Friday, April 21, 2017

ការ​ធ្វើ​តេស្ត​របស់​ ត្រាំ នៅ​ស៊ីរី ការ​វាយ​ប្រហារនោះ​នឹង​ធ្វើ​ឲ្យ​អាមេរិក​សម្រេច​បាន​លទ្ធ​ផលតិច​តួចណាស់

មនុស្ស​តិចតួច​ណាស់​ត្រូវ​គេ​រំពឹង​ថា អាមេរិក​នឹង​ឆ្លើយ​តប​ទៅ​នឹង​ការ​វាយ​ប្រហារ​អាវុធ​គីមី​ចុង​ក្រោយ​របស់​ប្រធានាធិបតី Bashar al-Assad នៅ​ទីក្រុង Khan Sheikhoun ជា​មួយ​នឹង​ការ​វាយ​ប្រហារ​យោធា​ដោយ​ផ្ទាល់​ណាស់។ ប៉ុន្តែ ប្រធានាធិបតី​អាមេរិក​ ដូណាល់ ត្រាំ បាន​ធ្វើ​បែប​នេះ ដោយ​គ្មាន​ផែនការ​យុទ្ធ​សាស្ត្រ​ ឬ​លទ្ធផល​តាម​ការ​ចង់​បាន​សម្រាប់​សង្គ្រាម​រយៈ​ពេល ៧ ឆ្នាំ​នៅ​ស៊ីរី​នោះទេ។ នៅ​ត្រង់​នេះ គេ​មិន​ច្បាស់​ថា តើ​ការ​វាយ​ប្រហារ​នោះ​នឹង​ធ្វើ​ឡើង​ដោយ​មូល​ហេតុ​ផ្សេង​ ឬ​ថាតើ​អាមេរិក​នឹង​ឆ្លើយ​តប​របៀប​ដូច​គ្នា​ទៅ​នឹង​ការ​វាយ​ប្រហារគីមី​នៅ​អានាគត​ដែរឬអត់? ជា​លទ្ធ​ផល​នៃ​ភាព​មិន​ច្បាស់​លាស់​នេះ ការ​បញ្ចប់​សង្គ្រាម​ ឥឡូវនេះ ទំនង​ជា​នឹង​មិន​​ងាយ​ទៅ​រួច​ទេ។
ការ​វាយ​ប្រហារ​លើ​​ទ័ព​អាកាស​នៅ Shayrat ដែល​ពាក់​ព័ន្ធ​នឹង​គ្រប់​មីស៊ីល​ Tomahawk ចំនួន ៥៩ គ្រាប់​នោះ បាន​កើត​ឡើង​បន្ទាប់​ពី​យោធា​អាមេរិក​តាម​ដាន​យន្ត​ហោះ​ចម្បាំង​ស៊ីរី​មួយ​គ្រឿង​ដែល​បាន​វាយ​ប្រហារ​លើ​ទីក្រុងដែល​កាន់​កាប់​ដោយ​ពួក​ឧទ្ទាម​ដែល​កំពុង​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​កាន់​មូល​ដ្ឋាន​នោះវិញ។ ប្រតិកម្ម​ចេញពី​រុស្ស៊ី​ និង​ស៊ីរី​បាន​កើត​ឡើង​យ៉ាង​ខ្លាំង។​
ទន្ទឹម​គ្នា​នោះ​ដែរ តុល្យភាព​អំណាច​នៅ​ស៊ីរី​នៅតែ​ដដែល លើក​លែង​តែ​ប្រការ​ដែល​ថា Assad មាន​សមត្ថភាព​ពេញលេញ​ក្នុងការ​វាយ​ប្រហារ​លើ​អ្នក​ប្រឆាំង​គាត់។ ទោះបីជា​ ឥឡូវនេះ គាត់​កាន់តែ​ត្រូវ​បាន​ទប់​ស្គាត់​មិន​ឲ្យ​ចូល​រួម​ក្នុងការ​វាយ​ប្រហារ​គីមី​ថ្មី​ទៀត​ក៏​ដោយ ក៏​របប​នោះ​ត្រូវ​បង្ហាញ​ថា ខ្លួន​នៅតែ​គ្រប់គ្រងដែរ។ របបនោះ​ទំនងជា​ជឿថា ការ​វាយ​ប្រហារ​អាវុធ​គីមី​នោះ​នឹង​មិន​បង្ករ​ឲ្យ​មាន​ការ​ឆ្លើយ​តប​ដោយ​បង្ខំ​ដែរពី​រដ្ឋបាល​ត្រាំនោះទេ។ ដូច្នេះ គ្រា​ប់​បែក​គីមីកាន់តែ​ច្រើន​ថែម​ទៀត​ដែល​​មាន​គោល​ដៅ​លើ​ប្រជាជន​ស៊ីរី​នោះ​ទំនង​ជា​នឹង​កើត​មាន​ទៀត។ ទន្ទឹម​គ្នា​ដែរ គេ​នៅ​តែ​មិន​ច្បាស់ថា តើ​អាមេរិក​នឹង​បន្ត​វាយប្រហារ​លើ​កង​កម្លាំង​ស៊ី​រី​ ចូល​រួម​ក្នុងការ​ទូត​ ឬ​វិល​ត្រឡប់​ទៅ​រក​ស្ថានភាព​ដើម​នោះឬអត់ទេ។
ទោះបីជា​ការ​វាយប្រហារ​នោះ​អាច​ត្រូវទប់​ស្កាត់​ដ៏មាន​ប្រសិទ្ធភាព​ក៏​ដោយ ក៏​វា​អាច​ត្រូវ​បាន​​​ធ្វើ​ឲ្យ​ខ្សោយ​ដោយ​បរាជ័យ​របស់​រដ្ឋបាល​ ត្រាំ ក្នុងការ​ស្វែង​រក​យុទ្ធ​សាស្ត្រ​ណា​មួយ​ដែល​​ពាក់​ព័ន្ធ​នឹង​ការ​វាយ​ប្រហារ​នោះ។ ឧទាហរណ៍ ប្រសិន​បើ​រដ្ឋបាល​ ត្រាំ បាន​ដាក់​ចេញ​នូវ​លក្ខខណ្ឌ​ច្បាស់​លាស់​​សម្រាប់​ការ​វាយ​ប្រហារ​បន្ថែម​ទៀត​ និង​បង្ហាញ​សញ្ញាថា ខ្លួន​នឹង​ចាប់​ផ្តើម​​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ការ​ទូត​ថ្មី​ៗ​ដើម្បី​បង្កើត​បទឈប់​បាញ់​​នៅទូទាំង​ប្រទេស​ និង​ដាក់​សម្ពាធ​​រុស្ស៊ី​ឲ្យ​ Assad ចុះ​ចាញ់​នោះ ផល​ប៉ះពាល់​នោះ​នឹង​មិន​កើន​ឡើង​នោះទេ។ ប៉ុន្តែ​ អវត្តមាន​ពី​ផែនការ​យុទ្ធ​សាស្ត្រ​ច្បាស់​លាស់​បែប​នេះ និង​ដោយ​មន្ត្រី​រុស្ស៊ី​ច្រាន​ចោល​ការ​វាយ​ប្រហារ​នោះ របប​ Assad ទំនង​ជា​​ត្រូវ​រារាំង​បន្តិច​បន្តួច​ប៉ុណ្ណោះ ហើយ​មិន​ស្ថិត​ក្នុង​​រយៈ​ពេល​យូរ​ទៀត​ផង។ ជាង​នេះទៅ​ទៀត រុស្ស៊ី​នៅតែ​មិន​ត្រូវបានគេ​​ទប់​ស្កាត់​ហ្មត់​ចត់​នៅ​ក្នុងការ​ប្រើ​អាវុធ​​​របស់ខ្លួន​ក្នុងការ​វាយ​ប្រហារ​លើ​ទាំង​ជន​ស៊ី​វិល ​និង​កងកម្លាំង​ប្រឆាំង​ដដែល។
ហួសពីការ​ផ្លាស់​ប្តូរ​តិច​តួចបែប​នេះនៅ​ស្ថានភាព​ជាក់​ស្តែង​សម្រាប់​របប​ Assad នោះ​ ល្បែង​របស់​អាមេរិក​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​​អវិជ្ជមាន​ដល់​យុទ្ធនាការ​លើ​ពួក ISIS ដោយ​ចាប់​ផ្តើម​ជា​មួយរុស្ស៊ី និង​អាច​ឈាន​ទៅ​ដល់​ទួកគី​ផងដែរ។ រុស្ស៊ី ដែល​គាំទ្រ Assad បាន​រិះគន់​យ៉ាង​ខ្លាំង​លើ​ការ​វាយ​ប្រហារដោយ​គ្រាប់​មីស៊ីល​​នោះ។ អ្នក​នាំពាក្យ​វិមាន​ក្រឹមឡាំង​ម្នាក់​បាន​ដក​ស្រង់​សម្តី​លោក Putin ដោយ​បាន​ប្រកាស​ថា ការ​វាយ​ប្រហារ​នោះ​គឺ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ទំនាក់​ទំនង ​អាមេរិក​-រុស្ស៊ី ។ ការ​វាយ​ប្រហារ​នោះ​​បាន​ធ្វើ​ឲ្យ​ធ្លាក់​ចុះ​ទំនាក់​ទំនង ​អាមេរិក​-រុស្ស៊ី ​ដល់​កម្រិត​ទាបបំផុត។ កិច្ច​សហ​ប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ ដូចជា​កិច្ច​ខិតខំ​ប្រឹង​ប្រែង​​ក្នុងការ​ជៀសវាង​ការ​ជ្រៀត​ជ្រែក​ក្នុង​យុទ្ធ​នាការ​​ដែន​អាកាស​របស់​គ្នា​ទៅ​វិញទៅ​មក​នោះ ឥឡូវនេះ កំពុង​ផុត​រលត់​ ដោយ​សាររុស្ស៊ី​​បាន​លុបចោល​កិច្ច​ខំ​ប្រឹង​ប្រែង​បញ្ចប់​ជម្លោះនោះ​។ ការ​សហការ​លើ​ការ​ស្តារ​ការ​ទូត​របស់​ស៊ីរី​ក៏ទំនង​ជា​នឹង​បញ្ចប់​ផងដែរ។
ដោយ​មាន​បញ្ហា​នឹង​ការ​វាយ​ប្រហារ​នោះ វា​មាន​ការ​លំបាក​ក្នុងការ​បដិសេធថា សកម្មភាព​ខ្លះ​លើលោក Assad មាន​មូល​ហេតុច្បាស់លាស់។
សម្រាប់​ខ្លួនវិញ ទួកគី​បាន​គាំទ្រ​ដល់​វិធានការ​របស់​អាមេរិក​លើ Assad ហើយ​បាន​ស្នើ​ឲ្យ​មាន​វិធានការ​នោះ​ជា​ច្រើន​ដងផងដែរ។ ប៉ុន្តែនៅពេល​ថ្មីៗនេះ ទួកគីបាន​និង​កំពុង​ចងសម្ព័ន្ធ​មិត្ត​ជា​មួយ​រុស្ស៊ី​ ដោយ​បាន​ធ្វើ​សមយុទ្ធ​រួម​ ហើយ​មិន​សូវ​មានការ​ជំទាស់​ទៅ​នឹង​របប​ Assad ក្នុងការ​ដោះ​ដូរ​​ដល់​ការ​អនុញ្ញាត​​វាយ​ប្រហារ​ពួក​ជន​ជាតិ Kurds នៅ​ក្នុង​ប្រទេស​ស៊ីរី។ ទួកគីក៏​មិន​ពេញ​ចិត្ត​នឹង​អាមេរិក​ក្នុងការ​គាំទ្រ​​ពួក Kurds និង​ចំពោះ​ការ​បដិសេធ​ធ្វើ​បត្យាប័ន​​មេដឹកនាំ​សាសនា ​និង​នយោ​បាយ​ទួកគីលោក Pethullah Gulen ដែល​ទីក្រុង Ankara ចោទប្រកាន់​ពីការ​ប៉ុនប៉ង​​ធ្វើ​រដ្ឋ​ប្រហារ​​លើ​រដ្ឋា​ភិបាល​នៅ​រដូវក្តៅ​មុន។ ទួកគីនៅពេល​ថ្មី​ៗ​នេះ​បាន​គំរាម​ហាម​អាមេរិក​មិន​ឲ្យ​ប្រើ​មូល​ដ្ឋាន​ទ័ព​អាកាស Incirlik របស់ខ្លួន​ ដែល​ជា​ទីតាំង​សម្រាប់​យក​មក​ធ្វើ​សង្គ្រាមលើ​ ISIS។
ទន្ទឹ​ម​គ្នា​នោះដែរ កិច្ច​សហប្រតិបត្តិការ​រវាង​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី​គាំទ្រ​ដោយ​អាមេ​រិក ​និង​កងកម្លាំង​របប​ស៊ីរី​ប្រឆាំង ISIS ទំនង​ជានឹង​បញ្ចប់។ ការ​បញ្ចប់​កិច្ច​សហប្រតិបត្តិការ​នេះ​គឺជា​វិធី​ជាក់​ស្តែង​មួយ​ដែល​របប Assad អាច​ធ្វើ​ឲ្យ​អាមេរិក​ខាត​ចំពោះការ​វាយ​ប្រហារ​របស់ខ្លួន​លើ​មូល​ដ្ឋាន​ទ័ពអាកាស​នោះ។​
ចំណែក​ឯតួអង្គ​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​តំបន់ ប្រទេស Qatar និងSaudi Arabia កំពុង​គាំទ្រ​​ពេញ​ទំហឹង​ដល់​សកម្មភាព​របស់​អាមេរិក​។ រដ្ឋាភិបាល Saudi គឺស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​ដំបូង​គេ​ក្នុងការ​ផ្តល់​ការ​កោត​សសើរ​។ ប្រជាជន​ Saudi បាន​និង​កំពុង​​ជំរុញ​ឲ្យ​អាមេរិក​ចាត់​វិធានការ​បែប​នេះ​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ហើយ​ពួក​គេ​អន្ទៈសារ​ចង់​ឲ្យ​ទីក្រុង​វ៉ាស៊ីនតោន​ចូល​រួម​នៅ​ក្នុង​​ការ​ខិត​ខំ​ប្រឹង​ប្រែង​កាន់​តែ​មាន​ចីរភាព​ថែម​ទៀត​។ វា​អាច​ទៅ​រួច​ដែល​ថា ការ​វាយ​ប្រហារ​នោះ​បាន​ជំរុញ​ឲ្យ​មាន​អ្វី​ដែល​គេ​ហៅ​ថា “ណាតូឈូង​សមុទ្រ​ពែក” ជា​ការ​ផ្តើម​គំនិត​ដឹកនាំ​ដោយ​ Saudi ​ក្នុងការ​បង្កើត​កម្លាំង​ចម្រុះ​រដ្ឋ​នៅ​តំបន់​ឈូង​សមុទ្រ​ពែក​​ដែល​អ្នក​រិះ​គន់​បាន​ចាត់​ទុក​ថា ជា​ខ្លាក្រដាស។ បណ្តា​រដ្ឋ​នៅ​ឈូង​សមុទ្រ​ពែក​ត្រូវ​គេ​រំពឹងថា នឹង​បង្កើន​ការ​គាំទ្រ​របស់​គេ​ដល់​កងកម្លាំង​ប្រឆាំង​ស៊ីរី​​ក្នុង​ករណី​អាមេរិក​ដក​ការ​គាំទ្រ​។​
ប៉ុន្តែ អ៊ីរ៉ង់​បាន​ថ្កោល​ទោស​ការ​វាយ​ប្រហារ​នោះ ដោយ​ព្រមាន​ថា ខ្លួន​នឹង​ពង្រឹង​ភេរវករ​និង​បន្ថែម​ទៅ​លើ​ភាព​ស្មុគ​ស្មាញ​នៃ​ស្ថានភាព​នៅ​ស៊ីរី​និង​តំបន់។ មិន​មាន​មធ្យោ​បាយ​ប្រសិទ្ធ​ភាព​ណា​មួយ​ក្នុង​ការ​ទប់​ស្កាត់​អ៊ីរ៉ង់​មិន​ឲ្យ​បន្ត​និង​បន្ថយ​ការ​គាំទ្រលើ​​របប​និង​កងកម្លាំងរបស់ Assad ទេ។
ដោយ​ការ​វាយ​ប្រហារ​គ្រាប់​មីស៊ីល​នោះ​ប្រហែល​ជា​បង្កបញ្ហានោះ វា​មាន​ការ​លំបាក​ក្នុង​ការ​បដិសេធ​ថា វិធានការ​ខ្លះលើ​លោក Assad សមហេតុផល។ របបនោះទទួល​ខុសត្រូវ​​លើ​ការ​ធ្វើ​សង្គ្រាម​ដ៏ឃោរឃៅ​លើ​ពួក​ប្រឆាំង​ស៊ីរី​និង​ជនស៊ីវិល​រាប់​រយ​ពាន់​នាក់។ ហើយ​​របបនោះ​បាន​ចូល​ដៃ​ជា​មួយ​រុស្ស៊ី​ក្នុងការ​បំពាក់​អាវុធ​ជន​ភៀស​ខ្លួន​និង​ធ្វើ​ឲ្យ​អស្ថិរភាព​​សហភាព​អឺរ៉ុប។ ប្រសិន​បើ​ ត្រាំ បន្ត​វាយ​ប្រហារ​ជា​មួយ​យុទ្ធ​សាស្ត្រ​​ក្នុងការ​បង្ខំ​រុស្ស៊ី​ឲ្យ​ដាក់​សម្ពាធ​ Assad ​ឲ្យ​វិល​ត្រឡប់​ទៅ​កាន់​តុចរចា​នោះ វា​នៅទីបំផុត​នឹង​ជា​វិធានការ​ប្រកប​ដោយ​ផ្លែផ្កា។ ឧទាហារណ៍ អាមេរិក​នឹង​ត្រូវ​ការ​​គំរាម​រុស្ស៊ី​​ជាមួយ​នឹង​ការ​វាយ​ប្រហារ​បន្ថែម​ទៀត​ ប្រសិន​បើ​ខ្លួន​ប្រឆាំង​ការ​ដាក់​សម្ពាធ​លើ​ Assad ។ ប៉ុន្តែ ការ​ធ្វើ​បែប​នេះ​នឹង​មិន​ទំនង​ជា​កើត​ឡើង​ទេ ដោយ​សារតែ​កាលពី​ ១ សប្តាហ៍​កន្លងទៅ​ រដ្ឋបាល​ ត្រាំ បាន​ប្រកាស​ថា ខ្លួន​ឈប់​ស្វែង​រក​ការ​ទម្លាក់​របប​ Assad ទៀត​ហើយ។​
ជា​ការ​ពិត​ ការ​វាយ​ប្រហារនេះ​ហាក់​បីដូចជា​ចង់​បង្វែរ​ចំណាប់​អារម្មណ៍​របស់​សាធារណជន​និង​បណ្តាញ​ផ្សព្វ​ផ្សាយ​ចេញពី​ភាព​ចំរូង​ចម្រាស់​នៅ​ជុំវិញ​ទំនាក់​របស់ ត្រាំ ជាមួយ​រុស្ស៊ី។ ជា​រួម​ទៅ របប​ស៊ីរី​បាន​ធ្វើ​ការ​វាយ​ប្រហារ​អាវុធគីមី​ផ្សេងៗ​ទៀត​នៅ​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ​ ចាប់​​តាំង​ពី​ ត្រាំ បាន​ឡើង​កាន់​តំណែង​ម៉្លេះ ហើយ​គ្មាន​ការ​វាយ​ប្រហារគីមី​ណា​មួយ​បាន​ជំរុញ​ឲ្យ​ ត្រាំ ចាត់​វិធាន​ការ​ដោយ​ប្រើ​កម្លាំង​លើ​ Assad នោះទេ។ ការ​វាយការ​ដោយ​គ្រាប់​មីស៊ីល​នោះ​ក៏​រៀប​ចំឡើង​ដើម្បី​ធ្វើ​ឲ្យ​រដ្ឋបាល​ អូបាម៉ា​ មើល​ទៅ​ខ្សោយ​។ ប្រសិន​បើ​អាមេរិក​និង​សម្ព័ន្ធ​មិត្ត​របស់ខ្លួន​បាន​ចាត់​វិធាន​ការ​លើ​ Assad នៅ​ឆ្នាំ ២០១៣ នោះ ការ​ឡើង​កម្លាំង​របស់​រដ្ឋ​អ៊ីស្លាមនិង​ក្រុម​ជ្រុល​និយម​ផ្សេង​ៗ​ទៀត​ ការ​ឡើង​ដៃ​របស់​រុស្ស៊ី អស្ថិរភាព​ទ្វីប​អឺរ៉ុប និង​ការ​ខូច​ខាត​យ៉ាង​ខ្លាំង​​លើ​ប្រជាជន​ស៊ីរី​នឹង​ទំនង​ជា​អាច​ជៀស​វាង​បាន។ លោក Obama រួម​ជា​មួយ​​សមភាគី​បារាំង​និង​អង់គ្លេស​របស់គាត់ អាច​ជួយ​​កង​ទ័ព​ស៊ីរីសេរី​​ផ្តួល​រំលំ​របប​ Assad ដោយ​គ្មាន​ការ​លំបាក​នោះទេ ពោល​ជា​ពេល​ដែល​ពួក​ឧទ្ទាម​ទាំង​នោះ​​មាន​ការ​គាំទ្រ​​ពី​អាមេរិក​និង​រដ្ឋ​នៅ​ឈូង​សមុទ្រ​ពែក​។

សម្រាប់​ពេល​នេះ រដ្ឋបាល​ ត្រាំ បាន​អះអាងថា ខ្លួន​មិន​ផ្លាស់ប្តូរ​​អភិក្រម​ទាំង​ស្រុង​របស់ខ្លួន​ទៅ​លើ​ស៊ីរី​ទេ។ ប៉ុន្តែ ប្រសិន​បើ​អាមេរិក​មិន​វាយ​ប្រហារ​ដោយ​មាន​វិធានការ​បន្ថែម​ទេ​នោះ ហើយ​យុទ្ធសាស្ត្រ​​របស់​ស៊ីរី ឬ​រុស្ស៊ី​មិន​ផ្លាស់ប្តូរ​អំពី​​យុទ្ធ​សាស្ត្រ​នៃ​សត្រូវ​និង​មិត្តទេ​​នោះ។ ការ​ប្រើ​ប្រាស់​អាវុធគីមី​របស់ Assad កំពុង​បង្ហាញ​​ថា ជា​ការ​ធ្វើ​តេស្ត​​គោល​នយោ​បាយ​យ៉ាង​ធំ​សម្រាប់ ត្រាំ ហើយ​វា​មិន​ច្បាស់​ទាល់​តែ​សោះ​ថា គាត់​កំពុង​រំលង​វា​ចោលនោះ។ ការ​វាយ​ប្រហារ​លើ​ស៊ីរី​នោះ​ហាក់​បីដូច​ជា​រឿង​នយោ​បាយ​ ជាជាង​រឿង​យុទ្ធ​សាស្ត្រ។ ហើយ​សម្រាប់​មូល​ហេតុ​នោះ វា​មិន​ទំនង​ថា អាមេរិក​នឹង​សម្រេច​ផល​ប្រយោជន៍​របស់ខ្លួននៅ​ស៊ីរី ឬ​ក៏នាំ​យក​សង្គ្រាម​ដើម្បី​ឈាន​ដល់ការ​បិត​បញ្ចប់​យ៉ាង​ឆាប់​រហ័សនោះទេ៕

ប្រភព៖ Foreign Affairs ចុះថ្ងៃ១៩ ខែមេសា​ ​ឆ្នាំ២០១៧

No comments:

Post a Comment