Friday, April 21, 2017

នាយករដ្ឋមន្ត្រីវៀតណាម នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមេសា

យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជានៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ បានឲ្យដឹងថា លោក ង្វៀន សួនហ្វ៊ុក (NguyenXuanPhuc) នាយករដ្ឋមន្រ្ដីវៀតណាម នឹងដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ២៤ ដល់ ថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០១៧ តាមការអញ្ជើញរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។

ក្រសួងការបរទេសបានបញ្ជាក់ថា ក្នុងឱកាសដំណើរទស្សនកិច្ចនេះ លោក ង្វៀន សួនហ្វ៊ុក នឹងចូលគ្រាបបង្គំគាល់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នៅព្រះបរមរាជវាំង។ បន្ទាប់ពីនោះ លោកក៏នឹងចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នា ជាមួយលោក សាយ ឈុំ ប្រធានព្រឹទ្ធសភា លោក ហេង សំរិន ប្រធានរដ្ឋសភា ហើយនឹងជួបពិភាក្សាទ្វេភាគីជាមួយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ។
នាយករដ្ឋមន្រ្តីវៀតណាម នឹងចូលថ្វាយបង្គំសម្តេចអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃគណៈមហានិកាយកម្ពុជា។ ព្រមទាំង អញ្ជើញធ្វើជាសហអធិបតីក្នុងពិធីសម្ពោធស្ពានតភ្ជាប់ជ្រៃធំ (ខេត្តកណ្ដាល) និងឡុងប៊ិញ (ខេត្តអានយ៉ាង) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០១៧ផងដែរ។
ក្រសួងការប្រទេស បានបញ្ជាក់បន្ថែមថា ដំណើរទស្សនកិច្ចផ្លូវការរបស់ លោក ង្វៀន សួនហ្វ៊ុក នៅកម្ពុជា នឹងគូសបញ្ជាក់ពីការប្រារព្ធឆ្នាំមិត្តភាព ២០១៧ និងខួបអនុស្សាវរីយ៍លើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងវៀតណាម ព្រមទាំងរួមចំណែកដល់ការលើកកំពស់ និងពង្រឹងបន្ថែមទៀត នូវចំណងមិត្តភាព ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ៕



No comments:

Post a Comment