្ធស្នាលក្រៅពីសហគមន៍ខ្មែរដ៏តូចមួយនៅទីនោះ ដែលមានស្ថានភាពមិនសូវខុសគ្នា ចំណែកមួយចំនួនវក់ល្បែងស៊ីសងនៅតាមកាស៊ីណូ។ល។ ដែលទាំងនេះជាសម្ពាធផ្លូវចិត្ត ហើយនៅពេលត្រូវគេលួងលោម ការសន្យាផ្តល់តួនាទីបុណ្យស័ក្តិ ក៏ងាយនឹងជឿរហូតអ្នកខ្លះខាត់បង់លុយកាក់ទ្រព្យសម្បត្តិ និងបាត់ជំនឿ។
ក្រៅពីស្រឡាញ់ជាតិនិងប្រជាជនខ្លួនឯង បងប្អូនខ្មែរនៅទីនោះមួយចំនួន កំពុងត្រូវបានពង្វក់ថា នឹងផ្តល់តំណែងជូនដែរ ប្រសិនបើ CNRP ឈ្នះឆ្នោត។ វាជាសេចក្តីស្រមៃនៅឆ្ងាយផុតជើង​មេឃ ព្រោះសូម្បីសមាជិកសកម្មនៅ CNRP ស្រុកខ្មែរ ចំនួនច្រើនណាស់ មិនទទួលបានតួនាទី ឋានៈ ឬបុណ្យស័ក្តិ។ ពួកគាត់បានចិញ្ចឹមចិត្តថា បំណងថ្ងៃមួយ សេចក្តីស្រមៃរបស់ពួកគាត់នឹងបានសម្រេចដូចបំណង? មែន! មនុស្សមិនអាចរស់នៅដោយគ្មានមហ្ឆិតា និងសេចក្តីស្រមៃបានទេ? ព្រោះវាជាកម្លាំងជំរុញនិងទាញឱ្យមានការខិតខំប្រឹងប្រែងដើម្បីបានឈានទៅដល់គោលដៅនៃជីវិត ប៉ុន្តែពួកគាត់ខ្វះព័ត៌មានដើម្បីពិចារណា ខ្លះគិតងាយពីនយោបាយពេក និងងាយជឿគេពេក។ ខ្មែរវ័យចំណាស់ខ្លះ ចូលនិវត្តន៍ និងបើកប្រាក់សុខុមាលភាពសង្គមសម្រាប់ត្រឹមចាយខ្លួនឯង ក៏ត្រូវចាញ់បោកអ្នកនយោបាយបក្សប្រឆាំងរហូតអស់លុយពីខ្លួន។ ព័ត៌មាននៃការចាញ់បោកប្រាក់មានជាហូរហែរ រហូតអ្នកខ្លះមានការខ្មាស់អៀន មិនហានប្តឹង តែបានត្រឹមតែឈឺចិត្តស្អិតទ្រូងសម្ងំមិននិយាយព្រោះខ្មាស់គេ។
ការសន្យាផ្តល់តួនាទីត្រូវអូសបន្លាយដល់សព្វថ្ងៃ ទោះក្រោយលោក សម រង្ស៊ី បានប្រកាសលាលែងតំណែង ដែលចំណុចនេះរឹតតែធ្វើឱ្យបងប្អូនខ្មែរនៅទីនោះ គេកាន់តែជឿថា លោក សម រង្ស៊ី និងលោកកឹម សុខា ពិតជាមិនស្រឡាញ់ទេអំណាចនោះ។ គ្មានអ្វីគួរឱ្យសង្ស័យនោះទេ? នរណាដែលថាលោកទាំងពីរមិនស្រឡាញ់អំណាច? នរណាថាលោកទាំងពីរមិនស្រ​ឡាញ់​លុយកាក់ ព្រោះសូម្បីតែចាញ់ឆ្នោតជាច្រើនឆ្នាំមកនេះ ក៏គាត់ក្លាយជាអ្នកមានទៅហើយ ចុះទម្រាំគាត់ជាប់ជានាយករដ្ឋមន្ត្រីវិញនោះ តើអ្វីៗដូចការគិតទុកដែរឬទេ?
ន្ទៈល្អ ចេតនាល្អ និងបំណងល្អដើម្បីជាតិនិងប្រជាជន គឺជាអ្វីដែលគួរឱ្យគោរពបំផុត ប៉ុន្តែសូមកុំឱ្យឆន្ទៈល្អ ចេតនាល្អ និងបំណងល្អទាំងនេ ត្រូវបានមនុស្សមួយក្រុមឆក់យកទៅបោកទឹកចិត្ត, ស្មារតី និងបេះដូងអ្នក។ ប៉ុន្តែអ្វីៗបានប្រែប្រួលហើយ ក្រៅពីដើរប្រមូលលុយយ៉ាងជោគជ័យច្រើនឆ្នាំកន្លងទៅ ឆ្នាំនេះលោកកឹម សុខា ត្រូវផុងខ្លួនត្រឹមតែលុយទប់សំបុត្រយន្តហោះ និងការស្នាក់នៅហូបចុក របស់ក្រុមនិងបក្សពួករបស់ខ្លួនដែលប្រឹងហែរហមតាម។ ការវិលត្រប់មកកម្ពុជាវិញនាថ្ងៃនេះ របស់លោក កឹម សុខា ទោះបីជាបរាជ័យតូច ឬធំប៉ុណ្ណា លោក កឹម សុខា អាចបញ្ជាក់បានយ៉ាងច្បាស់ណាស់ប្រសិនបើគាត់ជាមនុស្សនិយាយត្រង់នោះ ហើយនរណាៗក៏អាចយល់បានបើទោះជាគាត់ប្រឹងថ្លែងកុហកប្រាសចាកពីការពិត៕
ដោយ៖ សុភា ទន្សាយ

No comments:

Post a Comment